Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម មិនទាន់ចូលឆ្នាំ សិស្សគេចសាលា លេងបាញ់ទឹក ប៉ូលិសចាប់១៣៦នាក់

 មិនទាន់ចូលឆ្នាំ សិស្សគេចសាលា លេងបាញ់ទឹក ប៉ូលិសចាប់១៣៦នាក់

ភ្នំពេញ  ៖ ក្រុមយុវជនជាសិស្សសាលា និងក្មេងទំនើង សរុប១៣៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ ខ្លួន ២ករណី នៅ២ទីតាំងផ្សេងគ្នា បន្ទាប់ពីពួកគេបាននាំគ្នាគេចសាលា មិនចូលរៀន លេងបាញ់ទឹក គប់ទឹក និងប៉ាតម្សៅ យ៉ាងអនាធិបតេយ្យ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

-ករណីទី១ ៖ នគរបាលខណ្ឌទួលគោក បានចុះឃាត់ខ្លួនក្រុមយុវជនជាសិស្សសាលា ប្រមាណជាង១០០នាក់ ដែលប្រដាប់ដោយកាំភ្លើងបាញ់ទឹក និងកំប៉ុងម្សៅ កំពុងប្រមូលផ្តុំគ្នាតាមដងផ្លូវ និងស្ថានីយប្រេងតូតាល់ ក្បែរវិទ្យាល័យជា ស៊ីម សាមគ្គី លេងបាញ់ទឹក និងប៉ាតម្សៅ តាមដងផ្លូវ មុននឹងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ ដែលបង្កភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានខណ្ឌទួលគោក ។ប្រតិបត្តិការខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្ថានីយប្រេងតូតាល់ ក្បែរវិទ្យាល័យ ជាស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៦ មីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រមូល ក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹក នៅចំណុចស្ថានីយប្រេងតូតាល់ ក្បែរវិទ្យាល័យជា ស៊ីម សាមគ្គី នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។សមត្ថកិច្ចបានបញ្ជាក់ថា សិស្សគេចសាលា ដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹក ជិះម៉ូតូប្រដេញគប់ទឹកដាក់គ្នា តាមដងផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សរុបចំនួន១១៣ ក្នុងនោះប្រុស ៨៩នាក់ ស្រី២៤នាក់ មកពី ១៦វិទ្យាល័យ និងដកហូតម៉ូតូ ចំនួន៥១គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក ៤ដើម។

បន្ទាប់ពីត្រូវបានឃាត់ខ្លួន ក្រុមយុវជនទាំងអស់នោះ ត្រូវបាននគរបាលនាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីអប់រំណែនាំឲ្យបញ្ឈប់ការគេចសាលា លេងបាញ់ទឹក ជិះម៉ូតូប្រដេញគប់ទឹកដាក់គ្នាអនាធិបតេយ្យបែបនេះទៀត មុននឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។

ករណីទី២ ៖ ម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចម្ការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានចុះប្រមូលក្មេងស្ទាវ ១ក្រុមធំ ដែលជិះម៉ូតូដេញគ្នា លេងគប់និងបាញ់ទឹក យ៉ាងអនាធិបតេយ្យ ក្នុងបរិវេណកោះពេជ្រ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចម្ការមន និងកម្លាំងអធិ ការដ្ឋាននគរបាលខណ្ឌចម្ការមន បានប្រមូលក្រុមក្មេងស្ទាវ មួយក្រុម ដែលជិះម៉ូតូដេញបាញ់ទឹក និងបង្កភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានខណ្ឌចម្ការមន។

ប្រភពដដែល បន្តថា ក្រុមក្មេងស្ទាវលេងគប់និងបាញ់ទឹក ដែលត្រូវបានឃាត់ខ្លួន សរុបចំនួន២៣ (ប្រុសទាំងអស់) ម៉ូតូ ចំនួន១២គ្រឿង និងកាំភ្លើងជ័រ សម្រាប់បាញ់ទឹក ១ដើម និងថង់ទឹក មួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា យុវជនទាំងអស់នេះ បានធ្វើសកម្មភាពបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ក្នុងបរិវេណកោះពេជ្រ ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហ៊ោកញ្ជ្រៀវ បាញ់ទឹកដាក់គ្នា គប់ទឹក ជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអនាធិបតេយ្យ ដូចនេះទើប សមត្ថកិច្ចធ្វើការ មកអប់រំណែនាំឲ្យបញ្ឈប់ការលេងគប់ទឹក បាញ់ទឹក ប៉ាតម្សៅ បែបអនាធិបតេយ្យ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃនេះទៀត មុននឹងអនុញ្ញាតឲ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត៕

RELATED ARTICLES