Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចរាចរណ៍បំភ្លឺ ករណីភ្លើងស្តុបបៃតង ឃាត់ឡាន

ប៉ូលិសចរាចរណ៍បំភ្លឺ ករណីភ្លើងស្តុបបៃតង ឃាត់ឡាន

ភ្នំពេញ ៖ ក្រោយមានការបង្ហោះចែកចាយលើបណ្តាញសង្គម ជុំវិញករណីស្ត្រីម្នាក់បើករថយន្តឆ្លងស្តុបពណ៌បៃតង បែរជាត្រូវប៉ូលិសចរាចរណ៍ ឃាត់ឱ្យឈប់ សួរនាំរួចមក ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ មួយដោយបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យឃាត់រថយន្តខាងលើ គឺមិនមែនដោយសាររឿងបើកបរបំពានភ្លើងស្តុបនោះទេ តែដោយសាររថយន្តខាងលើ ឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ពេលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះ Kimsour Eung បានបង្ហោះឃ្លីបវីដេអូមួយ ដែលថតដោយកាមេរ៉ាសុវត្ថិភាពជាប់រថយន្តរបស់ខ្លួន បង្ហាញពីសកម្មភាពសមត្ថកិច្ចចរាចរណ៍ឃាត់រថយន្តរបស់ខ្លួន ដើម្បីសួរនាំ ដោយភ្ជាប់ ជាមួយនឹងសំណេររៀបរាប់ថា “ព្រឹកថ្ងៃទី ២៥/០៣/២៤ ស្តុប សិនជូរី ពូកើតអីក្នុងខ្លួន? កាមេរ៉ាគ្នាពូ លេនខូចពណ៌ ឬខ្វាក់ពណ៌? ចេះមើលក្រហម ឬបៃតងទេ? បើប្រ ពន្ធខ្ញុំមិនទម្ងន់យ៉ាងម៉េច ប្រុងហៅចុះពីឡាន មកសួរនាំ វែកញែករកត្រូវខ្លួនឯងមែន? (មានអ្នកស្រែកបោះដៃមក តាមវិទ្យុ ម៉េចបានឱ្យឡានហ្នឹងទៅ) បើខ្លាំងមែន បាញ់កាមេរ៉ាមក ចាំមើលណាខុស ណាត្រូវ? ល្មមហើយអាកាមេរ៉ាទូរស័ព្ទគ្នាពូឯង កុំពូកែដូរពណ៌ខុសស្តុបពេក សូមមេត្តាធ្វើឱ្យត្រឹមត្រូវផងពូប៉ូលិស។ អាណិតតែបងឯកឧត្តមថ្នាក់លើ ខំស្រែកឱ្យកូនចៅបម្រើរាស្ត្រឱ្យល្អ តែកូនចៅ ចេះតែធ្វើខុសគោលការណ៍រហូត។ បញ្ជាក់ ៖  ថ្ងៃខែក្នុងកាមេរ៉ាឡានដើរខុស…”។

បន្ទាប់ពីមានការចែករំលែកពីករណីខាងលើនេះពេញបណ្តាញសង្គមរួចមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានចេញសេចក្តីបំភ្លឺ បញ្ជាក់ថា «សូមបំភ្លឺជូនសាធារណជន ចំពោះគណនីឈ្មោះ Kimsour Eung បានបង្ហោះព័ត៌មានក្នុងបណ្តាញសង្គម ខ្លឹមសារគាត់ធ្វើដំណើរទៅមុខ នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ហេតុអ្វីមន្ត្រីនគរបាលចរាចរណ៍ ហៅឃាត់រថយន្ត សួរនាំ?

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវ២០១១ ខាងជើងស្តុប ២០០៤ នៅខណ្ឌពោធិ៍សែនជ័យ ខណៈនោះមានរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ពេលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង។

លុះបន្ទាប់ពីភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតងលោតឡើង រថយន្តនោះបានធ្វើដំណើរទៅមុខ ខណៈនោះមន្ត្រីនគរបាលប្រចាំគោលដៅខាងលើ ហៅឃាត់រថយន្ត ឱ្យឈប់ចូលអែបកៀន ដើម្បីធ្វើការសួរនាំ។ បន្ទាប់មកឃើញស្ត្រីនោះមានផ្ទៃពោះ ចុះពីក្នុងរថយន្ត សមត្ថកិច្ចក៏បាន អប់រំណែនាំចំពោះការឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ហើយក៏អនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខ ដោយមិនមានការផាកពិន័យនោះទេ។

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន…»៕

RELATED ARTICLES