ខេត្តក្រចេះ ៖ ស្ត្រីវ័យក្មេង មានផ្ទៃពោះគ្រប់ខែម្នាក់ បានធ្វើដំណើរតាមទូកដ ចម្លងពីផ្ទះ ឆ្ពោះទៅកាន់មន្ទីពេទ្យបង្អែកស្រុកសំបូរ ដើម្បីសម្រាលកូន ស្រាប់តែឈឺពោះសម្រាលកូននៅលើទូក កណ្តាលទន្លេ លុះទូកឆ្លងមកដល់មាត់ច្រាំង ត្រូវបានគ្រូពេទ្យឆ្មប ចាំជួយសង្គ្រោះ ដោយសុវត្ថិភាពទាំងម្តាយនិងកូន រួចប្រញាប់បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ករណីស្ត្រីសម្រាលកូនកណ្តាលទន្លេនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ។

ស្ត្រីដែលសម្រាលកូនលើទូកកណ្តាលទន្លេ មានឈ្មោះសូត្រ បូផា អាយុ២០ឆ្នាំ មានលំនៅ ភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ ។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីខាងលើដែលមានផ្ទៃពោះគ្រប់ខែទៅហើយនោះ បានកើតមានអាការឈឺចុកសៀតពោះ ជិតសម្រាល ទើបត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនតាមទូក ចេញពីផ្ទះ សំដៅកាន់មន្ទីរពេទ្យបង្អែកស្រុកសមម្បូណ៌។ ប៉ុន្តែដោយសារចម្ងាយផ្លូវឆ្ងាយ ទើបពេលធ្វើដំណើរបានពាក់កណ្តាលផ្លវូ ស្ត្រីខាងលើ បានឈឺពោះសម្រាលនៅលើទូក កណ្តាលផ្ទៃទន្លេតែម្តង ទើបក្រុមគ្រួសារទាក់ទងសុំអន្តរាគមន៍ពីអាជ្ញាធរ និងក្រុមគ្រូពេទ្យភ្លាមៗ។

ប្រភពខាងលើ បញ្ជាក់ថា លុះពេលទូកមកដល់កំពង់ចម្លងមាត់ទន្លេ ក៏មានក្រុមគ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រី របស់មន្ទីរពេទ្យបង្អែកសម្បូណ៌ បានមករង់ចាំជាស្រេច ជួយសង្គ្រោះស្ត្រីខាងលើ និងកូនប្រុស ប្រកបដោយសុវត្ថិភាព។

ក្រោយកើតហេតុ ស្ត្រីជាម្តាយខាងលើ និងទារកទើបសម្រាល ត្រូវបានដឹកបញ្ជូន ទៅកាន់ មន្ទីរពេទ្យ ដើម្បីថែទាំសុខភាពបន្ត៕