ភ្នំពេញ៖លោកយ៉ែម សំអូន បានបំពាក់ចិញ្ចៀនពេជ្រ១វង្សឲ្យទៅអតីតភរិយាលោកអ្នកនាងយ៉ាន លីនដា កាលពីថ្ងៃទី២៧ មីនា ដើម្បីជាការផ្សះផ្សារស្នេហ៍ស្នេហាឡើងវិញ ក្រោយអ្នកទាំងពីររស់នៅបែកគ្នាអស់រយៈពេល៩ឆ្នាំ ។បើទោះជាលោកយ៉ែម សំអូន មិនបានបង្ហាញមុខស្រ្ដីដែលលោកបំពាក់ជញ្ជៀននោះ គឺគ្រាន់តែបញ្ចេញឲ្យឃើញម្រាមដៃមែន ប៉ុន្ដែតារារួមអាជីពដែលចូលទៅខមិនសុទ្ធតែស្គាល់ថាម្រាមដៃនារីដែលលោកសំអូន បំពាក់ជញ្ជៀននោះគឺជាអ្នកនាងយ៉ាន លីនដា ។ក្រុមតារាស្និតស្នាលបានសម្ដែងការសាទរ ចំពោះលោកសំអូន ដែលពេលនេះលោកនិងភរិយាបានវិលមកត្រូវរ៉ូវគ្នាសារជាថ្មីធ្វើឲ្យចំណងស្នេហាវិលមករកភាពផ្អែមល្ហែមម្ដងទៀត ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២៨ មីនា លោកយ៉ែម សំអូន ដំបូងលោកហាក់មិនចង់និយាយរឿងនារីដែលលោកបំពាក់ចិញ្ចៀនឲ្យនោះថាជាអ្នកណាទេ ដោយលោកថាកុំពុងតែជាប់រវល់ប្រជុំ ។ប៉ុន្ដែនៅពេលអ្នកយកព័តមានយើងសួរកាត់ លោកក៍ព្រមឆ្លើយទាំងបែបប្រញ៉ាប់ថាលោកធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនស្រីណព្វចិត្តរបស់លោក។នៅពេលសួរបន្ថែមថាអីចឹងនារីដែលលោកប្រគល់ចិញ្ចៀនពេជ្រឲ្យ១វង្សនោះជាអ្នកនាងយ៉ាន លីនដា ឬស្រីផ្សេងនោះទើបលោកសំអូន និយាយយ៉ាងលឿន ថា”មានអ្នកណាផ្សេងទៀត(លីនដា)។តាមពិតខ្ញុំនិងគាត់មានបញ្ហាជាមួយគ្នាពីមុនក៍គ្មានរឿងអីធំដុំដែរ ហើយមានតែគាត់ទេដែលដឹងរឿងនោះច្បាស់។សារព័តមាននិងអ្នកស្គាល់គ្នាច្រើនណាស់បានតេមកសួរខ្ញុំពីរឿងមួយនេះ ចង់ផ្ទុះទូរស័ព្ទទៅហើយ តែខ្ញុំមិនឆ្លើយមិនប្រាប់ទេ ព្រោះខ្ញុំរវល់ខ្លាំងណាស់ …”។
គេឃើញហ្វេសបុកឈ្មោះMaka KH Autralia បានចូលទៅខមិនខាងក្រោមរូបភាពលោកយ៉ែម សំអូន បំពាក់ចិញ្ចៀនឲ្យប្រពន្ធនោះថា”ពាក្យមួយម៉ាត់ថាដើម្បីកូន ប្អូននិងគ្រួសារសូមចូលរួមអបអរសាទរ ហើយក៍សូមឲ្យបងៗទាំងពីរ មានស្នាមញញឹមរួមទាំងក្មួយស្រីជាទីស្រលាញ់ រៀងរាល់១០ឆ្នាំមិនមានច្រើនដងទេ នៅក្នុងជីវិត ដូច្នេះហើយញញឹម ហើយរស់ឲ្យរីករាយឲ្យបានច្រើន “។
អំឡុងពេលដែលលោកយ៉ែម សំអូន និងភរិយាបានព្រមព្រៀងគ្នាផ្សះផ្សារស្នេហាជាថ្មីនេះគេឃើញអ្នកនាងយ៉ាន លីនដា ក៍កំពុងតែលេចមុខនៅស្រុកខ្មែរផងដែរ ដោយថ្មីៗនេះនាងបានធ្វើខួបកំណើតឲ្យអ្នកនាងសារ៉ាយ សក្ខណា ទៀតផង។ប៉ុន្ដែនៅមិនទាន់មានដំណឹងថាលោកសំអូន និងអ្នកនាងលីនដា គ្រោងធ្វើពិធីអាពាហ៍ ពិពាហ៍ម្ដងទៀត ឬជប់លៀងផ្ដើមស្នេហាសាជាថ្មីជាមួយភរិយានៅពេលណាម្ដងទៀតឡើយ ។
លោកយ៉ែម សំអូនបានប្ដូរProfile ថ្មីជារូបអោបកូនស្រីរបស់លោកឈ្មោះសំអូន វិថាណា និងថើបថ្ងាសនាងជាមួយសំណេរថា”បើអ្នកស្រលាញ់កូន គប្បីឲ្យស្ងួនគំនិត “។
គួររំលឹកថាលោកយ៉ែម សំអូន បានចែកផ្លូវជាមួយអ្នកនាងយ៉ាន លីនដា កាលពីខែតុលា ឆ្នាំ២០១៥ ដោយសារតែពេលនោះអ្នកនាងលីនដា ឆេះដុំព្រោះចាប់បានភស្ដុតាងមួយចំនួនថាលោកសំអូន មានទំនាក់ទំនងពិសេសជាមួយតារាប្រុស ។ពេលនោះអ្នកនាងលីនដា បានប្រកាសដាច់ខាតមិនយកលោកសំអូន វិញទេ បើទោះជាលោកបង្ហាញអារម្មណ៍ចង់ត្រូវរ៉ូវគ្នាជាថ្មីក្ដី ។ប៉ុន្ដែពេលនេះ”ក្រោយភ្លៀង មេឃស្រឡះ” ទីបំផុតលោកសំអូន ដែលមានអាយុ៤៦ឆ្នាំ ហើយមិនព្រមយកប្រពន្ធថ្មី៩ឆ្នាំ ទៅហើយនោះ ទីបំផុតលោកក្លាយទៅជាស្វាមីអ្នកនាងលីនដា ជាលើកទី២ វិញក្រោមការសាទរ ពីមិត្តរួមអាជីពជាច្រើន។
ក្រៅពីលោកយ៉ែម សំអូន តារាដែលបែកគ្នាជាច្រើនឆ្នាំហើយវិលមករកការផ្សះផ្សារស្នេហ៍ជាថ្មីនោះមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន ចែកផ្លូវលោកឌី ពេជ្រ ៨ឆ្នាំ តែរៀបការជាមួយគ្នានៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។សម្រាប់លោកសំអូន ពេលនេះបានបញ្ចប់ភាពជាពោះម៉ាយ រងារឯកោត្រឹមឆ្នាំ២០២៤ នេះវិញ ហើយFan ជម្រុញឲ្យលោកសំអូន គួរតែធ្វើរឿងនេះបន្ទាន់ ដើម្បីកុំឲ្យចំណងស្នេហារង្គោះរង្គើរជាលើកទី២ នោះគឺការយកកូនទី៣(លោកសំអូន មានកូនប្រុស១មុនជួបអ្នកនាងលីនដា )។តែពេលនេះលោកសំអូន ថាមិនចង់និយាយអ្វីទាំងអស់រឿងវិលមកជួបជុំជាមួយភរិយានេះទៅវិញ ៕