Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម មន្ត្រីសុយោដី ចេញពីស៊ីផឹក បើកឡានបុកសួនច្បារ

 មន្ត្រីសុយោដី ចេញពីស៊ីផឹក បើកឡានបុកសួនច្បារ

ខេត្តកំពង់ស្ពឺ ៖  មន្ត្រីសុយោដីម្នាក់ ទើបនឹងចេញពីស៊ីផឹកស្រវឹងជោក បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលឡើងលើសួនច្បារ បុកផ្ទាំងពិព័រណ៍សមទ្ធិផល មុខស្នាក់ការខេត្ត (រង្វង់មូលវិមានឯករាជ្យ កំពង់ស្ពឺ) បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស លុះសមត្ថកិច្ចឃាត់សាកសួរ និងធ្វើតេស្តជាតិស្រវឹង ឃើញថា មន្ត្រីសុរិយោដីនេះ មានជាតិអាល់កុល ដល់ទៅ ១,៥មិល្លីក្រាម ក្នុង១លីត្រ ខ្យល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីក្បាលព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន។

អ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះឡេង ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាមន្ត្រីសុយោដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានលំនៅ ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក FORD RANGER XLT ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-1972 ធ្វើដំណើរចេញពីទិសខាងកើត ឆ្ពោះទៅលិច ស្របតាមបណ្តោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្តេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារសាធារ ណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យ កំពង់ស្ពឺ រួចជ្រុលទៅបុកផ្ទាំងពិព័រណ៍សមទ្ធិផល មុខស្នាក់ការខេត្ត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែម្តង។

ប្រភពដដែល បន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឱ្យមនុស្សម្នាដែលកំពុងតែធ្វើដំណើរចេញចូលហាត់ប្រាណ រត់ជាន់ជាន់ជើងគ្នា តែមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែខូចខាតរថយន្ត និងផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់តាំងពិព័រណ៍រូបលម្អនៅទីសួនសាធារណៈ ជូនប្រជា ពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ត ប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានបើកទ្វាចេញមកដោយអាការស្រវឹងជោក ហើយស្រែកថា “មិនអីទេ ទុកឱ្យខ្ញុំដោះស្រាយៗៗ”។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ នាំខ្លួនទៅសាកសួរ និងធ្វើតេស្ត រកឃើញមានជាតិស្រវឹងខ្ពស់ហួសកម្រិត ដល់ទៅ ១,៥៥មិល្លីក្រាម ក្នុង១លីត្រខ្យល់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើការផាកពិន័យអ្នកបើកបររថយន្តបង្កហេតុខាងលើ តាមនីតិវិ ធី។ រីឯការខូចខាតទ្រព្យសម្បត្តិសាធារណៈ មន្ត្រីជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយលើសំណង៕

RELATED ARTICLES