Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចសាច់ជ្រូក ៣០គីឡូ ម្ចាស់គេទាន់ ជាប់ខ្នោះ

លួចសាច់ជ្រូក ៣០គីឡូ ម្ចាស់គេទាន់ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមកឈប់ក្បែរតូបលក់សាច់ជ្រូក ១កន្លែង រួចចូលទៅលើកសាច់ជ្រូក ១ថង់ ទម្ងន់៣០គីឡូក្រាម ដាក់លើម៉ូតូ បម្រុងរត់គេច តែត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីចោរលួចសាច់ជ្រូកនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤  នៅចំណុចតូបលក់សាច់ជ្រូក មួយកន្លែង ស្ថិតក្នុងផ្សារពិភពថ្មី កំបូល១ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌ កំបូល។

បុរសដែលជាអាជីវករលក់សាច់ជ្រូក មានឈ្មោះឈួន គឹមឈៀង អាយុ៣៣ឆ្នាំ មានលំនៅក្នុងបុរីពិភពថ្មី កំបូល១ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកជនសង្ស័យ មានឈ្មោះ ផន ដានី អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពបុរសជាអ្នកលក់សាច់ជ្រូក បានរៀបរាប់ប្រាប់ថា ជារៀងរាល់ព្រឹក គាត់តែងតែដឹកសាច់ជ្រូក យកទៅដាក់លក់នៅក្នុងផ្សារពិភពថ្មី កំបូល១ ហើយកាលពីអំឡុងក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ កន្លងទៅ គាត់ធ្លាប់បាត់សាច់ជ្រូក អស់ជាង៨០គីឡូក្រាម ម្តងរួចមកហើយ រកមុខចោរមិនឃើញ។ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ គាត់បានដឹកសាច់ជ្រូក ១ថង់ ទម្ងន់ជិត៣០គីឡូក្រាម យកទៅដាក់លើតូបលក់សាច់ជ្រូករបស់គាត់ ដោយមិនទាន់បានស្រាយថង់រៀបចំដាក់លក់នៅឡើយ តែគាត់បានស្ថិតនៅក្បែរនោះដែរ។

ប្រភពដដែល បន្តថា លុះមកដល់ម៉ោងកើតហេតុ ប្រទះឃើញជនសង្ស័យឈ្មោះ ផន ដានី ជិះម៉ូតូ ១គ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក អត់ស្លាកលេខ មកឈប់ក្បែរតូបសាច់ជ្រូករបស់គាត់ រួចធ្វើសកម្មភាពលួចយកសាច់ជ្រូករបស់គាត់ ដាក់លើម៉ូតូ បម្រុងជិះគេចខ្លួន ទើបគាត់ ប្រទះឃើញទាន់ ក៏ស្រែកឆោឡោផ្អើលពេញក្នុងផ្សារ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចប្រគល់ជូននគរបាលប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES