Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ័យគេដេ...ញ...កា...ប់ ជិះម៉ូតូបុកឆ្នាំងពោះគោទឹកប្រហុក 

ភ័យគេដេ…ញ…កា…ប់ ជិះម៉ូតូបុកឆ្នាំងពោះគោទឹកប្រហុក 

ភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូដឹកគ្នាទៅរកទិញអីហូប ស្រាប់តែលេចមុខក្មេងស្ទាវ ២នាក់ ប្រដាប់ដោយដាវ ១ដើម ជិះម៉ូតូដេញកាប់ បណ្តាលឱ្យរងរបួសម្នាក់ ជាហេតុធ្វើឱ្យយុវជនរងគ្រោះភ័យ ជិះម៉ូតូរត់គេច ជ្រុលទៅបុកម៉ូតូ ១គ្រឿង ដែលចតនៅមុខផ្ទះ និងខ្ទាតទៅប៉ះឆ្នាំងទឹកប្រហុក បណ្តាលឱ្យកំពប់អស់ ចំណែកក្មេងស្ទាវដែលដេញកាប់នោះ បានគេចបាត់អស់ ទុកឱ្យជនរងគ្រោះទាំង ២នាក់ ចរចាសងសំណងទៅម្ចាស់ម៉ូតូ និងម្ចាស់ពោះគោទឹកប្រហុក២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុងសាន់ស្កាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-2237 បើកបរចេញពីផ្ទះ ដឹកគ្នាទៅរកហូបមីហឹរ ខណៈជិះមកដល់ចំណុចហាងលក់មីហឹរ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំស្លាកលេខ ប្រដាប់ដោយដាវ ១ដើមស្រែកថា “អាមួយហ្នឹងហើយ!” រួចដេញកាប់អ្នកជិះខាងក្រោយ បណ្តាលឱ្យរបួសខ្នង។ បន្ទាប់មក ភាគីជនរងគ្រោះភ័យពេក នាំគ្នាជិះម៉ូតូគេចខ្លួន ដោយធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង យ៉ាងលឿន លុះមកដល់ចំណុចខាងលើ ជ្រុលចង្កូតទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពាក់ស្លាកលេខ ព្រៃវែង 1U-0110 ដែលកំពុងចតនៅមុខផ្ទះ ពេញទំហឹង បណ្តាលឱ្យខ្ទាតទៅប៉ះឆ្នាំងពោះគោទឹកប្រហុក កំពប់អស់១ឆ្នាំងពេញ។ ចំណែកជនសង្ស័យដែលជិះម៉ូតូដេញកាប់ជនរងគ្រោះ ឃើញសភាពពែបនេះ ក៏បានជិះរត់គេច បាត់ស្រមោលទៅ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ សាកសួរដល់ទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុ បន្ទាប់ពីស្តាប់ការរៀបរាប់របស់ជនរងគ្រោះទាំង២នាក់ ទើបសមត្ថកិច្ចបានឱ្យយុវជនទាំង២នាក់ ដោះស្រាយជាមួយម្ចាស់ម៉ូតូ និងម្ចាស់ពោះគោទឹកប្រហុក ដែលរងការខូចខាត។ ចុងក្រោយ យុវជនទាំង២នាក់ បានសម្រេចសងថ្លៃខូចខាតដល់ម្ចាស់ម៉ូតូរងគ្រោះ និងពោះគោទឹកប្រហុក ចំនួន២០ម៉ឺនរៀល បញ្ចប់រឿងនៅកន្លែងកើតហេតុ រួចនាំគ្នាទៅដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំងនោះ ដើម្បីនាំខ្លួនមកចាត់ការតាមច្បាប់៕

RELATED ARTICLES