Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ដកហូតត្រីបំពុលថ្នាំ ៥០គីឡូ ពីអាជីវករដាក់លក់នៅផ្សារសាមគ្គី

ចាប់ដកហូតត្រីបំពុលថ្នាំ ៥០គីឡូ ពីអាជីវករដាក់លក់នៅផ្សារសាមគ្គី

ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានសហការជាមួយគណៈកម្មការផ្សារសាមគ្គី ស្ទឹងត្រែង ធ្វើការដុតកម្ទេចចោល ត្រីដែលបានមកពីការនេសាទដោយបំពុលថ្នាំ និងត្រូវបានយកមកលក់លើទីផ្សារ ដែលបង្កផលប៉ះពាល់ដល់អ្នកទិញបន្តទៅបរិភោគ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា  ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង រួមជាមួយគណៈកម្មការផ្សារសាមគ្គី បានចុះត្រួតពិនិត្យត្រីលក់នៅផ្សារ ដែលបានមកពីការបំពុលថ្នាំ ជាលទ្ធផល មន្ត្រីជំនាញបានដកហូតប្រភេទត្រីប្រាកែ ចំនួន៥០គីឡូក្រាម និងធ្វើកិច្ចសន្យាជាមួយអាជីវករ ចំនួន៣នាក់។

មន្ត្រីជំនាញ បានបញ្ជាក់ថា ត្រីទាំងនេះ គឺបងប្អូនអាជីវករយល់ព្រមប្រគល់ជូនសមត្ថកិច្ច យកទៅបំផ្លាញចោលតាមនីតិវិធី ហើយត្រីទាំងនេះ គឺបានទិញពីប្រជានេសាទ មកពីខាងស្រុកសៀមបូក និងតំបន់រ៉ាមសារ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ កន្លងមក នុយដែលប្រជា នេសាទ ប្រើក្នុងការបំពុលត្រី ដើម្បីចាប់យកមកលក់ រួមមាន ដូចជា បាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្តាម សាច់គោ… លាយជាមួយសារធាតពុល ដើម្បីបោះចូលទឹក ឱ្យត្រីស៊ី។

លោកសឹង មុន្នីរ័ត្ន ប្រធានគណៈអាជីវករផ្សារសាមគ្គី ស្ទឹងត្រែង បានបញ្ជាក់ថា ក្រោយការពិនិត្យរកឃើញ សារធាតុពុលនៅក្នុងសាច់ត្រី ជំនាញបានដកហូតពីអាជីវករ យកទៅរក្សាទុក រង់ចាំថ្នាក់លើសម្រេចនិងឯកភាពលើការបំផ្លាញចោល ទើបនៅព្រឹកថ្ងៃទី២៨ ខែមីនា បានដុតបំផ្លាញចោលនៅក្បែរបរិវេណព្រលានយន្តហោះក្រុងស្ទឹងត្រែង។

លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ឱ្យដឹងថា ត្រីទាំងនោះ ត្រូវបានបំផ្លាញចោល ព្រោះបើត្រីទាំងនេះ ត្រូវបានប្រជាជនយកទៅហូប បើសិនមានជាតិពុលខ្លាំង ក្រោយហូបត្រីនេះ នឹងធ្វើឱ្យមនុស្សពុលផងដែរ បើសិនមានជាតិពុលតិច ពេលហូបត្រីនេះទៅ នឹងធ្វើឱ្យប៉ះពាល់សុខភាព នៅពេលក្រោយ ទោះមិនពុលភ្លាមៗក៏ដោយ។

លោកបន្តថា ក្នុងនាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក៏សូមអរគុណដល់បងប្អូនអាជីវករលក់ត្រី ដែលបានយល់ និងសហការជាមួយជំនាញ និងសូមអំពាវនាវដល់ប្រជានេសាទទាំង អស់ ឈប់នេសាទដោយសារធាតុពុល ហើយប្រជាជន មេត្តាឈប់រើសត្រីបំពុល និងអាជីវករ ឈប់ទិញ-លក់-ដឹកជញ្ជូនត្រីដែលបានពីការនេ សាទខុសច្បាប់ ទាំងបំពុល ឆក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះ គឺខុសនឹងច្បាប់ស្តីពីជលផល៕

RELATED ARTICLES