Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទ ធាក់ផ្តួលម៉ូតូស្រី ជាប់ខ្នោះ៤

ឆក់ទូរស័ព្ទ ធាក់ផ្តួលម៉ូតូស្រី ជាប់ខ្នោះ៤

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច បន្ទាប់មក បក្ខពួក២នាក់ទៀត ដែលជាអ្នកចាំបិទគូទ បានធាក់ផ្តួលម៉ូតូរបស់នារីរងគ្រោះបន្ថែមទៀត ដើម្បីឱ្យកុំឱ្យដេញតាម រួចនាំគ្នាគេចខ្លួន តែភ្លាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រទះឃើញ ក៏ប្រដេញចាប់ក្របួចជាប់ជាបន្តបន្ទាប់ សរុប៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឆៃ ហេងឡាយ ហៅហេង សុងទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាអ្នកបើកនឹងជាជនដៃដល់)។ ទី២-ឈ្មោះសុខ សុវណ្ណរដ្ឋា អាយុ១៤ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ (ជាអ្នកជិះពីក្រោយ និងជាជនដៃដល់)។ ទី៣-ឈ្មោះអូន សុខហ៊ួរ អាយុ១៧ឆ្នាំ ភេទប្រុស មុខរបរលក់ផ្លែឈើ (ជាអ្នកបិទគូទ និងជាអ្នកធាក់ជនរងគ្រោះបណ្តាលឱ្យដួល) និងទី៤-ឈ្មោះយ៉ាត រ៉ាយុទ្ធ អាយុ១៩ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ (ជាអ្នកបើកម៉ូតូបិទគូទ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ៩និង២៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោកឧត្តម សេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញែមុ វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូ ចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរងគ្រោះដែលកំពុងជិះម៉ូតូ បានសម្រេច រួចធាក់ផ្តួលម៉ូតូនារីរងគ្រោះថែមទៀត។

ប្រភពដដែល បន្តថា ភ្លាមនោះ កម្លាំងជំនាញការិយាល័យធ្វើការប្រដេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវប៉ាស្ទ័រ (ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបន្តប្រដេញឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ទៀត នៅចំណុចសួនច្បារ វត្តបុទុមវតី ខណ្ឌដូនពេញ។

ក្នុងនោះសមត្ថកិច្ច បានដកហូតសម្ភារៈ រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KO-9481 (ជារបស់ជនសង្ស័យ)។ ២-ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IP-8649 (ជារបស់ជនសង្ស័យ) និង៣-ទូរស័ព្ទដៃម៉ាក iPhone ពណ៌ខៀវ ចំនួន១គ្រឿង (ជារបស់ជនរង គ្រោះ និងត្រូវបានប្រគល់ទៅឱ្យនារីជាជនរងគ្រោះវិញ)។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES