Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកជិះម៉ូតូបញ្ច្រាសផ្លូវ ប៉ូលិសចាប់ ៣០នាក់

អ្នកជិះម៉ូតូបញ្ច្រាសផ្លូវ ប៉ូលិសចាប់ ៣០នាក់

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងប្រជាការពារ បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយបានឃាត់ខ្លួនអ្នកបើកបរយានយន្ត បើកបរបញ្ច្រាសទិស នៅលើកំណាត់ផ្លូវជាតិលេខ១ បានចំនួន៣០នាក់ និងម៉ូតូ ចំនួន២៩គ្រឿង។

តាមប្រភពសមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋាននគបាលក្រុងបាវិត បានឱ្យដឹងថា កន្លងមក អ្នកបើកបរយាយន្តមួយចំនួន ដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត មិនគោរពច្បាប់ចរាចរណ៍ បើកបរយានយន្តបញ្ច្រាសទិស បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ស្ទើររាល់ថ្ងៃ ហើយអ្នកបើកបរបញ្ច្រាសទិស ភាគច្រើនលើកឡើងថា ប្រញាប់ ខ្ជិលបើកវាងផ្លូវ ដោយក្រុងបាវិត បានអភិវឌ្ឍន៍ ធ្វើសួនដាក់បង្គោលភ្លើងលម្អ ផ្លូវនៅពេលយប់ និងចែកផ្លូវទៅមក ចៀសវាងការស្ទះចរាចរណ៍ ក៏ប៉ុន្តែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ នៅតែ បើកបរបញ្ច្រាសទិស ទើបសមត្ថកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ចុះចាប់អ្នកបើកបរល្មើស យកមកអប់រំ បើមិនរាងចាល គឺធ្វើការផាកពិន័យតាមច្បាប់។ ការចុះចាប់អ្នកបើកបរយានយន្តបើកបញ្ច្រាសផ្លូវនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅលើ កំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

ករណីនេះសមត្ថកិច្ចបានឃាត់ម្ចាស់ទោចក្រយានយន្ត ចំនួន៣០នាក់ និងម៉ូតូ ២៩គ្រឿង យកទៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យា និងអប់រំ ថ្ងៃក្រោយមិនត្រូវបើកបរបញ្ច្រាសទិសទៀតទេ ហើយឱ្យពួកគាត់ស្រែកថា ខ្ញុំឈប់បើកម៉ូតូ បញ្ច្រាសទៀតហើយ បើលើកក្រោយបើកបញ្ច្រាសទៀត សូមឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ចុះ។ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំង៣០នាក់ ក៏ទទួលនូវកំហុស ហើយសមត្ថកិច្ចក៏ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

RELATED ARTICLES