ខេត្តពោធិ៍សាត់ ៖ រថយន្តក្រុងដឹកអ្នកដំណើរ ធុនធំ១គ្រឿង (៤៥កៅអី) បានបើកឆ្លងផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន គាប់ជួនមានរថភ្លើង ១ខ្សែឆ្លងកាត់ ក៏ជ្រូលបុកចំពាក់កណ្តាលរថយន្តក្រុង យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តក្រុង ក្រឡាប់ និងត្រូវរថភ្លើងរុញអូសទៅមុខ ជាច្រើនម៉ែត្រ បង្កឱ្យអ្នកជិះក្នុងរថយន្តក្រុង ចំនួន៤៦ នាក់ បានរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ រថភ្លើងបុករថយន្តក្រុងនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវដែក ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ។

លោកមោគ ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថា ករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើរនេះ ពុំមានអ្នកបាត់បង់ជីវិតនោះទេ គ្រាន់ តែបង្កឱ្យមានអ្នករងរបួសធ្ងន់ ចំនួន៤៥នាក់ (របួសធ្ងន់ ៥នាក់) ក្នុងនោះមានអ្នកបើកបររថភ្លើង ម្នាក់ផងដែរ។លោកអធិការ បញ្ជាក់ទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើង ខណៈរថយន្តក្រុង កំពុងធ្វើដំណើរក្នុងទិសដៅពីជើង ឆ្ពោះទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅលិច បុករុញទទឹងរថយន្ត បណ្តាលក្រឡាប់ គាបជាប់គ្នាតែម្តង៕



