Wednesday, December 11, 2024
Homeព័ត៌មានជាតិ សង្ក្រាន្ត ចូលឆ្នាំថ្មី នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោក

 សង្ក្រាន្ត ចូលឆ្នាំថ្មី នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តពោធិ៍សាត់ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ុន ម៉ាណែត កម្ពុជា នៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ចូលឆ្នាំថ្មី ទោះបីប្រទេសថៃ បានចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ ព្រោះជាពាក្យដែលខ្មែរ បានប្រើតាំងពីរាប់ពាន់ឆ្នាំមក ហើយ និងមាននៅក្នុងសិលាចារឹក ជាភស្តុតាង ហើយសម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបី ចំនួន៧ទៀត នាពេលខាងមុខ ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី  បានណែនាំឱ្យក្រសួងវប្បធម៌ រៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅឆ្នាំក្រោយផងដែរ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សម្តេចហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តមណីរតនារាម នាពេលនេះ។ សម្តេច បានមានប្រសាសន៍ថា កម្មវិធីសម្ពោធសមិទ្ធផលផ្នែកសាសនា នាថ្ងៃនេះ ជាលើកដំបូងសម្រាប់រាជរដ្ឋាភិបាល នីតិកាលថ្មី ហើយនឹងត្រូវត្រៀមសម្ពោធថ្មីៗជាបន្តទៀត។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ទាំងអស់ ដែលបានគាំទ្រការដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងនោះការបោះឆ្នោត ឆ្នាំ២០២៣ កន្លងទៅ អ្នកពោធិ៍សាត់ ប្រមាណ ៨៧ភាគរយ បានចេញទៅបោះឆ្នោត ហើយជាង ៩០ភាគរយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឆ្លើយតបការជឿទុកចិត្តនេះ រាជរដ្ឋាភិបាល នឹងប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ឱ្យអស់ពីកម្លាំងកាយចិត្ត។

សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកសំណង់ផ្នែកព្រះពុទ្ធសាសនា នៅក្នុងវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់នេះ នឹងក្លាយជាសំណង់ផ្នែកព្រះពុទ្ធសាសនា ចាក់គ្រឹះរាប់រយឆ្នាំទៅមុខទៀត សម្រាប់ការប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា។ នៅក្នុងឱកាសនេះផងដែរ សម្តេច បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នាញ៉ាំងឱ្យសមិទ្ធផលនេះលេចជារូបរាងឡើង។ សម្តេច បានថ្លែងកោតសរសើរចំពោះទឹកដៃនៃការសាងសង់ ក៏ដូចជាការគូរគំនូរនានានៅព្រះបទុមចេតិយ ដែលមានភាពស្អាតនិងប្រណីត។ សន្តិភាព ជាធាតុដ៏សំខាន់សម្រាប់ការកសាងជាតិ។ សម្តេច បន្តថា សេរីភាពផ្នែកសាសនា ត្រូវបានរាជរដ្ឋា ភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ឆ្នាំ១៩៧៩ ហើយសមិទ្ធផលតាមទីអារាម រីកស្គុសស្គាយទៅបាន ដោយសារប្រជា ពលរដ្ឋមានលទ្ធភាព មានជីវភាពល្អប្រសើរ។ សម្តេច បានថ្លែងថា ក្រោយរបបខ្មែរក្រហម ដួលរលំឆ្នាំ១៩៧៩ កម្ពុជា មានវត្តតែមួយទេ ឥឡូវមានជាង ៥ពាន់វត្ត, មានព្រះសង្ឃជាង ៧ម៉ឺនអង្គ។

នៅថ្ងៃនោះ សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ។ សម្តេច បានមានប្រសាសន៍ថា កិច្ចការពារសម្បត្តិវប្បធម៌ ជារឿងធំណាស់ សម្រាប់រាជរដ្ឋាភិបាល រាល់អាណត្តិមកហើយ  ហើយកម្ពុជា មិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ។ កម្ពុជា នៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ទោះបីថៃ ចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដោយ ហើយឆ្នាំនេះ សម្ដេច បានជំរុញឲ្យអាជ្ញាធរខេត្ត ក្រុងទាំងអស់ រៀបចំសង្ក្រាន្តឆ្នាំថ្មី ឱ្យកាន់តែសប្បាយ នៅតាមខេត្ត ក្រុង ស្រុកនានា។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបិយ ចំនួន៧ទៀត នាពេលខាងមុខ ហើយសម្តេច បានណែនាំឱ្យក្រសួង រៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយ ផងដែរ។ សម្តេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

