Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធររាជធានីភ្នំពេញ ហាមលេងជះទឹក ប៉ាតម្សៅ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

អាជ្ញាធររាជធានីភ្នំពេញ ហាមលេងជះទឹក ប៉ាតម្សៅ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយប្រកាសហាម លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការលេងជះទឹក គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការ វាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤  ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសា ធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានខ្លឹមសារទាំងស្រុងថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស. ២០២៤ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាប ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនី ទាំងអស់ ដូចខាងក្រោម ៖

១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ។

២- ហាមដាច់ខាតការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៣- ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមយានយន្ត ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត បង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិ៘

៤- ហាមឃាត់ការនាំចូល ចែកចាយ ទិញលក់ និងអុជផាវ ព្រមទាំងគ្រឿងផ្ទុះគ្រប់ប្រភេទដែលអាចបង្កឱ្យមានការភ្ញាក់ផ្អើល បង្កអសន្តិសុខ និងប៉ះពាល់សណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ។

៥- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

៦- លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើនកុះករ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ-កម្មការិនីទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារខាងលើ។

ទទួលបានសេចក្តីជូនដំណឹងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធ ភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ»៕

RELATED ARTICLES