Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសម្បុកចោរប្លន់ វ៉ៃខ្នោះ១០នាក់

បំបែកសម្បុកចោរប្លន់ វ៉ៃខ្នោះ១០នាក់

ភ្នំពេញ ៖ ក្រុមជនសង្ស័យ ចំនួន១០នាក់ ដែលមុខសញ្ញាកាប់ប្លន់ម៉ូតូយ៉ាងសកម្ម និងបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពីយុវជន ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅមុខក្រសួងបរិស្ថាន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌចម្ការមន បង្ក្រាបបាន និងនាំមកបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

 ជនរងគ្រោះ ចំនួន២នាក់ដែលត្រូវក្រុមជនដៃដល់កាប់ប្លន់ម៉ូតូ ទី១-ឈ្មោះផន ភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខ របរដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងទី២-ឈ្មោះសេដ្ឋ ដានុត ភេទប្រុស អាយុ១៨ឆ្នាំ មុខ របរដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹង មានជ័យ១ ខណ្ឌមានជ័យ។

ចំណែកក្រុមជនសង្ស័យទាំង១០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះងួន សុផល ភេទប្រុស អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះធឹន ចរិយា ភេប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះជឹម សុវណ្ណលិ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៤-ឈ្មោះសួន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៥-ឈ្មោះសុទ្ធ សក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ។ ទី៦-ឈ្មោះ ណែម ផានីត ភេទប្រុស ១៩ឆ្នាំ។ ទី៧-ឈ្មោះឈឿម យីណាន់ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៨-ឈ្មោះសឿន រាម ភេទស្រី អាយុ១៨ឆ្នាំ។ ទី៩-ឈ្មោះគ្រីន សុខហេង ភេទស្រី អាយុ ១៨ឆ្នាំ និងទី១០-ឈ្មោះ សៀវ រ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរជាងជួសជុលម៉ូតូ (ទទួលផលចោរកម្ម)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ចធ្វើការឃាត់ខ្លួននៅចំណុចបឹងកក់ បានចំនួន២នាក់ និងឃាត់នៅក្នុងកោះពេជ្រ ចំនួន៧នាក់ រួចបន្តទៅឃាត់ខ្លួនអ្នកទទួលទិញ (ទទួលផលចោរកម្ម) ម្នាក់ទៀត នៅម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតម៉ូតូជនរងគ្រោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JV-9437 នៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានមកវិញ ដោយអ្នកកាន់កាំបិតកែច្នៃ ចុះកាប់ជនរងគ្រោះ និងអ្នកយកម៉ូតូទៅលក់ គឺមាន២នាក់ (១-ឈ្មោះធឹន ចរិយា ភេទប្រុស ២-ឈ្មោះសុទ្ធ សក្កដា) និងជាអ្នកយកម៉ូតូជនរងគ្រោះ ទៅលក់ឱ្យឈ្មោះសូវ វ៉ូ នៅម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៣និង៣០នាទីរសៀល បានលុយចំនួន ៤៥០ ដុល្លារ ហើយឈ្មោះធឹន ចរិយា ចែកឱ្យឈ្មោះសុទ្ធ សក្កដា ចំនួន ៧០ដុល្លារ រួមនិងបក្ខពួក ៧នាក់ទៀត ជាអ្នកចុះទៅវាយជនរងគ្រោះ។

ចំណែកអ្នកទទួលទិញម៉ូតូ (ទទួលផលចោរកម្ម) ឈ្មោះសៀវ វ៉ូ មុខរបរជាងជួសជុលម៉ូតូ ពេលទិញម៉ូតូពីជន សង្ស័យ បានហើយ ក៏យកទៅលក់ឱ្យឈ្មោះវុធ ភេទប្រុស អាយុប្រហែល៥២ឆ្នាំ នៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានលុយ ៦០០ដុល្លារ។ លុះដល់វេលាម៉ោង ៥ និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យទាំង១០នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES