ខេត្តស្វាយរៀង ៖ ស្ត្រីរូបស្រស់ម្នាក់ ត្រូវបានបុរសជាប្តី និងក្រុមគ្រួសារ តាមស្វះស្វែងរកអស់រយៈពេល ១សប្តាហ៍មកហើយ បន្ទាប់ពីនៅសុខៗបានលាឈប់ពីកន្លែងធ្វើការ និងបានចាកចេញទៅជាមួយបុរសម្នាក់ ធ្វើឱ្យបុរសជាប្តី ដង្ហោយហៅ “វិលវិញមកអូន”។
ស្ត្រីដែលបាត់ខ្លួន មានឈ្មោះខៅ ស្រីរត្ន័ អាយុ២៤ឆ្នាំ ជាអតីតបុគ្គលិកកាស៊ីណូ មួយកន្លែង នៅក្រុងបាវិត មានលំនៅ ភូមិព្រៃទប សង្កាត់ច្រកម្ទេស ក្រុងបាវិត។ ស្ត្រីរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

តាមប្រភពបុរសជាប្តីស្ត្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា ប្រពន្ធរបស់គាត់ គឺជាបុគ្គលិកបម្រើការងារនៅកាស៊ីណូ មួយកន្លែង ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។ លុះមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសុខៗប្រពន្ធរបស់គាត់ បានលាឈប់ពីការងារ ដោយមិនដឹងមូលហេតុ។ ស្រាប់តែមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ប្រពន្ធគាត់បានបាត់ខ្លួនតែម្តង សូម្បីតែឆាតមិនមើល ទូរស័ព្ទក៏មិនលើក។

បុរសជាប្តី បានបន្តថា ពេលដែលប្រពន្ធរបស់គាត់បាត់ខ្លួននោះ នាងបានស្លៀកពាក់អាវក្នុងពណ៌សំបកឪឡឹក និងអាវខាងក្រៅពណ៌លឿង ស្ពាយកាបូបចំហៀង ហើយជាប់នឹងខ្លួន មានគ្រឿងអលង្ការមួយចំនួន ដូចជា កងដៃប្លាទីន ២ឈុត ខ្សែកប្លាទីន ១ខ្សែ និងចិញ្ចៀនប្លាទីន ១វង់។
បុរសជាប្តី បន្តទៀតថា គាត់មិនដឹងថា ប្រពន្ធគាត់ទៅណា ជាមួយអ្នកណាទេ តែតាមការសាកសួរមិត្តភក្តិធ្វើការជាមួយគ្នា ថាបានឃើញប្រពន្ធរបស់លោកជិះម៉ូតូជាមួយបុរសម្នាក់ ចេញទៅបាត់ តែមិនដឹងថា បុរសនោះត្រូវជាអ្វីនឹងនាងទេ។

យ៉ាងណា បុរសជាប្តី និងក្រុមគ្រួសារស្ត្រីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញស្ត្រីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងដល់គ្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៩០ ៧៥០ ៤១៧ ០៧១ ៧០ ៧៣ ៣៦៥ និង ០៨៨ ៧០ ៧៥ ២៧២ ដោយក្តីអនុគ្រោះ៕