Tuesday, April 30, 2024
Homeតារាខ្មែរចម្រៀងឆ្នាំថ្មី ឧកញ៉ាខេមរៈ សិរីមន្ត បណ្ឌិតពេជ្រ ស្រស់ រិះគន់ថាអាវ៉ាសែ

ចម្រៀងឆ្នាំថ្មី ឧកញ៉ាខេមរៈ សិរីមន្ត បណ្ឌិតពេជ្រ ស្រស់ រិះគន់ថាអាវ៉ាសែ

ភ្នំពេញ ៖ ស្របពេលដែលបទចម្រៀងចូលឆ្នាំថ្មី របស់ឧកញ៉ាខេមរៈ សិរីមន្ត ផ្ទុះការរិះគន់ខ្លាំងពីមជ្ឈដ្ឋានមហា ជន ទាំងទៅលើអត្ថន័យ ការស្លៀកពាក់ កាយវិការសម្ដែង មិនសមជាបទចម្រៀងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះ លោកបណ្ឌិតពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី ក៏បានរិះគន់ដែរថា ចម្រៀងរបស់ឧកញ៉ាអ្នកចម្រៀងនេះ ខុសកាលៈទេសៈហើយ ព្រោះបទចម្រៀងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គួរតែផលិតបទចម្រៀងបែបថ្លៃថ្នូរ មិនមែនបែបអាវ៉ាសែ ដូចបទចម្រៀងរបស់ឧកញ៉ារូបនេះទេ ។

 លោកបណ្ឌិត ពេជ្រ ស្រស់ បានបង្ហោះរូបភាពសម្ដែង ក្នុងបទចម្រៀង «ឆ្នាំហ្នឹងសប្បាយខ្លាំង» របស់ឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ភ្ជាប់ជាមួយសំណេរថា “ភាព Modern របស់ឧកញ៉ា គឺខុសកាលៈទេសៈហើយ ចូលឆ្នាំប្រពៃណីខ្មែរ គួរតែផលិតបទចម្រៀ ងឱ្យសមនឹងទំនៀមទម្លាប់របស់ខ្មែរ ដែលអ្នកចម្រៀងជំនាន់មុនផលិត ដើម្បីអបអរសាទរចូលឆ្នាំប្រពៃណីខ្មែរ មានដូចជា រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្រ្ទឹម ដែលជាទម្រង់បទចម្រៀងបែបថ្លៃថ្នូរ មិនមែនបែបអាវ៉ាសែដូចបទចម្រៀងរបស់ឧកញ៉ានោះទេ មើលទៅតួស្រី បាត់ហូល ផាមួង រីឯតួរប្រុស គឺដូចក្មេងដើរមិនចូលផ្ទះ ប៉ុន្តែបើ ផលិតបទចម្រៀងមិនមែនអបអសាទរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិទេ គឺវាតាមហ្នឹងទៅ ពីព្រោះវាជាសិល្បៈ។ គួរគិតឡើងវិញ ចំពោះអ្នកសិល្បៈ មុនផលិតអ្វីមួយ ចៀសវាងបាត់បង់ភាពថ្លៃថ្នូរជាតិយើង។ ជាអ្នកសិល្បៈ ត្រូវមានចំណេះដឹងគ្រប់ជ្រុងជ្រោយ” ។

 លោកបណ្ឌិត ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថា លោកមិនអាចផ្ដល់បទសម្ភាសន៍ ឬបញ្ជាក់បន្ថែម លើសំណេរក្នុងហ្វេសប៊ុករបស់លោកខាងលើបានទេ ដោយសារលោកមានជំងឺ កំពុងនៅមន្ទីរពេទ្យ ។

 គួរបញ្ជាក់ថា ក្រៅពីបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រិះគន់បទចម្រៀងរបស់ឧកញ៉ាខេមរៈ សិរីមន្ត ថាមានលក្ខណៈអាវ៉ាសែនេះ សម្រាប់មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ក៏ចាត់ទុកថាបទនេះ មានលក្ខណៈភ្លើតភ្លើន មិនសមជាបទអបអរបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែរ ។

 បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យកម្ពុជា បានបញ្ជាក់ថា លោកសូមប្រឆាំងនឹងចម្រៀង  «ឆ្នាំហ្នឹងសប្បាយខ្លាំង» របស់ឧកញ៉ា ខេមរៈ សិរីមន្ត ព្រោះវីដេអូចម្រៀងបែបនេះ នាំយុវវ័យភ្លើតភ្លើនក្នុងប្រើកាំភ្លើងបាញ់ទឹក ។

