Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះដេប៉ូប្រេង ខូចខាតជាង ៤ម៉ឺនដុល្លារ

ភ្លើងឆេះដេប៉ូប្រេង ខូចខាតជាង ៤ម៉ឺនដុល្លារ

ខេត្តកំពង់ឆ្នាំង ៖ ដេប៉ូលក់ប្រេង មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាត គិតជាទឹកប្រាក់ប្រមាណ៤ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដេប៉ូលក់ប្រេងមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ ម្តុំសាលាលេខ៥ ស្ថិតក្នុងភូមិជំទាវសុខ ឃុំច្រេះ ស្រុកកំពង់ត្រឡាច។

ម្ចាស់ដេប៉ូលក់ប្រេងរងគ្រោះ មានឈ្មោះយាប់ សារុន អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ធន ចន្ថា អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន។ ប្តីប្រពន្ធទាំងពីរ ជាម្ចាស់ដេប៉ូលក់ប្រេង និងលក់គ្រឿងសំណង់ មានលំនៅក្នុងភូមិជំទាវសុខ ឃុំច្រេះ ស្រុកកំពង់ត្រឡាច។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យ បានប្រើរថយន្ត ៩គ្រឿង និងប្រើទឹកបាញ់ពន្លត់អស់ចំនួន ១០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំង ស្រុង។

លោកស្នងការរង បានបញ្ជាក់ថា ចំពោះសម្ភារៈនិងទ្រព្យសម្បត្តិដែលរងការខូចខាត រួមាន សំណង់ដេប៉ូប្រេង ប្រមាណ ៥០ភាគរយ ទូកុងទ័រប្រេង ១គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង ម៉ូទ័របូមទឹក ១គ្រឿង ទុយោបូមទឹក ២០ដុំ ទុយោជ័រ ៣០០ដើម ចំណីសត្វ ៤០បាវ ស៊ីម៉ងត៍ ៥តោន ដបច្រកទឹកសុទ្ធ ៨០០០ដប ប្រេងម៉ាស៊ីន ៣១២ដប និងប៊ីដុង ២០០ប៊ីដុង។ ក្រៅពីនោះ មានរបស់ប្រើប្រាស់មួយចំនួនទៀត សរុបទំហំការខូចខាត គិតជាទឹកប្រាក់ ជាង៤ម៉ឺនដុល្លារ៕

RELATED ARTICLES