Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញសណ្តែកបណ្តុះគីមី ឈាមជ្រូក ផលិតពីឈាមគោ

រកឃើញសណ្តែកបណ្តុះគីមី ឈាមជ្រូក ផលិតពីឈាមគោ

ភ្នំពេញ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះ ចំនួន២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយក្នុងនោះមន្ត្រីជំនាញបានរកឃើញ ផលិតផលឈាមជ្រូក ធ្វើអំពីឈាមគោ ប្រមាណជាង៥០គីឡូក្រាម ព្រមទាំងសណ្តែកបណ្តុះ មានដាក់បន្ថែមសារធាតុគីមី ប្រមាណជាង២០គីឡូក្រាម។

តាមប្រភពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យណែនាំ និងអប់រំនៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះ ចំនួន២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពដដែល បន្តថា យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា ផលិតផលឈាមជ្រូក ធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំថាប្រភេទនៃផលិតផលឈាម។ សណ្តែកបណ្តុះ មានដាក់បន្ថែមសារធាតុគីមី មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញត្តិនៃច្បាប់។

ដូចនេះ មន្ត្រីជំនាញបានដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារ ធាតុគីមី ចំនួន២២គីឡូក្រាម សរុប ចំនួន៧៣គីឡូក្រាម។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយការត្រួតពិនិត្យនិងការពន្យល់ណែនាំអំពីច្បាប់ ដល់ម្ចាស់ទីតាំង ទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំពីមន្ត្រីជំនាញដែលបានចុះមកត្រួតពិនិត្យ ដោយធ្វើកិច្ចសន្យាកែតម្រូវដូចតទៅ ៖

– បញ្ឈប់ការដាក់លាយសារធាតុបន្ថែម ៩សារធាតុគីមី) លើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត។

– បញ្ឈប់ការផលិតឈាមជ្រូក ធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណាដែលច្បាប់មិនអនុញ្ញាត។

– រៀបចំអនាម័យទុកដាក់សម្ភារវត្ថុធាតុដើម ឱ្យបានល្អ។

– ម្ចាស់ទីតាំងបានស្នើសុំការរៀបចំ រយៈពេល៣ខែ ដើម្បីកែតម្រូវអនាម័យទីតាំង ឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕

RELATED ARTICLES