នៅថ្ងៃនោះ សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ។ សម្តេច ក៏បានណែនាំដល់យុវជន កុំលេងអ្វីដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សម្តេច ណែនាំឱ្យមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ ពេលប៉ះពារគ្នាពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា ពលករខ្មែរ នៅថៃ មិនតម្រូវឱ្យបង់ថ្លៃសេវាចូលប្រទេសថៃវិញ ឬប្រទេសជិតខាងផ្សេងទៀត ដូចជា ឡាវ ភូមា វៀតណាម ជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះឡើយ។ សម្តេច បានណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ ហើយមិនត្រូវយកថ្លៃសេវាផ្សេងៗនោះឡើយ។

នៅថ្ងៃនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីទប់ស្កាត់ការទន្ទ្រានយកដី ជាសម្បត្តិរដ្ឋ ត្រូវពង្រឹងការបន្តអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកបំពាននិងប្រព្រឹត្តខុស។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កុំឱ្យពាក់ព័ន្ធ បើពាក់ព័ន្ធ ត្រូវបញ្ចប់តួនាទី។ សម្តេច បន្តថា គណៈអភិបាលក្រុង-ស្រុក ជាអ្នកមានសមត្ថកិច្ចជួរមុខ ក្នុងការទប់ស្កាត់ការទន្ទ្រានយកដី ជាសម្បត្តិរដ្ឋ។ សម្តេច បានថ្លែងថា នៅកន្លែងមានបញ្ហាក្តៅពាក់ព័ន្ធការទន្ទ្រានដីសម្បត្តិរដ្ឋ ត្រូវគិតគូរតែងតាំងនិងផ្លាស់ប្តូរថ្នាក់ដឹកនាំស្រុក ដោយគិតពីប្រសិទ្ធភាពការងារ។

សម្តេច បានថ្លែងថា ក្រុង-ស្រុក ចំនួន១០ ដែលមានសកម្មភាពទន្ទ្រានដីរបស់ខ្លាំង នឹងត្រូវពិចារណាផ្លាស់ប្តូរថ្នាក់ដឹកនាំ។ សម្តេច ក៏បានណែនាំឱ្យដកហូតដីទំហំប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំង ក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។ សម្តេច ក៏បានសម្រេចឱ្យលោក កែវ រតនៈ ជាប្រធានក្រុមការងារ ដឹកនាំជជែកដកហូតដីនេះ មករក្សាទុកធ្វើជាទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិ ពីព្រោះ មិនងាយមានកន្លែងព្រៃធម្មជាតិដ៏ស្រស់ស្អាតបែបនេះណាស់។

សម្តេច ក៏ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិ ដែលមានដីទំហំក្រោម ១០ហិកតារផងដែរ។ សម្តេច បានថ្លែងថា សម្រាប់គម្រោងអនុវត្តន៍ហើយ អនុញ្ញាតឱ្យបន្ត ប៉ុន្តែចំពោះគម្រោងណាអនុវត្តមិនត្រូវរឿង ហើយខុសឆ្គងធ្ងន់ ត្រូវដកហូតជាបន្ទាន់ ហើយសម្រាប់គម្រោងបានអាជ្ញាបណ្ណហើយ មិនទាន់អនុវត្តន៍ គឺទុករយ:ពេល ៦ខែ ដើម្បីឲ្យពិចារណាសើរើឡើងវិញ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់បណ្ដាសប្បុរសជន ជាតិនិងអន្តរជាតិមួយចំនួនផងដែរ ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលក្នុងវត្តមណីរតនារាម នាថ្ងៃនេះ៕ ខៀវទុំ

RELATED ARTICLES