Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ប៉ូលិសចាប់វ៉ៃខ្នោះ

មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ប៉ូលិសចាប់វ៉ៃខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ជាមេខ្យល់នាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដោយយកប្រាក់កម្រៃ ក្នុងម្នាក់ៗចាប់ពី ២០០០បាត ទៅ៤០០០បាត  ត្រូវបានកម្លាំងនគរបាលជំនាញស្រុកសំពៅលូន ចុះ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន យកមកចាត់ការតាមច្បាប់។

ករណីឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែននេះ បានធ្វើឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិស្រឡៅជ្រំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហៀង ភាព ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានចុះបង្ក្រាបទប់ស្កាត់ករណីការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ១លើក ប្រព្រឹត្តឡើងដោយជនសង្ស័ យម្នាក់ ឈ្មោះហៀង ភាព បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន១៧នាក់ ឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ  ឆ្លងអូរព្រំដែន តាមច្រករបៀង ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ២០០០បាត ទៅ៤០០០បាត មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហៀង ភាព បានឆ្លើយសារភាពថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ខ្លួនពិតជាបានទទួលពលករ ចំនួន១៧នាក់ តាមរយៈឈ្មោះគា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ មានលំនៅ ចំណុចគីឡូ១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងបាននាំចូលទៅក្នុងប្រ ទេសថៃ ដោយខុសច្បាប់ ប្រាកដមែន ចំពោះពលករម្នាក់ ខ្លួនយកប្រាក់ ២០០០បាត ទៅ៤០០០បាត  ដោយនាំឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ ហើយខ្លួនបានចាត់ចែងឱ្យឈ្មោះថា ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ឈ្មោះណុប ភេទប្រុស អាយុប្រហែល៣០ឆ្នាំ អ្នកទាំងពីរមានលំនៅ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងឈ្មោះរត្ន័ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មានលំនៅ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ជាអ្នកប្រមូលពលករ ។ ចំពោះប្រាក់ គឺខ្លួនទទួលពីតៃកុងឡានថៃ យកមកឱ្យឈ្មោះគា។ ខ្លួនបានធ្វើការទទួលពលករ មកពីខេត្តផ្សេងៗ នាំឆ្លងដែនចូលទៅក្នុងប្រទេស ដោយខុសច្បាប់ ឱ្យឈ្មោះគា រយៈពេលមួយឆ្នាំជាងមកហើយ គិតមកដល់បច្ចុប្បន្ននេះ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន មានជនសង្ស័យជាមេខ្យល់ នាំមនុស្សលួចឆ្លងដែនម្នាក់ បានធ្វើសកម្មភាពដឹកនាំប្រំជាពលរដ្ឋខ្មែរចំនួន៣០នាក់ បម្រុងលួចឆ្លងដែន ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ដោយយកប្រាក់កម្រៃ នៃការជូនក្នុងម្នាក់ៗចាប់ពី ១៥០០បាត ទៅ៤០០០បាត  លុះសមត្ថកិច្ចទទួលបានព័ត៌មាន ក៏ចុះបង្ក្រាប និងទប់ស្កាត់ភ្លាមៗ។

ពលករទាំង ៣០នាក់ខាងលើ មកពីខេត្តសៀមរាប ចំនួន១១នាក់ (ស្រី៤នាក់) ក្នុងនោះក្មេងចំនួន៣នាក់ (ប្រុស)។ មកពីខេត្តបន្ទាយមានជ័យ ចំនួន២នាក់ (ស្រី១)។ មកពីខេត្តបាត់ដំបង ចំនួន៧នាក់ (ស្រី៣)។ មកពីខេត្តពោធិ៍សាត់ ចំនួន៣នាក់ (ប្រុស)។ មកពីខេត្តកំពង់ចាម ចំនួន៤នាក់ (ស្រី២) និងមកពីខេត្តស្វាយរៀង ចំនួន៣នាក់ (ស្រី១)៕

RELATED ARTICLES