 លោក យង់ ពៅ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា “ខ្ញុំសូមប្រឆាំងដាច់ខាត វីដេអូរចម្រៀងបែបនេះ នាំភ្លើតភ្លើនប្រើកាំភ្លើងទឹក…! នាំក្មេងៗប្រើប្រាស់ភ្លូកទឹកភ្លូកដី មិនចំណេញអីនឹងសេដ្ឋកិច្ចខ្មែរទេ ថែមទាំងខាតខាងវប្បធម៌ និងសុវត្ថិភាពទៀតផង។ ម្យ៉ាងបើមើលទៅលើសម្លៀកបំពាក់ ក៏យ៉ាប់ដែរ…? ពិចារណាឡើងវិញទៅ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថា លោកមានចេតនាចង់បង្កបញ្ហាទំនាស់ជាមួយអ្នកសិល្បៈទេ ហើយក៏មិនបដិសេធ មិនឲ្យផលិតបទញាក់ដែរ ប៉ុន្តែគ្រាន់តែចង់ឲ្យមានអ្វីដែលជារសជាតិខ្មែរ ។

 លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “មែនទែន លោកខេមរៈ សិរីមន្ត គឺជាបុគ្គលដែលមានអ្នកគាំទ្រច្រើន ។ អ៊ីចឹងកាលណាគាត់ធ្វើអីមួយ គឺអ្នកគាំទ្រគាត់ អាចនឹងធ្វើតាម មិនអ៊ីចឹង? អ៊ីចឹងគេចង់ឲ្យគាត់ហ្នឹង ពេលឱកាសចូលឆ្នាំអីអ៊ីចឹង ប្រពៃណីជាតិយើងហ្នឹងជួយផ្សព្វផ្សាយនូវអ្វីជារបស់ខ្មែរ យើងកៀងគរជារបស់ខ្មែរ វប្បធម៌ខ្មែរ ឲ្យគេធ្វើតាម ។ វប្បធម៌បាញ់ទឹកនេះ គឺជាវប្បធម៌របស់ថៃ ទី១ វាមិនមែនរបស់ខ្មែរយើងទេ ។ ទី២ នៅថៃ គេលេងបាន ដោយសារប្រជាជនគេ យល់ដឹងរឿងហ្នឹង រីឯនៅយើង ប្រជាជនយើងលេងអាចមានគ្រោះថ្នាក់ ។ គ្រោះថ្នាក់ត្រង់ថា គាត់បាញ់ទៅ គាត់វេរចង្កួតម៉ូតូ វេរចង្កូតឡាន ឬក៏រត់ចូលឡាន ចូលម៉ូតូ វាគ្រោះថ្នាក់អ៊ីចឹង ។ ទី៣ យើងគិតថា កាំភ្លើងស្អីៗនេះ ទី១ វាមិនមែនជាវប្បធម៌របស់យើងហើយ ទី២ វាមានន័យថា យើងទិញពីបរទេសមកទេ យើងអត់បានលើកតម្កើងផលិតផលខ្មែរទេ អាហ្នឹងនោះ ហើយចំណុចសំខាន់មួយទៀត ការលេងកាំភ្លើង លេងអីនេះ ពាក្យកាំភ្លើងស្រុកគេ វារសើបនឹងបញ្ហានៃសង្រ្គាមដែលយើងត្រូវឆ្លងកាត់អីអ៊ីចឹង ។ អ៊ីចឹងក្នុងន័យនេះ ខ្ញុំអត់មានស្ដីបន្ទោសគាត់អីទេ គា្រន់តែថា ចង់ឲ្យគាត់ជួយលើកតម្កើងអ្វីដែលជារបស់ខ្មែរទៅ នៅពេលដែលចូលឆ្នាំខ្មែរ ។ បើទោះជារាំក្បាច់ញាក់ ក្បាច់អី ក៏ខ្ញុំសាទរដែរ ឲ្យតែបង្ហាញផលិតផលខ្មែរ ។ ខ្ញុំឧទាហរណ៍ថា នៅពេលដែលស្វាយថៃ ចាក់គរច្រើន ជន់លើទីផ្សារ អ្នកល្បីគេហ្នឹង អ្នកសិល្បករល្បីហ្នឹង គេជួយបង្ហាញទៅ ជួយពាណិជ្ជករថៃ ជួយកសិករថៃ អ៊ីចឹង ។ យើងចង់ឲ្យអ្នកល្បីយើងអ៊ីចឹងដែរ អ៊ីចឹងក្នុងនាមគាត់ជាអ្នកល្បី ចង់ឲ្យគាត់បង្ហាញជាអ្វីមួយ ជាសិល្បៈវប្បធម៌ខ្មែរ បង្ហាញអ្វីមួយដែលគាំទ្រដល់ផលិតផលខ្មែរ ព្រោះឥឡូវនេះយើងកំពុងតែមានការលំបាកខ្លាំងណាស់ទៅលើសេដ្ឋកិច្ច“ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “ អ៊ីចឹងបើអ្នកល្បីទាំងអស់ហ្នឹង គាត់ជួយ ឧទាហរណ៍ថា ស្វាយចន្ទី រដ្ឋាភិបាលកំពុងលើកកម្ពស់ស្វាយចន្ទី ឲ្យទៅជាផលិតផលនាំចេញលេខ១ អីអ៊ីចឹង គាត់អាចបង្ហាញអីអ៊ីចឹងទៅ ហើយរាំបទញាក់ បទអីក៏ដោយចុះ ប៉ុន្តែគ្រាន់តែថា ឲ្យមានខ្លឹមសារជាខ្មែរ ព្រោះសម័យខ្មែរឥឡូវ ទាល់តែបទញាក់ បានគាត់រាំ មិនអ៊ីចឹង? ប៉ុន្តែឲ្យមានខ្លឹមសារជាខ្មែរ រូបភាពជាខ្មែរ ព្រោះសម័យតាសាមុត គាត់នៅតែបទញាក់រាំម៉េច ក៏គេនៅតែគិតថា គាត់មានរសជាតិខ្មែរដែរ ។ អ៊ីចឹងសិល្បៈត្រូវមានរសជាតិខ្មែរ ហើយចំពោះអ្វីដែលបកស្រាយថា បទនេះមិនមែនជាបទប្រពៃណី ជាបទសម័យទំនើប ខ្ញុំទទួលស្គាល់ថា សិល្បៈវាហៀរទៅហៀរមក មានន័យថា ចម្លងគ្នាទៅវិញទៅមក ប៉ុន្តែនៅក្នុងបរិយាកាសនៃពិធីចូលឆ្នាំប្រពៃណីខ្មែរ យើងត្រូវតែចូលរួមក្នុងបរិយាកាសហ្នឹងជាមួយគ្នា មិនគួរបង្ហាញអ៊ីចឹងទេ ។ ខ្ញុំនិយាយដដែល ខ្ញុំសាទរ ស្វាគមន៍បទញាក់ ក្នុងចូលឆ្នាំខ្មែរ ខ្ញុំក៏សាទរដែរ ប៉ុន្តែបង្ហាញពីសម្លៀកបំពាក់ ។ សម្លៀកបំពាក់របៀបខ្មែរខ្លះទៅ ។ យើងឃើញហើយ សម្លៀកបំពាក់ក្នុងបទចម្រៀងហ្នឹង គឺខ្ញុំមិនបាច់បរិយាយទេ មហាជនឃើញហើយ ហើយកុំបង្ហាញអំពីវប្បធម៌ប្រើកាំភ្លើងទឹកហ្នឹង វាមិនមែនជាវប្បធម៌ខ្មែរទេ ហើយវានាំទៅដល់គ្រោះថ្នាក់ និងខាតសេដ្ឋកិច្ច ខាតវប្បធម៌អីហ្នឹង គ្រាន់តែប៉ុណ្ណឹងទេ ខ្ញុំអត់មានជំទាស់អីទេ“ ។

 ជាមួយគ្នានេះដែ រលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម្រាប់លោក ស្ដាប់បទមួយចំនួនដែលឧកញ៉ាអ្នកចម្រៀងច្រៀង មិនចូលត្រចៀកសោះតែម្តង ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ។

 លោកបណ្ឌិត គិន ភា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា “យើងមានសំណាងជាងគេលើលោក មានឧកញ៉ា ច្រៀងឱ្យស្តាប់! ប្រជាជនខ្មែរ អាចចាត់ទុកថា ជាប្រជាជនដែលមានសំណាងជាងគេលើលោក ដ្បិតអ្នកច្រៀងឱ្យគាត់ស្ដាប់ ឬអ្នកនិយាយឱ្យគាត់ស្ដាប់ មួយចំនួនសុទ្ធតែជាឧកញ៉ា ដូចជា ឧកញ៉ាអ្នកចម្រៀង ឧកញ៉ាគ្រូជោគជ័យ ឧកញ៉ាគ្រូបារមី ឧកញ៉ា សាស្ត្រាចារ្យបណ្ឌិត ។ល។ និង ។ល។ ប៉ុន្តែ សម្រាប់ខ្ញុំ ស្ដាប់បទមួយចំនួនដែលឧកញ៉ាអ្នកចម្រៀងទាំងនោះច្រៀង មិនចូលត្រចៀកសោះតែម្តង ទាំងអត្ថន័យ អត្ថរស និងអត្ថរូប មិនដឹងជាទៅឯណា ដូចបែបបែកៗយ៉ាង ម៉េចមិនដឹង! នេះគ្រាន់តែជាចំណង់ចំណូលចិត្តខ្ញុំទេ អាចបងប្អូនកូនក្មួយឯទៀត គេស្តាប់កើតក៏មិនដឹង ដ្បិត មនុស្សយើងម្នាក់ៗ មានរសនិយមខុសៗគ្នា។ ក៏ប៉ុន្តែរសនិយមបែបណាក៏ដោយ ក៏គួរតែរសនិយមដែលនិយមវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិសាសន៍ខ្លួនដែរ កុំចម្លងរបស់ជាតិសាសន៍ដទៃ ឬធ្វើអ្វីដែលនាំឱ្យអាប់ឱនតម្លៃវប្បធម៌ ប្រពៃណីជាតិសាសន៍ខ្លួន“ ។

គួរបញ្ជាក់ថា ការរិះគន់របស់អ្នកនយោបាយ និងមន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោ យពេលដែលឧកញ៉ាខេមរៈ សិរីមន្ត តារាចម្រៀងល្បីប្រចាំផលិតកម្ម Galaxy  បានចេញបទចម្រៀងកាយវិការថ្មីមួយ ““ឆ្នាំហ្នឹងសប្បាយខ្លាំង” អនអរបិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយបង្ហាញនូវការស្លៀកពាក់ កាយវិការ និងកាំភ្លើងបាញ់ទឹក ដែលនាំឲ្យផ្ទុះការរិះគន់ពីមហាជនគ្រប់មជ្ឈដ្ឋានថា មិនសមណាកំពូលតារាចម្រៀង មានគោរមងារជាឧកញ៉ារូបនេះ ចេញបទចម្រៀងមិនសមនឹងកាលអាកាសបែបនេះសោះ។

 តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បង្ហោះវីដេអូនៃចម្រៀងរបស់ខ្លួន នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ជាមួយសំណេរថា “សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបានចាប់អារម្មណ៍ MV បទ “ឆ្នាំហ្នឹងសប្បាយខ្លាំង” បទនេះ មិនមែនជាបទបែបប្រពៃណីទេ គឺជាបទបែបសប្បាយៗ ចង្វាក់បែបទំនើប តាមសម័យកាលទំនើប ហើយមួយវិញទៀត យើងបានផ្សារភ្ជាប់ជាមួយនឹងក្អមខ្មែរ និងកាំភ្លើងជ័រ របស់ក្មេងៗលេង មានប្រភពមកពីអឺរ៉ុប ដែលមានលក់ពាសពេញពិភពលោក ហើយយើងបានច្នៃដាក់អក្សរអង់គ្លេសថា “I love Cambodia” និងអក្សរខ្មែរថា “ខ្ញុំស្រលាញ់កម្ពុជា” នៅលើកាំភ្លើងផងដែរ ។ សង្ឃឹមថា បងប្អូននឹងរីករាយរាំលេង នាពេលចូលឆ្នាំថ្មីខាងមុខនេះ ហើយខ្ញុំបាទក៏មានបទចម្រៀងលក្ខណៈប្រពៃណីជាច្រើនបទទៀត ដែលត្រៀមចេញផងដែរ។ ពេញលេងហើយធីមយើង“ ៕

RELATED ARTICLES