Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ ៦៧ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ ៦៧ខ្នង

ខេត្តឧត្តរមានជ័យ ៖ ភ្លៀងកក់ខែ ១មេធំ លាយដោយខ្យល់កន្ត្រាក់ បានគ្របដណ្តប់មកលើភូមិសាស្ត្រស្រុកចំនួន៣ នៃខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ សរុបចំនួន៦៧ខ្នង។

ហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្រុក ចំនួន៣ រួមមាន ស្រុកបន្ទាយអម្ពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា ៥និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានកើតករណីភ្លៀងកក់ខែ លាយនឹងខ្យល់កន្ត្រាក់ រយៈពេលប្រមាណ ៣ម៉ោង បណ្តាលឱ្យខូចខាតផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ខូចខាតរបើកដំបូលស័ង្កសី របើកជង្រុកស្រូវ របើកក្បឿង  សំយាបផ្ទះ ជញ្ជាំងឈើ  និងរបស់របរមួយចំនួនជាច្រើនទៀត។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា ស្រុកទាំង៣ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលរងការវាយប្រហារដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ រួមមាន ១-ស្រុកបន្ទាយអម្ពិល ប៉ះពាល់ ចំនួន២ឃុំ ទី១-ឃុំគោកខ្ពស់ ខូចខាតផ្ទះ ចំនួន៦ខ្នង ទី២-ឃុំគោកមន  ខូចខាតផ្ទះ ចំនួន៥៥ខ្នង។ ២-ស្រុកត្រពាំងប្រាសាទ ប៉ះពាល់ ចំនួន១ឃុំ ស្ថិតនៅភូមិពពេល ឃុំផ្អាវ និង៣-ស្រុកអន្លង់វែង ប៉ះពាល់ឃុំចំនួន១ ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង។ សរុបទាំង៣ស្រុក រងការខូចខាតផ្ទះ ចំនួន៦៧ខ្នង។

យ៉ាងណា ករណីគ្រោះធម្មជាតិខាងលើ មិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វឡើយ៕

RELATED ARTICLES