Sunday, April 28, 2024
Homeសង្គម និងជីវិតបាក់ជញ្ជាំងបន្ទប់ក្រោមដីវីឡា សង្កត់កម្មករស្លាប់១

បាក់ជញ្ជាំងបន្ទប់ក្រោមដីវីឡា សង្កត់កម្មករស្លាប់១

ភ្នំពេញ ៖ ជញ្ជាំងបន្ទប់ក្រោមដី ដែលទើបនឹងសាងសង់ នៅក្នុងការដ្ឋានសាងសង់វីឡា ១កន្លែង សង់ខុសបច្ចេកទេស បានបាក់រលំសង្កត់កម្មករ១ក្រុម ដែលកំពុងបិទកៅស៊ូការពារជម្រាបទឹក នៅក្នុងនោះ បណ្តាលឱ្យកម្មករម្នាក់ ស្លាប់នៅនឹងកន្លែង និង២នាក់ទៀត រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសាងសង់ផ្ទះវីឡា ១កន្លែង ស្ថិតនៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ទីតាំងការដ្ឋានផ្ទះវីឡាកើតហេតុ មានម្ចាស់ឈ្មោះអ៊ិន វិជ្ជា ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅផ្ទះ១៩២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង ទី១ ខណ្ឌចម្លារមន។ ចំណែកជនរងគ្រោះដែលត្រូវជញ្ជាំងបេតុង (ឥដ្ឋ២០) បាក់សង្កត់ស្លាប់ មានឈ្មោះចឹក ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន V.R មានស្រុកកំណើតនៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រីឯអ្នករងរបួស ២នាក់ទៀត ទី១-ឈ្មោះខន ខឿន ភេទប្រុសអាយុ៤៣ឆ្នាំ និងទី២-ឈ្មោះខ្លី ចាន់ ភេទប្រុស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជញ្ជាំងដែលបាក់រលំសង្កត់ បណ្តាលឱ្យស្លាប់ជាងម្នាក់ ខាងលើនេះ គឺ១ផ្ទាំង មានទំហំ ៨ម៉ែត្រ គុណនឹង៣ម៉ែត្រ ជាបន្ទប់ក្រោមដី ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងជម្រៅ៣ម៉ែត្រ។

តាមច្បាប់អនុញ្ញាតដែលចេញដោយមន្ត្រីខណ្ឌព្រែកព្នៅ បានបង្ហាញថា ការដ្ឋាននោះ បានសាងសង់វីឡា ទំហំ ១៨ម៉ែត្រគុណ ១៣ម៉ែត្រ ដោយចាក់ប្លង់សេ ២សន្លឹក ហើយបានដំណើរការសាងសង់ ទើបតែបានគ្រឹះ និងបន្ទប់ ក្រោមដី ដែលខ្លះអះអាងថា ជាអាងស្តុកទឹក ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេលកើតហេតុ មានកម្មករចំនួន៤នាក់ បាននាំគ្នាទៅបិទកៅស៊ូការពារជម្រាបទឹក នៃបន្ទប់ក្រោមដី ដោយជនរងគ្រោះទាំង៣នាក់ ស្ថិតនៅក្នុងបន្ទប់ និងម្នាក់ទៀត នៅផ្នែកខាងលើ។ ខណៈនោះ គ្រឿងចក្របានឈូសខ្សាច់ រុញចូល ប្រឡោះជញ្ជាំង ដែលគេអះអាងថា សង់គ្មានលក្ខណៈបច្ចេកទេស ដោយពុំបានចាក់ជើងសសរ និងក្រវាត់ជុំវិញនោះទេ ស្រាប់តែជញ្ជាំងបានបាក់រលំ ១ផ្ទាំងខាងលិច សង្កត់លើក្រុមកម្មករបិទកៅស៊ូជម្រាបទឹក ចំនួន៣នាក់ ភ្លាមៗនោះ ត្រូវបានក្រុមជាងដូចគ្នា នាំគ្នាជួយគាស់កកាយដីខ្សាច់ យកជនរងគ្រោះ តែអកុសល ម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែក២នាក់ទៀត រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោហ៊ុន សែន ភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសពរួច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES