ភ្នំពេញ៖លោកបណ្ឌិតយង់ ពៅ បានថ្លែងសាររិះគន់ចំៗទៅលើបទចម្រៀងរបស់លោកខេមរៈ សិរីមន្ដ “ឆ្នាំនេះ សប្បាយខ្លាំង “ ដែលតាមរយៈកាយវិការ អត្ថន័យបទចម្រៀង និងការរាំរួមទាំងកាន់កាំភ្លើងជ័របាញ់ទឹកនោះលោកថាមិនអាចទទួលយកបានទេ ។លោកបណ្ឌិតយង់ ពៅ ថ្លែងសារថា”ខ្ញុំសូមប្រកាស ប្រឆាំងដាច់ខាត វីដេអូចម្រៀងបែបនេះ នាំភ្លើតភ្លើនប្រើកាំភ្លើងទឹក …!នាំក្មេងៗប្រើប្រាស់ភ្លូកទឹក ភ្លូកដីមិនចំណេញអី និងសេដ្ឋកិច្ចខ្មែរទេ ថែមទាំងខាតវប្បធ័ម និងសុវត្ថិភាពទៀតផង ។ម្យាងបើមើលទៅលើសម្លៀកបំពាក់ ក៍យ៉ាប់ដែរ ពិចារណាឡើងវិញ “។
ប្រតិកម្មរបស់លោកបណ្ឌិតយង់ ពៅ នេះកើតមានក្រោយពីមានការផុសបទច្រៀងរបស់ខេមរៈ សិរីមន្ដ “ឆ្នាំនេះ សប្បាយខ្លាំង” នៅលើផេកមួយចំនួនដែលបង្ហាញពីការរាំសប្បាយហើយដៃកាន់កំាំភ្លើងជ័របាញ់ទឹកដាក់គ្នា ដែលកាំភ្លើងនោះតាមព័តមានថាអ្នកលក់យកមពីថៃ ទៀតផង។ប៉ុន្ដែខេមរៈ សិរីមន្ដ បានចេញមកបញ្ជាក់ថាបទនេះមិនមែនជាបទប្រពៃណីទេ គឺបទបែបសប្បាយៗចង្វាក់បែបទំនើប តាមសម័យកាលទំនើប ហើយមួយវិញទៀតលោកបានផ្សារភ្ជាប់ជាមួយនិងក្អមខ្មែរ និងកាំភ្លើងជ័ររបស់ក្មេងៗលេង មានប្រភពមកពីអ៊ឺរ៉ុប ដែលមានលក់ពាសពេញពិភពលោក ហើយលោកបានច្នៃដាក់អក្សរអង់គ្លេសថា”I love Cambodia “ និងអក្សរខ្មែរថា “ខ្ញុំស្រលាញ់កម្ពុជា “ នៅលើកាំភ្លើងផងដែរ លោកសង្ឃឹមថាបងប្អូននឹងរីករាយរាំលេង នាពេលចូលឆ្នាំខ្មែរ ខាងមុខនេះ ហើយលោក ក៍មានបទចម្រៀងលក្ខណៈប្រពៃណីជាច្រើនបទទៀតដែលត្រៀមចេញផងដែរ ។
ដោយឡែកអតីតអ្នកកាសែតកម្ពុជាថ្មីលោកកុសល សិរីមង្គល ពេលឃើញបទចម្រៀងរបស់ខេមរៈ សិរីមន្ដ “ឆ្នាំនេះ សប្បាយខ្លាំង “លោកបានបញ្ចេញសារនៅលើហ្វេសបុកថា”ក្នុងផលិតកម្មប្រមូលផ្ដុំសុទ្ធតែឧកញ៉ា ទាំងថៅកែ ទាំងអ្នកនិពន្ធ ទាំងអ្នកចម្រៀង តែMV សម្រាប់ចូលឆ្នាំថ្មី ចេញមកគ្មានបានជួយលើកស្ទួយវប្បធ័ម ប្រពៃណីជាតិអីបន្ដិច “។
ជាមួយគ្នានេះដែរថ្មីៗនេះខេមរៈ សិរីមន្ដ បានប្រាប់អ្នកកាសែតថាលោកមានមោទនភាពដែលដែលខំប្រឹងតស៊ូក្នុងអាជីពចម្រៀងជាង២០ឆ្នាំ បានលះបង់ច្រើនណាស់ដើម្បីប្រទេសជាតិ ដើម្បីឲ្យទីផ្សារបទចម្រៀងខ្មែរឈានចូលទីផ្សារអន្ដរជាតិក្នុងនោះមានដូចជាបទ”Call Me PaPa “ ល្បីដល់អន្ដរជាតិ ឯបទ”អូនរាំ អែន “ច្រៀងជាមួយតារាថៃ ដើម្បីឲ្យប្រជាជនទាំង២ សប្បាយជុំគ្នា ក្នុងឱកាសសង្រ្កាន្ដដូចគ្នា …។
ក្រោយមានការបំភ្លឺបែបនេះហើយអ្នកសារព័តមានបានស្រង់ដំដីខេមរៈ សិរីមន្ដ យកទៅបង្ហោះស្រាប់តែមានការរិះគន់លើតារាGalaxy រូបនេះជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមទៅវិញក្រោយមានការផុសនៅផេកPlus Tv ក្នុងនោះមានដូចជាហ្វេសបុកឈ្មោះSe la បានខមិនថា”គ្មានអារម្មណ៍ មិនចាប់អារម្មណ៍ “,ហ្វេសបុកឈ្មោះសូ ផាត ខមិនថា “បទស្លាប់ មុនម្ចាស់ “,ហ្វេសបុកឈ្មោះBong Ra ខមិនថា”ចេះនិយាយម្នាក់ឯងទៀតបងឧកញ៉ា អ្នកភូមិខ្ញុំអត់មានស្ដាប់ទេ បទអីហ្នុងណ៎“,ហ្វេសបុកឈ្មោះKim Rayou ខមិនថា “២០ឆ្នាំ ខំណាស់ Copy & Past “,ហ្វេសបុកឈ្មោះ”Som Somnarng “ខ្ញុំមិនដែលឃើញតារាចម្រៀងល្បីបរទេសណានិយាយបែបនេះទេ”,ហ្វេសបុកឈ្មោះរសជាតិ ជីវិត បានខិមនថា”មិនដឹងថាលះបង់អ្វីខ្លះទេ ដើម្បីប្រទេសជាតិ បើមិនដែលឃើញចេញមុខឈឺច្អាលអំពីបញ្ហាសង្គមជាតិផង បើលះបង់ដើម្បីខ្លួនឯងអីថាខ្លះ” ,ហ្វេសបុកឈ្មោះSary Soeung ខមិនថា”លះបង់ឲ្យបានក្លាយខ្លួនជាឧកញ៉ា បានត្រូវ មើលសក់ក្បាលឧកញ៉ា”,នៅមានក៍ខមិនជាច្រើនទៀតដែលចូលទៅប្រឆាំងការលើកឡើងរបស់លោកសិរីមន្ដ ទាក់ទងការលើកឡើងពីបទចម្រៀងរបស់តារាGalaxy រូបនេះ …។
មជ្ឈដ្ឋានមហាជនមើលឃើញថាចំណុចដែលលោកខេមរៈ សិរីមន្ដ បានការផ្លាស់ប្ដូរទាំងស្រុងនៅពេលនេះនោះគឺលោកបានលេងម៉ូដសក់ក្រញ៉ាញ់ សំពោង តែម៉ូដនេះគេនៅមិនទាន់ឃើញ Fan លោកប៊ុនថៃ កាត់តាមព្រោងព្រាតដូចមុនៗទេ និងខ្លះនៅតែមិនយល់ថាម៉ូដសក់មួយនេះលោកច្នៃដោយខ្លួនឯង ឬយកតាមតារារូបណា ។
អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បាននិយាយខ្លីទាក់ទងរឿងការតែងខ្លួនរបស់ខេមរៈ សិរីមន្ដ រយៈពេលចុងក្រោយនេះថាលោកក៍មើលមិនយល់ឡើយ ចំពោះការស្លៀកពាក់និងម៉ូដសក់ថ្មីរបស់សិរីមន្ដ នៅពេលនេះ។ដោយឡែកលោកឃុន ចាន់ឌី អតីតអ្នកដឹកនាំសម្ដែងសាន់ដេបានចេញវីដេអូកាលពីពេលថ្មីៗនេះថាតាំងពីខេមរៈសិរីមន្ដ ចេញពីសាន់ដេលោកស្ដាប់បទចម្រៀងតារារូបនេះមិនចូលទេគឺមានតែបទ”ស្ទឹងត្រែងបងអើយ “នៅហង្សមាសគ្រាន់បើបន្ដិច ហើយលោកថែមទាំងបានដាស់តឿនលោកប៊ុនថៃ ថា”ដើរជាមួយបណ្ឌិតគឺបណ្ឌិត ដើរជាមួយមនុស្សពាល គឺពាលហើយ “។
ទោះបីជាបទចម្រៀងរបស់ខេមរៈ សិរីមន្ដ “ឆ្នាំនេះសប្បាយខ្លាំង “កំពុងទទួលការិះគន់ពីបណ្ឌិតនិងទស្សនិកជនខ្លះមែន ប៉ុន្ដែគេចាំមើលថាតើបទរបស់តារារូបណាដែលល្បីជាងគេនៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០២៤ ?