Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងពាណិជ្ជកម្ម ប្រកាសថា “កម្ពុជា កម្ចីរហ័ស” កម្ចីអនឡាញអត់ច្បាប់

ក្រសួងពាណិជ្ជកម្ម ប្រកាសថា “កម្ពុជា កម្ចីរហ័ស” កម្ចីអនឡាញអត់ច្បាប់

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបដិសេធទាំងស្រុង នូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញ ឈ្មោះ “កម្ពុជា កម្ចីរហ័ស” បន្ទាប់ពីមានពលរដ្ឋច្រើនបានចាញ់បោកការផ្សព្វផ្សាយតាមហ្វេសប៊ុក របស់ “កម្ពុជា កម្ចីរហ័ស” ថាមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ “កម្ពុជា កម្ចីរហ័ស” ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់សាធារណជន មេត្តាជ្រាបជាព័ត៌មាន ចៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ និងឱ្យម្ចាស់អាជីវកម្មកម្ចីអនឡាញឈ្មោះ “កម្ពុជា កម្ចីរហ័ស” ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់រូបសញ្ញា និងអំណះអំណាង ពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការតាមនីតិវិធីជាធរមាន ចំពោះការផ្សាយបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ថ្មីៗនេះក្រសួងពាណិជ្ជកម្ម បានទទួលពាក្យបណ្តឹងពីសាធារណជន ករណីមានការរបោកប្រាស់ពីអាជីវកម្មកម្ចីអនឡាញ ដែលមានទំព័រហ្វេសប៊ុក ឈ្មោះ “កម្ពុជា កម្ចីរហ័ស” បានធ្វើការផ្សព្វផ្សាយអះអាងថា អាជីវកម្មរបស់ខ្លួន បានធ្វើការចុះបញ្ជីពាណិ ជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហក ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផលប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញ ឈ្មោះ “កម្ពុជា កម្ចីរហ័ស” និងសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា អាជីវកម្មកម្ចីអនឡាញ ឈ្មោះ «កម្ពុជា កម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ចៀសវាងការចាញ់ បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ។

ជាមួយនេះ ម្ចាស់អាជីវកម្មកម្ចីអនឡាញ “កម្ពុជា កម្ចីរហ័ស” ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ រូបសញ្ញា (Logo) និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មនឹងអនុវត្តវិធានការតាមនីតិវិធីជាធរមាន ចំពោះការផ្សព្វផ្សាយបោកប្រាស់ ដែលនាំឱ្យ សាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះផងដែរ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់សាធារណជន សូមជួយសហការផ្តល់ព័ត៌មានមកកាន់ក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធទូរសព្ទរបស់ក្រសួង ដែលមានលេខ ១២៦៦ ប្រសិនបើមានជនខិលខូចប៉ុនប៉ង ឬបានធ្វើការបោកប្រាស់ ដូចករណីខាងលើ ដើម្បីក្រសួងពាណិជ្ជកម្ម ចាត់វិធានការឱ្យបានទាន់ ពេលវេលា…៕

RELATED ARTICLES