ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ថ្មីៗនេះបណ្តាញសារព័ត៌មានក្នុងហ្វេសប៊ុក ឈ្មោះថា Tyndall Flowers និងអ្នកផ្សព្វផ្សាយមាតិកាក្នុងប្រព័ន្ធបណ្តាញសង្គមមួយ បានផ្សព្វផ្សាយថា “មហាកុដិ តម្លៃជិត ២លានដុល្លារ ក៏ខ្មែរអាចចូលរួមក៏សាងបាន តែបើស្ពានមួយ តម្លៃ១០០០ដុល្លារ សម្រាប់សិស្សឆ្លងទៅសា លា រៃអង្គាសជិត១០ឆ្នាំហើយ រៃអត់បាន…” ដែលខ្លឹមសារខាងលើនេះ បរិយាយក្នុងសកម្មភាពវីដេអូ ដែលក្មេងៗសិស្សសាលាកំពុងឆ្លងទូក ទៅសាលារៀន ស្ថិតក្នុងភូមិតាដេះ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

រដ្ឋបាលស្រុកភ្នំក្រវាញ បញ្ជាក់ថា នៅមុនខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាដេះនេះ មានស្ពានយោលមួយ ប្រវែង ១៣៥ម៉ែត្រ ដែលកសាងក្រោមការជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីឱ្យបង ប្អូនពលរដ្ឋនិងក្មួយៗសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ទឹងធំ)។

លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានកើនឡើងជាគំហុក ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រងការខូចខាត ក្នុងនោះក៏បណ្តាលឱ្យស្ពានយោលតាផេះ បាក់រលំខូចខាតទាំងស្រុង រាំងស្ទះការធ្វើចរាចរណ៍ទៅមករបស់ប្រជា ពលរដ្ឋ និងសិស្សានុសិស្ស។

បន្ទាប់ពីហេតុការណ៍នេះភ្លាម អភិបាលខេត្តពោធិ៍សាត់ ក្រុមការងារចុះមូលដ្ឋាន និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ទូកស្មាច់ កាណូត អាវពោង និងថវិកា ដែលរដ្ឋបាលស្រុកភ្នំក្រវាញ និងឃុំសំរោង បាននាំយកទៅជូនថ្នាក់ដឹកនាំភូមិ និងលោកគ្រូអ្នកគ្រូ ដើម្បីដោះស្រាយចម្លងបងប្អូនពលរដ្ឋ និងសិស្សានុសិស្ស ជាបណ្តោះអាសន្ន។

ចំពោះប្រជាពលរដ្ឋ ត្រូវធ្វើដំណើរមកទីរួមស្រុក នៅតែអាចធ្វើដំណើរបានដោយឆ្លងកាត់ទំនប់ដំណាក់សុក្រំ ស្ថិតក្នុងភូមិព្រែក២ ឬឆ្លង កាត់ស្ពានអូរព្រាល ក្នុងភូមិអូរព្រាល ឃុំសំរោងបានជាធម្មតា។ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារចុះមូលដ្ឋាន នៅតែបន្តជួយដោះស្រាយការ លំបាកបងប្អូនយើង ដោយបានឲ្យធ្វើទូកចម្លងធំ មានសុវត្ថិភាព និងផ្តល់អាវពោងបន្ថែម។ ករណីដាច់ស្ពានតាដេះ នេះ បើគិតមកដល់ពេលនេះ មានរយៈពេល ៦ខែ មិនដូចការផ្សាយព័ត៌មានដែលលើកឡើងថា រៃអង្គាសជិត ១០ឆ្នាំហើយ រៃអត់បាននោះទេ…៕