Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានឆ្លងផ្លូវដែក រថភ្លើងបុក តៃកុងស្រីភ័យតក់ស្លុត សន្លប់ស្តូក

បើកឡានឆ្លងផ្លូវដែក រថភ្លើងបុក តៃកុងស្រីភ័យតក់ស្លុត សន្លប់ស្តូក

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ បានបើកបររថយន្តទំនើប ១គ្រឿង ឆ្លងកាត់ផ្លូវដែក គាប់ជួនមានរថភ្លើង ១ខ្សែ បើកមកដល់ ក៏ជ្រុលបុកពេញទំហឹង និងរុញរថយន្តខាងលើ បណ្តាលឱ្យធ្លាក់ផ្លូវ ធ្វើឱ្យស្ត្រីជាអ្នកបើកបរ និងស្ត្រីម្នាក់ទៀតដែលរួមដំណើរជាមួយ ភ័យលស់ព្រលឹង សន្លប់នៅក្នុងរថយន្ត និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ស្ត្រីទាំង២នាក់ដែលភ័យរហូតដល់សន្លប់ ទី១-ឈ្មោះព្រំ ចន្តា អាយុ៥៨ឆ្នាំ និងទី២-ឈ្មោះធូ សុជាតិ អាយុ៦៥ឆ្នាំ។ ស្ត្រីទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Lexus  GS-300 ពណ៌ខ្មៅ បានបើកបរចេញពីផ្លូវជាតិលេខ៥ បំបែកទៅខាងត្បូង រួចក៏បើកឆ្លងផ្លូវដែក។ ចំណែករថភ្លើងបើកក្នុងទិសដៅពីលិច មកកើត រួចបានជ្រុលបុកចំចំហៀងខាងស្តាំ រថយន្ត បណ្តាលឱ្យរថយន្តធ្លាក់ខាងជើងផ្លូវដែក ធ្វើឱ្យស្ត្រី ២នាក់ ដែលម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាអ្នករួមដំណើរ ភ័យខ្លាំងពេក រហូតដល់សន្លប់ទាំង២នាក់នៅក្នុងរថយន្តតែម្តង ហើយភ្លាមៗនោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ខាងលើ គឺដោយសាររថយន្តបើកឆ្លងផ្លូវដែក ដោយមិនបានមើលឆ្វេងស្តាំ ទើបរថភ្លើងបុក។ យ៉ាងណាចាត់ទុកជា សំណាងដែលគ្មានអ្នករងរបួស គ្រាន់តែធ្វើឱ្យស្ត្រី២នាក់ដែលជិះក្នុងរថយន្តភ័យតក់ស្លុតខ្លាំងពេក រហូតដល់សន្លប់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងអនុញ្ញាតឱ្យម្ចាស់រថយន្ត រករថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ 

RELATED ARTICLES