Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញមិនឲ្យលុយ លើកស្រាបៀរដាក់ឡាន បើករត់ ជាប់ខ្នោះ២

ទិញមិនឲ្យលុយ លើកស្រាបៀរដាក់ឡាន បើករត់ ជាប់ខ្នោះ២

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពបើករថយន្តទៅទិញស្រាបៀរ ពីតូបចាប់ហួយ តាមភូមិ រួចលើកដាក់រថយន្ត មុនគិតលុយ លុះម្ចាស់ភ្លេចខ្លួន បើករថយន្តរត់គេច ដោយធ្លាប់ធ្វើសកម្ម ភាពបែបនេះបានម្តងរួចមកហើយ លុះលើកទី២ ត្រូវកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ ក្របួចជាប់។

ករណីលួចស្រាបៀរនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែមីនា និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័ណ។ រហូតមកដល់វេលាម៉ោង ៥និង៥៥នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ទើបកម្លាំងអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យបាន។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងទី២-ឈ្មោះហ៊ិន លីណា ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ចំណែកវត្ថុតាងចាប់យក រួមមាន រថយន្តម៉ាកហាយឡែនដឺរ ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9342 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ស្រាបៀរ ចំនួន៤កេស (ប្រគល់ឱ្យជនរងគ្រោះវិញ)។ ទូរស័ព្ទម៉ាក TECNOSPARK ចំនួន១គ្រឿង និងម្សៅក្រាម ពណ៌សថ្លា ចំនួន១កូនថង់។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន ២នាក់ ទី១-ឈ្មោះវិត សីហា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងទី២-ឈ្មោះខន សុរដ្ឋណែត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះបាន បញ្ជាក់ថា នៅវេលាម៉ោង ២និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានជនសង្ស័យ ចំនួន២នាក់បានប្រើល្បិចចូលទៅកម្មង់ទិញស្រាបៀរ ពីជនរងគ្រោះ ជាច្រើនកេស ហើយជនរងគ្រោះលើកស្រាបៀរដាក់លើរថយន្តរួច ស្រាប់តែជនសង្ស័យបើករថយន្តគេចខ្លួនតែម្តង។

លោកវរសេនីយត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកស្រាបៀរ ដោយមិនបានឱ្យប្រាក់ប្រាកដមែន ហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រើល្បិចទិញស្រាបៀរ អ្នកភូមិ ចំនួន០៨កេស ហើយបានបើករថយន្តគេចខ្លួនម្តងដែរ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ កម្លាំងជំនាញធ្វើតេស្តរកសារធាតុញៀន ឃើញថាវិជ្ជមានផងដែរ។

ផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ផងដែរ។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES