Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលាក់ថ្នាំញៀនក្នុងជើងគោ ផ្ញើអ្នកទោសក្នុងគុក ជាប់ខ្នោះ

លាក់ថ្នាំញៀនក្នុងជើងគោ ផ្ញើអ្នកទោសក្នុងគុក ជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ បានស្នើសុំចូលទៅសួរសុខទុក្ខទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន ដោយនាំយកនំក្រូច និងជើងគោ ១គូ បម្រុងផ្ញើឱ្យអ្នកទោស លុះមន្ត្រីអនុរក្សពន្ធនាគារឆែកឆេរពិនិត្យ ស្រាប់តែប្រទះឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន១កញ្ចប់ ដែលលាក់ក្នុងជើងគោ បម្រុងនាំចូលទៅក្នុងពន្ធនាគារខេត្តប៉ៃលិន ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចបរិវេណពន្ធនាគារខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃិន ង៉ោល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

តាមប្រភពពីមន្ត្រីអនុរក្សពន្ធនាគារ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះឃិន ង៉ោល បានចូលមកស្នើសុំជួបសួរសុខទុក្ខទណ្ឌិតម្នាក់ ឈ្មោះឃិន ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន ដោយមានកាន់ថង់ ចំនួន២ មក ជាមួយផង ដោយក្នុងថង់ទី១ មានដាក់នំក្រូច ៣-៤នំ ចំណែកថង់ទី២ មានជើងគោ (ឆៅ) ចំនួន១គូ បំណងយកមកផ្ញើឱ្យទណ្ឌិតឈ្មោះឃិន ម៉ៅ។

ប្រភពដដែល បន្តថា បន្ទាប់មក មន្ត្រីអនុរក្សពន្ធនាគារ បានសុំឆែកឆេរត្រួតពិនិត្យទៅលើថង់ទាំង២នោះ ស្រាប់ តែប្រទះឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន១កញ្ចប់ ដែលត្រូវបានជនសង្ស័យឈ្មោះឃិន ង៉ោល ញាត់លាក់ក្នុងជើងគោ និងថង់ទទេ ចំនួន២ទៀត ដែលជនសង្ស័យបានលាក់នៅក្នុងនំក្រូច បម្រុងនាំចូលទៅក្នុងពន្ធនាគារខេត្តប៉ៃលិន ទើបសម្រេចឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍តែម្តង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានជនសង្ស័យបម្រុងនាំថ្នាំញៀន ចូលពន្ធនាគារ ឱ្យអ្នកទោស ដោយបានទទួលបទបញ្ជាពីលោកសេង សុគន្ធ ស្នងការ និងមានការណែនាំពីលោកសោម ប៉ិម ស្នងការរងទទួលផែន លោកសេង ចិន្តា បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន ចុះទៅដល់ពន្ធនាគារខេត្តប៉ៃលិន ដែលស្ថិតនៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចុះសហការជាមួយកម្លាំងមន្ត្រីអនុក្សពន្ធនាគារ ដើម្បីពិនិត្យវត្ថុតាង (ម៉ាទឹកកក ICE) ដែលមន្ត្រីអនុរក្សពន្ធនាគារ បានធ្វើការដកហូតពីជនសង្ស័យម្នាក់ ឈ្មោះឃិន ង៉ោល ភេទប្រុស ដែលមកសួរសុខ ទុក្ខនិងផ្ញើអីវ៉ាន់ឱ្យជនជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន តែត្រូវមន្ត្រីអនុរក្សពន្ធនាគារខេត្ត ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ១កញ្ចប់ ដែលលាក់ក្នុងជើងគោ និងនំ បម្រុងនាំចូលទៅក្នុងពន្ធនាគារខេត្តប៉ៃលិន។

ប្រភពដដែល បន្តថា បន្ទាប់មក នៅវេលាម៉ោង ១រសៀល ថ្ងៃដដែល ក្រោយពីកម្លាំងជំនាញបានធ្វើការសាក សួរចម្លើយទៅលើពិរុទ្ធជនឈ្មោះឃិន ម៉ៅ បច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន និងជនសង្ស័យឈ្មោះឃិន ង៉ោល ចប់សព្វគ្រប់រួចហើយ លោកប្រធានពន្ធនាគារ ខេត្តប៉ៃលិន បានប្រគល់ជនសង្ស័យឈ្មោះឃិន ង៉ោល ព្រមទាំងវត្ថុតាងដែលមន្ត្រីអនុរក្សពន្ធនាគារឆែកឆេររកឃើញ ឱ្យកម្លាំងជំនាញ នាំយកទៅចាត់ការតាមច្បាប់។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះឃិន ង៉ោល រួមទាំងវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក ICE) ចំនួន១កញ្ចប់ ទូរស័ព្ទ ចំនួន៣គ្រឿង និងម៉ូតូ ១គ្រឿង (ចាស់) ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្ត។ ចំណែកពិរុទ្ធជនឈ្មោះឃិន ម៉ៅ គឺកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តប៉ៃលិន៕

RELATED ARTICLES