Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ពាយដាវថតអួតគេ ជាប់ខ្នោះ២

 ស្ពាយដាវថតអួតគេ ជាប់ខ្នោះ២

ខេត្តក្រចេះ ៖ក្មេងទំនើង ចំនួន២នាក់ បានធ្វើសកម្មភាពស្ពាយនិងកាន់ដាវ ចំនួន២ដើម ថតបង្ហោះក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងសំណេរថា “យកល្អ រស់នៅរៀងខ្លួនទៅវាល្អជាង ទើបអត់មានអ្នកឈឺសាច់” ទីបំផុតត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវរកមុខឃើញ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឈាន សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ (ជាម្ចាស់គណនីហ្វេសប៊ុក បង្ហោះរូបស្ពាយដាវ) និងទី២-ឈ្មោះថា ភ័ក្ត្រា អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ (ជាម្ចាស់រូបស្ពាយនិងកាន់ដាវ)។

លោកវរសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសម្បូណ៌ បានឱ្យដឹងថា ការចាប់ខ្លួនយុវជនសង្ស័យ២នាក់ខាងលើនេះ ក្រោយពួកគេបានស្ពាយដាវ និងកាន់ដាវ ២ដើម ថតបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយសរសេរថា “យកល្អរស់នៅរៀងខ្លួនទៅវាល្អជាង ទើបអត់មានអ្នកឈឺសាច់”។

លោកអធិការ បន្តថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសម្បូណ៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្តាន់ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះឈាន សីហា រហូតឈានដល់ការឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះឈាន សីហា បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឈ្មោះថា ភ័ក្ត្រា បានជិះម៉ូតូមកផ្ទះខ្លួន បបួលទៅហូបមីហឹរ ជាមួយគ្នា នៅមុខសាលាថ្មនៅភូមិសណ្តាន់។ ពេលកំពុងហូបមី ឈ្មោះថា ភ័ក្ត្រា បានជិះម៉ូតូចេញទៅក្រៅ មួយសន្ទះធំ ក៏ត្រឡប់មកវិញ ឃើញមានកាន់ដាវ ២ដើម មកដាក់ក្រោមតុ។ លុះហូបមីរួច ឈ្មោះថា ភ័ក្ត្រា បានពាក់មួកសុវត្ថិភាព ស្ពាយដាវ កាន់ដាវ បែរខ្នង ហើយឱ្យខ្លួនថត រួចក៏នាំគ្នាជិះម៉ូតូទៅដេកផ្ទះរៀងខ្លួន។

យុវជនរូបនេះ បន្តសារភាពថា លុះមកដល់វេលាម៉ោង ១រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឈ្មោះថា ភ័ក្ត្រា បានឆាតមកខ្លួនថា ឱ្យខ្លួនជួយផុសរូបគេ ដែលបានថតពីម្សិលផង។ ខ្លួនក៏បានផុស ហើយសរសេរដូចខាងលើ ស្រាប់តែថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានហៅមកសាកសួរតែម្តង។

យុវជនទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES