Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គោយន្តដាច់ហ្វ្រាំង ធ្លាក់ពីលើភ្នំក្រឡាប់ របួស៧នាក់

 គោយន្តដាច់ហ្វ្រាំង ធ្លាក់ពីលើភ្នំក្រឡាប់ របួស៧នាក់

ខេត្តឧត្តរមានជ័យ ៖ គោយន្តកន្ត្រៃ ១គ្រឿង បានបើកចុះពីលើភ្នំដងរែក ដោយដឹកមនុស្សពេញ លុះពេលមកដល់ចំណោតភ្នំខ្ពស់ ហើយផ្លូវកោងខ្លាំងផង អ្នកបើកគោយន្តព្យាយាមចាប់ហ្វ្រាំងអប ស្រាប់តែដាច់ហ្វ្រាំង ធ្វើឱ្យក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យអ្នករួមដំណើរលើគោយន្ត សរុប៧នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់គោយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទី រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើភ្នំដងរែក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦៧ ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

ជនរងគ្រោះទាំង៧នាក់ ដែលរងរបួស រួមមាន ទី១-ឈ្មោះតៃ ឡា ភេទប្រុស អាយុ៣១ឆ្នាំ អ្នកបើកគោយន្ត (របួសស្រាល)។ ទី២-ឈ្មោះ លន រាក់ ភេទប្រុស អាយុ២៧ឆ្នាំ (របួសស្រាល)។ ទី៣-ឈ្មោះម៉ុង សារិន ភេទស្រី អាយុ២៨ឆ្នាំ (របួសស្រាល)។ ទី៤-ឈ្មោះរាក់ រ៉ូ ភេទប្រុស អាយុ២ឆ្នាំ (របួសស្រាល)។ ទី៥-ឈ្មោះវុន ភេទស្រី អាយុ៥៨ឆ្នាំ (របួសធ្ងន់)។ ទី៦-ឈ្មោះវុធ ភេទស្រី អាយុ៥៥ឆ្នាំ (របួសស្រាល) និងទី៧-ឈ្មោះគោក ដេស ភេទប្រុស អាយុ១៧ឆ្នាំ (របួសស្រាល)។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញគោយន្តកន្ត្រៃ ១គ្រឿងខាងលើ បើកចុះពីលើភ្នំដងរែក មានអ្នកជិះប្រមាណជិត១០នាក់ លុះបើកមកដល់ចំណុចផ្លូវកោងខ្ពស់ ឆ្ពោះទៅភ្នំពីររយ ក៏ស្រាប់តែគោយន្តបានរេចង្កូតធ្លាក់ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យមនុស្សប្រុសស្រីរងរបួសធ្ងន់-ស្រាល ចំនួន៧នាក់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ លុះពេលសាកសួរទៅអ្នកបើកបរ ទើបដឹងថា គោយន្តដាច់ហ្វ្រាំង។

លោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខាងលើ បានកើតឡើងនៅផ្លូវលេខ៦៧ បង្គោលគីឡូម៉ែត្រលេខ១១៣-១៣៤ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បង្កឡើងដោយគោយន្តកន្ត្រៃដឹកមនុស្ស ចំនួន៧នាក់ (ស្រី៣នាក់) បើកចុះពីលើភ្នំដងរែក រួចបានដាច់ហ្វ្រាំងក្រឡាប់តែម្តង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាល អាវុធហត្ថ និងយោធា ចុះមកដល់ទីតាំងកើតហេតុ ជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ភ្លាមៗ៕

RELATED ARTICLES