Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់រះទ្វារផ្ទះ៦គ្រាប់ សង្ស័យគំនុំ

បាញ់រះទ្វារផ្ទះ៦គ្រាប់ សង្ស័យគំនុំ

ខេត្តបាត់ដំបង ៖ ផ្ទះលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនី ១កន្លែង ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ បាញ់រះចំនួន ៦គ្រាប់ ទាំងកណ្តាលអធ្រាត្រ បណ្តាលឱ្យធ្លុះទ្វារផ្ទះ រងការខូចខាត និងធ្វើឱ្យម្ចាស់ផ្ទះមានការភិតភ័យយ៉ាងខ្លាំង ចំណែកជនជាខ្មាន់កាំភ្លើង ក្រោយពីធ្វើ សកម្មភាពរួច បានរត់គេចខ្លួនបាត់។

ហេតុការណ៍បាញ់រះលើផ្ទះលក់ទូរស័ព្ទនិងគ្រឿងអគ្គិសនីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុង បាត់ដំបង។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលរងការបាញ់រះ មានឈ្មោះកែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ទូរស័ព្ទនិងគ្រឿងអគ្គិសនី ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនមិនស្គាល់មុខ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់រះទៅលើទ្វារផ្ទះជនរង គ្រោះ បណ្តាលឱ្យធ្លុះធ្លាយចំនួន៦កន្លែង ហើយមន្ត្រីជំនាញ បានរកឃើញក្បាលគ្រាប់ ចំនួន៣គ្រាប់ តែរកមិនឃើញសំបកគ្រាប់នោះទេ។

ជនរងគ្រោះ ជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ការបាញ់រះលើទ្វារផ្ទះគាត់នោះ គឺគាត់មិនបានដឹងភ្លាមៗទេ ហើយក៏មិនឮស្នូរផ្ទុះអាវុធដែរ ព្រោះគាត់ និងក្រុមគ្រួសារ ដេកនៅក្នុងបន្ទប់បិទជិត។ រហូតមកដល់វេលាម៉ោងប្រមាណ៨ព្រឹក ពេលគាត់ភ្ញាក់ពីដេក ចេញមកបើកទ្វារផ្ទះលក់ដូរ ស្រាប់តែប្រទះឃើញស្នាមធ្លុះធ្លាយទ្វារ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

ជនរងគ្រោះបានបញ្ជាក់បន្ថែមថា កាលពីយប់កើតហេតុនោះ នៅម៉ោងជាង ១រំលងអធ្រាត្រ គាត់ហាក់បានបានឮសំឡេងដូចជាគាស់ជញ្ជាំង តែគាត់មិនចាប់អារម្មណ៍ទេ។ លុះព្រឹកឡើងពេលគាត់ចេញមកបើកទ្វារ ឃើញមានស្នាមគ្រាប់កាំភ្លើងបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យស្លាកស្នាមបាញ់ប្រហារ រួចបញ្ជាក់ថា មានស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះទ្វារ ចំនួន៦កន្លែង និងបានរកឃើញក្បាលគ្រាប់ ចំនួន៣គ្រាប់ តែរកមិនឃើញសំបកគ្រាប់នោះទេ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា តាមការពិនិត្យលើក្បាលគ្រាប់ដែលរកឃើញ ដោយរកមិនឃើញសំបកគ្រាប់នៅកន្លែងកើតហេតុ សង្ស័យខ្មាន់កាំភ្លើងប្រើប្រាសអាវុធខ្លី ធុនរ៉ូឡូ ដែលមួយបង់មានចំនួន៦គ្រាប់។ អាវុធប្រភេទនេះ បាញ់ហើយ មិនបន្សល់ទុកសំបកការ៍ទូសទេ (សំបកគ្រាប់) តែអាចរកឃើញក្បាលគ្រាប់ បើបាញ់បុកដី ឬបាញ់ត្រូវវត្ថុរឹង។ ប៉ុន្តែយ៉ាងណា មន្ត្រីបច្ចេកទេស កំពុងធ្វើការត្រូតពិនិត្យលើស្លាកស្នាម និងវិភាគលើវត្ថុតាងដែលរកឃើញនៅកន្លែងកើតហេតុ។

តាមអ្វីដែលសមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ និងបានសួរនាំជនរងគ្រោះ គឺបានដាក់ការសង្ស័យជំហានដំបូងថា ករណីជនមិនស្គាល់មុខបាញ់រះទៅលើផ្ទះជនរងគ្រោះខាងលើនេះ អាចផ្តើមចេញពីរឿងគំនុំ ឬអាចជាការបាញ់ព្រមាន ឬគំរាមជនរងគ្រោះក្នុងរឿងអ្វីមួយ ដែលភាគីទាំងពីរ ធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវបន្ថែម ដើម្បីកំណត់មុខសញ្ញាជនសង្ស័យជាខ្មាន់កាំភ្លើង និងតាមចាប់ខ្លួននាំយកកចាត់ការតាមច្បាប់៕

RELATED ARTICLES