Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរបំភ្លឺ ករណីចាប់តុក្កតាលក់មុខព្រលានយន្តហោះ

អាជ្ញាធរបំភ្លឺ ករណីចាប់តុក្កតាលក់មុខព្រលានយន្តហោះ

ភ្នំពេញ ៖ ក្រោយកើតមានរឿងរ៉ាវដ៏ចម្រូងចម្រាស ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះចាប់ដកហូតតុក្កតា ពីស្ត្រីម្នាក់ដែលដាក់លក់នៅលើចិញ្ចើមផ្លូវ មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ រហូតធ្វើឱ្យស្ត្រីរូបនោះខឹងសម្បា ថតវីដេអូបង្ហោះ និងចោទថា អាជ្ញាធរមូលដ្ឋានធ្វើបាបប្រជាពលរដ្ឋ និងទាមទាររកយុត្តិធម៌នោះមក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការដកហូតតុក្កតាទាំងនោះ គឺដោយសារមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ហើយសមត្ថកិច្ចបានប្រាប់ឱ្យផ្អាកលក់ ជាបណ្តោះអាសន្ន ប៉ុន្តែស្ត្រីអ្នកលក់ មិនស្តាប់ ទើបអាជ្ញាធរបានចាប់យកទៅទុកនៅសាលាខណ្ឌ ពេលចប់ក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ទើបប្រគល់ឱ្យគាត់វិញ។

យោងតាមវីដេអូឃ្លីប ដែលបង្ហោះចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា តុក្កតា ជាច្រើនម៉ូដ មានតូច មានធំ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅចាប់ដកហូតពីស្ត្រីម្នាក់ កាលពីវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខណៈដែលស្ត្រីរូបនោះបានក្រាលកៅស៊ូតង់ ដាក់លក់លើសាប នៅមុខដីឡូត៍មួយកន្លែង ស្ថិតនៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

នៅក្នុងពេលសមត្ថកិច្ចខាងលើ ចាប់យកតុក្កតារបស់គាត់ ដាក់លើរថយន្ត ដឹកយកទៅកាន់សាលាខណ្ឌពោ ធិ៍សែនជ័យ ស្ត្រីអ្នកលក់នោះ បានទាញទូរស័ព្ទថតវីដេអូ ពីសកម្មភាពនោះ ហើយត្រូវបានកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌពោធិ៍សែនជ័យ ប្រាប់មិនឱ្យគាត់ថតទេ ប៉ុន្តែគាត់នៅតែថត និងបាននិយាយថា ខ្ញុំថតរូបទុក ខ្លាចបាត់តុក្កតារបស់ខ្ញុំ ហើយបើបាត់តុក្កតារបស់ខ្ញុំ តើគិតយ៉ាងម៉េច? ហើយសមត្ថកិច្ចថា ការដាក់លក់លើចញ្ចើមផ្លូវបែបនេះ គឺខុស ។

ស្ត្រីអ្នកលក់ បាននិយាយបន្តទៀតថា “ខ្ញុំអត់ខុសអីសោះ ហេតុអ្វី បានជាចាប់យកតុក្កតារបស់ខ្ញុំបែបនេះ? ខ្ញុំអត់យល់ទេ ខ្ញុំលក់ត្រូវច្បាប់សោះ ម៉េចបានមកចាប់របស់ខ្ញុំ? ខ្ញុំទិញតុក្កតា អស់លុយច្រើន ខ្ញុំជំពាក់លុយគេ សូមបងប្អូនជួយគិតមើលផង ហើយខ្ញុំខុសច្បាប់ត្រង់ណា? ខ្ញុំបានសុំដីគេដាក់លក់ ហើយខ្ញុំអត់មានដាក់លក់លើចិញ្ចើមថ្នល់ផងហ្នឹង?…”។

ជុំវិញរឿងរ៉ាវចម្រូងចម្រាសនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ថា ស្ត្រីរូបនោះ បានក្រាលតង់កៅស៊ូ ដាក់លក់តុក្កតា នៅលើចិញ្ចើមផ្លូវ គឺខុសហើយ ប៉ុន្តែដោយសារសមត្ថកិច្ចមានការយោគយល់អធ្យាស្រ័យ ទើបគាត់លក់ម៉េចក៏លក់ ទៅ រាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃនេះ សមត្ថកិច្ចបានហាមឃាត់តាំងពីព្រឹក ដោយសារមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានប្រាប់គាត់ ៤ទៅ៥ដង តែស្ត្រីអ្នកលក់ មិនស្តាប់ នៅតែដាក់លក់ទៀត ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍ សែនជ័យ បានចុះទៅចាប់ដកហូត នាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយក្រោយពេលចប់ក្បួនថ្នាក់ដឹកនាំ ទើបប្រគល់តុក្កតាទាំងនោះឱ្យគាត់វិញ នៅព្រឹកថ្ងៃដដែលនោះ៕

RELATED ARTICLES