Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជិះកង់បី ឱ្យលុយសែន ឈ្លោះគ្នាផ្អើល

 ជិះកង់បី ឱ្យលុយសែន ឈ្លោះគ្នាផ្អើល

ភ្នំពេញ ៖ បុរសម្នាក់ បានហៅម៉ូតូកង់បី ជិះចេញពីម្តុំសាលាសាមគ្គី មកផ្សារហេងលី ក្នុងតម្លៃ៥ពាន់រៀល លុះ ពេលមកដល់គោលដៅ បែរជាឱ្យលុយក្រដាសសែន និងថែមទាំងទាមទាររកអាប់លុយទៀត ជាហេតុធ្វើឱ្យម្ចាស់ម៉ូតូកង់បី ខឹងសម្បា កើតជាជម្លោះបែកផ្សែងទាំងយប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមសម្តីបុរសជាអ្នករត់ម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់ត្រូវបានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ហៅម៉ូតូកង់បីគាត់ជិះ ចេញពីមុខសាលាសាមគ្គី តាមផ្លូវ២៧១ ក្នុងគោលបំណងទៅផ្សារហេងលី ក្នុងតម្លៃ៥ពាន់រៀល។ លុះពេលគាត់ដឹកទៅដល់គោលដៅហើយ បែរជាបុរសជាភ្ញៀវខាងលើ ហុចលុយឱ្យគាត់ ក្រដាស១០ដុល្លារ (លុយសែន)  និងថែមទាំងទារឱ្យគាត់អាប់លុយ ចំនួន៣ម៉ឺន ៥ពាន់រៀល ឱ្យទៀត។ នៅពេលនោះ គាត់ស្គាល់ថាជាលុយក្រដាសសែន ក៏បានសួរទៅបុរសជាភ្ញៀវនោះ បែរជាដោះសាថា លុយគ្នាគាត់ឱ្យ ពិតជាហួសចិត្តខ្លាំងណាស់។

បុរសជាអ្នករត់ម៉ូតូកង់៣ បានបញ្ជាក់ថា កន្លងមក គាត់តែងឮពាក្យគេនិយាយ រឿងយកលុយក្រដាសសែន មកជិះម៉ូតូកង់បី និងម៉ូតូឌុប ជាច្រើនដងមកហើយ ឥឡូវស្រាប់តែគាត់ជួបផ្ទាល់។

បន្ទាប់ពីជួបរឿងបែបនេះ បានធ្វើឱ្យបុរសជាអ្នករត់ម៉ូតូកង់បី ខឹងសម្បាយ៉ាងខ្លាំង។ ចំណែកបុរសជាភ្ញៀវនៅ ក្នុងខ្លួនមិនមានលុយសូម្បីមួយរៀល។

ក្រោយកើតហេតុ បុរសជាភ្ញៀវ ដឹងខ្លួនខុស ក៏បានសុំទោសបុរសជាអ្នករត់ម៉ូតូកង់បី ដោយសន្យាថា ក្រោយៗគាត់ឈប់ធ្វើបែបនេះទៀតហើយ៕

RELATED ARTICLES