ខេត្តឧត្តរមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ ព្រោះតែតូចចិត្តនឹងកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ផង ជំពាក់បំណុលគេច្រើនផង គ្មានលទ្ធភាព សង ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះយ៉េង សៀងឡេង អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។
តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា ស្ត្រីរងគ្រាះ គឺជាស្ត្រីមេម៉ាយ រស់នៅតែម្នាក់ឯង និងថែមទាំងកើតមានជំងឺ រ៉ាំរ៉ៃប្រចាំកាយអស់ជាច្រើនឆ្នាំទៀតផង។ ដោយសារតែជំងឺរួមរឹតខ្លាំងពេក ទើបធ្វើឱ្យស្ត្រីរង- គ្រោះត្រូវដើរខ្ចីបុលគេយកទៅព្យាបាលជំងឺ តែ ហាក់មិនបានធូរស្បើយបន្តិចណាសោះ ទីបំផុត ជំងឺកាន់តែធ្ងន់ បំណុលក៏កាន់តែកើនឡើងវ័ណ្ឌក រកប្រាក់សងគេមិនបាន ទើបធ្វើឱ្យស្ត្រីរងគ្រោះ ចេះតែត្អូញត្អែរថា ពិបាកចិត្តណាស់ ជំពាក់ប្រាក់ គេ គ្មានលទ្ធភាពសង ចង់តែស្លាប់ប៉ុណ្ណោះ។
ប្រភពដដែលបន្តថា រហូតមកដល់វេលា ម៉ោង៦ព្រលប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលសាច់ញាតិឡើងទៅរកស្ត្រីរងគ្រោះ ដល់លើផ្ទះ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះ បានចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលអ្នកភូមិចោមរោមមើល និងរាយ- ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែនដោយប្រើក្រមាចងកភ្ជាប់នឹងធ្នឹមផ្ទះ ហើយនៅត្រង់ចំណុចករបស់ជនរងគ្រោះ មានស្លាកស្នាមរឹតបណ្តាលឱ្យជាំបំពង់ក។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុ ដែលនាំឱ្យស្ត្រីរងគ្រោះដាច់ចិត្តគិតខ្លីបែបនេះ គឺដោយសារតែស្ត្រីរងគ្រោះតូចចិត្តនឹងមានជំងឺ ប្រចាំកាយផង និងជំពាក់បំណុលគេច្រើនផង លុះគ្មានលទ្ធភាពសង ក៏សម្រេចចងកបញ្ចប់ ជីវិតបែបនេះតែម្តង។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ឡុង