Saturday, May 4, 2024
Homeព័ត៌មានជាតិលោកឃួង ស្រេង ចុះសួរសុខទុក្ខកងទ័ពជួរមុខ ការពារទឹកដីនៅខេត្តព្រះវិហារ-ស្ទឹងត្រែង

លោកឃួង ស្រេង ចុះសួរសុខទុក្ខកងទ័ពជួរមុខ ការពារទឹកដីនៅខេត្តព្រះវិហារ-ស្ទឹងត្រែង

ខេត្តព្រះវិហារ-ស្ទឹងត្រែង ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែន លេខ៧៩៣ ដែលកំពុងឈរជើងការពារទឹកដី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោកឃួង ស្រេង បានឱ្យដឹងថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សា រណៈស្តីពីការចងសម្ព័ន្ធមេត្រី ជាមួយអង្គភាពជួរមុខ ចំនួន២ នោះគឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះ វិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិ ភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សរណៈចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅ របស់បងប្អូនកងទ័ព ចំនួន៤អង្គភាព បន្ថែមទៀត។

តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាង ហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍ ២ដង ក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើ ប្រាស់ ព្រមទាំងថវិកា ឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែក រំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រីរវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្រាប់ពេលនេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ សម្រាប់អង្គភាពនីមួយៗ ដែលរួមមាន ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង ជែលលាងដៃ និងថវិកាកសាងមួយចំនួន ដើម្បីប្រគល់ជូនដល់បណ្តាអង្គភាពជួរមុខនីមួយៗ ក្នុងនោះ ៖

– ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០លានរៀល ស៊ីម៉ងត៍ ដែក ថ្ម ខ្សាច់សរុបទឹកប្រាក់ ចំនួន ៣១ ០០០ដុល្លារ សម្រាប់កសាងទំនប់ទឹក ស្ថិតនៅភូមិសាស្ត្រមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនធំទៀត។

– ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៤០លានរៀល សាងសង់រោងដាក់រថយន្ត សង់អាងស្តុកទឹក ស្មើនឹងថវិកាចំនួន ២៧ ០៤៥ដុល្លារ និងឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគ-បរិភោគមួយចំនួនធំទៀត។

– ឧបត្ថម្ភជូនវរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០លានរៀល ស័ង្កសី ស៊ីម៉ងត៍សរុបទឹកប្រាក់ចំនួន ៥០០០ដុល្លារ សម្រាប់ជួសជុលអគារស្នាក់នៅរបស់នគរបាល ដែលមានសភាពចាស់ទ្រុឌទ្រោម ជាមួយនឹងការឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ។

– ឧបត្ថមយោធភូមិភាគ១ ថវិកា ចំនួន៥លានរៀល

– ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៤០លានរៀល ម៉ាស៊ីនថតរូប ១គ្រឿង និងសម្ភារៈបំពាក់បន្ថែម ស្មើនឹងទឹកប្រាក់ ចំនួន ១១ ០៧០ ០០០រៀល ត្រាក់ទ័រ ១គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន ១៣៦ ៩៥០ ០០០ រៀល និងឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនធំទៀត។

– ឧបត្ថមជូនវរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន៥វរៈ ក្នុង១វរៈ ថវិកា ចំនួន២០លានរៀល។

– ជូនសាលាស្រុក សៀមប៉ាង ថវិកា ចំនួន ២លានរៀល។

– ផ្នែកសឹករងស្រុកសៀមប៉ាង ថវិកា ចំនួន ១លានរៀល។

– សាលាឃុំ ថ្មកែវ ថវិកា ចំនួន ១លានរៀល។

– ប៉ុស្តិ៍នគរបាលរដ្ឋបាល ថ្មកែវ ថវិកា ចំនួន ១លានរៀល។

– វត្តនៅស្រុកសៀមប៉ាង ចំនួន៦វត្ត ក្នុង១វត្ត ប្រគេនអង្ករ ចំនួន១០០គីឡូក្រាម បច្ច័យចំនួន២លានរៀល។

– វត្តរតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ចំនួន១វត្ត ប្រគេនអង្ករ ចំនួន១០០គីឡូក្រាម បច្ច័យចំនួន៤លានរៀល។

គួរបញ្ជាក់ថា នៅមុននៃការធ្វើពិធីចុះសួរសុខទុក្ខនិងនាំយកអំណោយនេះ ពោលគឺនៅរាត្រីថ្ងៃទី៣១ ខែមីនា លោកឃួង ស្រេង និងលោកស្រី ព្រមទាំងប្រតិភូ បានជួបជុំពិសាអាហារសាមគ្គី និងរាំលេងតាមបែបប្រពៃណីខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មី នៅក្នុងទីបញ្ជាការវរសេនាតូច អន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលផងដែរ៕

RELATED ARTICLES