ក្រុមហ៊ុន​អាកាស​ចរណ៍​ចិន​ថ្មីមួយ​ទៀត នឹង​ហោះ​ហើរ​មក​កម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីមួយទៀត នឹងធ្វើការហោះហើរត្រង់ពីទីក្រុងហៃកៅ ខេត្តហៃណាន ប្រទេសចិន មកកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាបនៅពេលខាងមុខនេះ។

ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែនកាលពីម្សិលម៉ិញ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហការឲ្យកាន់តែប្រសើរថែមទៀត លោកLuo Baoming លេខាបក្សខេត្តហៃណានបានជំរាបប្រាប់សម្តេចតេជោថា នៅក្នុងខែកក្កដានេះ នឹងមានការហោះហើរត្រង់ពីពីទីក្រុងហៃកៅ ខេត្តហៃណានមកកាន់កម្ពុជា ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះក្រុមហ៊ុនអាកាសចរណ៍ចិន ដែលគ្រោងនឹងហោះត្រង់មកកម្ពុជានោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ពិសេសខេត្តហៃណាន ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា និងការចុះអនុស្សរណៈយោគយល់គ្នាក្នុងការជួយខេត្តកំពង់ចាម។

ក្រសួងទេសចរណ៍កម្ពុជាបាននិងកំពុងដាក់ចេញនូវយុទ្ឋសាស្រ្តទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យបាន២លាននាក់នៅឆ្នាំ២០២០ និង១លាននាក់នៅដំណាច់ឆ្នាំនេះ តាមរយៈការចេញផ្សាយសៀវភៅសជាភាសាចិន ដែលមានឈ្មោះជាភាសាអង់គ្លេសថា “Chines Ready”។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមរយៈពេល៥ខែដើមឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចិនជាង៣២ម៉ឺននាក់ ដោយជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមភ្ញៀវមកទស្សនាកម្ពុជាច្រើនជាងគេ។

លោកធួន ស៊ីណានប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាធ្លាប់បានថ្លែងថា ការតភ្ជាប់ជើងហោះហើរត្រង់ពីបរទេសមកកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា ព្រោះវាជាផ្នែកតភ្ជាប់យ៉ាងសំខាន់របស់កម្ពុជាទៅកាន់ពិភពលោក។ ការតភ្ជាប់ជើងហោះហើរបែបនេះ ជាអ្វីដែលយើងចង់បាន និងទាមទារពង្រីកបណ្តាញហោះហើរកាន់តែច្រើនបន្ថែមទៀត ដើម្បី ធ្វើឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើន។

លោកបន្តថា “មិនថាជើងហោះហើរមកពីណាទេ គឺយើងស្វាគមន៍ទាំងអស់ ហើយពេលមានការហោះហើរមកកម្ពុជាកាន់តែច្រើន គឺកាន់តែល្អសម្រាប់ប្រទេសរបស់យើង”។

គង់ លាងហួរ