Wednesday, May 1, 2024
Homeព័ត៌មានសិល្បៈ ល្អហួស ដណ្តើមបានមកុដអន្តរជាតិពីថៃ លើកមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា

 ល្អហួស ដណ្តើមបានមកុដអន្តរជាតិពីថៃ លើកមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា

បាងកក-ភ្នំពេញ ៖ នៅទីបំផុត ការមិនបោះបង់ក្តីស្រមៃ បានធ្វើឲ្យកញ្ញា ជូរី ល្អហួស កូនស្រីកម្ពុជា ដ៏ស្រស់ស្អាត ឆ្លាតវាងវៃ ដណ្តើមយកជោគជ័យជូនមាតុភូមិ តាមដែលនាងសន្យាបាន គឺដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 ពីប្រទេសថៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ជួយលើកមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា ដោយមានការអបអរសាទរពីបងប្អូនជនរួមជាតិខ្មែរ ទូទាំងសកលលោក។

កញ្ញាជូរី ល្អហួស បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ថា «កូនស្រីកម្ពុជា យកភាពជោគជ័យជូនមាតុភូមិ តាមដែលនាងខ្ញុំសន្យាបានហើយ។

កញ្ញា ល្អហួស បានសរសេរបន្ថែមថា «ការប្ដេជ្ញាចិត្តរបស់នាងខ្ញុំ ធ្វើឲ្យនាងខ្ញុំយកជ័យជម្នះមកជូនជាតិមាតុភូមិ ដោយស្នាមញញឹម និងកិត្តិយសដ៏ខ្ពង់ខ្ពស់ កេរ្តិ៍ឈ្មោះដ៏ក្រអូបថ្លៃថ្លារបស់ប្រទេសជាតិយើងទាំងអស់គ្នា»។កញ្ញា ល្អហួស បានសរសេរបន្ថែមទៀតថា «ការមិនបោះបង់ក្តីស្រមៃ ធ្វើឲ្យយើងសម្រេចបានក្តីស្រមៃពិត ប្រាកដ កូនស្រីកម្ពុជា»។

ចំណែកលោកស្រី ដេនី ក្វាន់ ម្តាយបង្កើតរបស់កញ្ញា ល្អហួស បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃដដែលនោះថា «កូនស្រីខ្ញុំ យកមកុដ ជូនកម្ពុជា យើងបានហើយ! កម្ពុជា យើងឈ្នះហើយ! រំភើប និងមានមោទនភាពខ្លាំងណាស់ Miss Preteen Junior Idol World 2024 »។

សូមបញ្ជាក់ថា ក្រៅពីដណ្តើមបានមកុដ និងពាន Miss Preteen Junior Idol World 2024 ដែលជាវេទិកាប្រកួតប្រជែងផ្នែកសម្រស់ និងសមត្ថភាពកុមារ លំដាប់អន្តរជាតិ លើកទី៣ ដែលត្រូវបានរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ នោះ កញ្ញា ល្អហួស ក៏ជាប់ជាជ័យលាភី និងឈ្នះពានរង្វាន់ជាច្រើនទៀតផងដែរ ដូចជា People’s Choice Awards,  JIW 2024 Ambassador, Photogenic, Best Interview, Best National Costume, Best Talent  រហូតធ្វើឲ្យគ្រូបង្វឹក និងអ្នកដឹកនាំ ល្អហួស ទៅប្រកួត លាន់មាត់សរសើរថា ល្អហួស ពិតជាគ្រាប់ពេជ្រលេខ១ នៃកម្ពុជាមែន ព្រោះតាំងពីចូលវិស័យប្រឡងបវរកញ្ញាមក គាត់អត់ដែលឃើញបវរកញ្ញាណាដែលអាចទទួលបានពានរង្វាន់អន្តរជាតិ ច្រើនដូចល្អហួស នេះឡើយ។ ជាពិសេស ល្អហួស ធ្វើបានល្អបំផុត នៅវគ្គ សំណួរ-ចម្លើយ (Q&A)។

ចំណែកការប្រកួតសមត្ថភាព ក្នុងឈុតតំណាងជាតិ រួមមាន «អប្សរាមហាអង្គរ» និង «រាជិនីហង្សាវតី ស្រីកម្ពុជា» ក៏ល្អហួស ធ្វើបានល្អ គួរឲ្យសរសើរ រហូតគណ:កម្មការទាំងអស់ ពេញចិត្ត Miss Preteen Cambodia ជូរី ល្អហួស ផ្តល់ឱកាសឲ្យនាងបានឈានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ  (Final Round) ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌល CDC Crystal Grand Ballroom , ទីក្រុងបាងកក (Bangkok) ប្រទេសថៃ (Thailand) កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដណ្តើមបានពាន និងមកុដ Miss Preteen Junior Idol World 2024 ដោយជោគជ័យយ៉ាងធំធេង និងជាមោទនភាពសម្រាប់បងប្អូនប្រជាជនកម្ពុជា ទូទាំងសកលលោក៕ ខៀវទុំ

RELATED ARTICLES