Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ផ្ទះលួចពេជ្រ ១ម៉ឺនដុល្លារ ជាប់ខ្នោះ២

គាស់ផ្ទះលួចពេជ្រ ១ម៉ឺនដុល្លារ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចគាស់ផ្ទះមួយកន្លែង ប្រមូលយកបានគ្រឿងអលង្ការពេជ្រ ដែលមានតម្លៃសរុប ១៤៩០០ដុល្លារ រួចក៏នាំគ្នារត់គេចបាត់ដោយសវុត្ថិភាព លុះក្រោយពីលក់បានលុយ ដើរស៊ីចាយអស់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីគាស់ផ្ទះលួចគ្រឿងអលង្ការពេជ្រនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៨នាទីព្រឹក ថ្ងៃទី០៣ មីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលលេខ 1522B ផ្លូវលេខ 1972 ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រហូតមកដល់ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ពោលគឺ ២០ថ្ងៃក្រោយមក ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដល់ក្នុងបន្ទប់ជួលលេខ៩៨ ផ្លូវបេតុង ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះចាន់ ដា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះអេង ពិសី ហៅវែង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅបន្ទប់ជួលលេខ៩៨ ផ្លូវបេតុង ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះង៉ែត ស៊ីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាងសាឡន ស្នាក់នៅផ្ទះជួលលេខ 1522B ផ្លូវលេខ 1972 ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគាស់គាស់ទម្លុះទម្លាយយកគ្រឿងអលង្ការ អស់ជាង១ម៉ឺនដុល្លារ នៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងព្យាយាមគេច ខ្លួនបានប្រមាណ២០ថ្ងៃ។

ប្រភពដដែល បន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសដោយគាស់ទម្លុះទម្លាយយកគ្រឿងអលង្ការ នៅត្រង់ចំណុចផ្ទះជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់។

ប្រភពខាងលើ បញ្ជាក់ថា កាលពីវេលាម៉ោង ១១និង១៨នាទីព្រឹក ថ្ងៃទី០៣ មីនា ឆ្នាំ២០២៤ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូ ១គ្រឿង មកធ្វើសកម្មភាពគាស់ទម្លុះទម្លាយទ្វាររបង និងឆ្កឹះសោផ្ទះជួលលេខ 1522B ផ្លូវលេខ 1972 ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានម្ចាស់ឈ្មោះង៉ែត ស៊ីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាជាងសាឡន។ នៅក្នុងសកម្មភាពនោះ ជនសង្ស័យបានប្រមូលយកគ្រឿងអលង្ការ រួមមាន ខ្សែដៃពេជ្រ ១ខ្សែ មានតម្លៃ៣៥០០ដុល្លារ ខ្សែកពេជ្រ ១ខ្សែ តម្លៃ ១១០០០ដុល្លារ និងចិញ្ចៀនប្លាទីន ១វង់ តម្លៃ ៤០០ដុល្លារ។ សរុបទាំងអស់ចំនួន ១៤៩០០ដុល្លារ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ហើយនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ក៏បានរកឃើញសកម្មភាពជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដា ប៊ីត ១គ្រឿង។ រហូតមកដល់ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលបានដំណឹងថា ជនសង្ស័យ២នាក់ កំពុងតែសម្ងំលាក់ខ្លួននៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងស្រុកកៀនស្វាយ ក៏បានទៅសហការឃាត់ខ្លួនបានជនសង្ស័យដល់បន្ទប់ជួលតែម្តង ដោយដកហូតបានស្លាកលេខម៉ូតូ ចំនួន២បន្ទះ (១-ភ្នំពេញ 1JE-4005 និង២-ភ្នំពេញ1K-O6252)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វាររបងនិងទ្វារបន្ទប់ឡៅតឿ សោទូរឈើ លួចយកគ្រឿងអលង្ការរបស់ជនរងគ្រោះប្រាកដមែន។ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES