Tuesday, April 30, 2024
Homeសង្គម និងជីវិត កូនដំរី ជីពេជ្រ ឈឺងាប់នៅមណ្ឌលគិរី

 កូនដំរី ជីពេជ្រ ឈឺងាប់នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កូនដំរីស្រុក ១ក្បាល មានឈ្មោះ “ជីពេជ្រ” ដែលទើបនឹងមានអាយុប្រមាណជាង២ឆ្នាំ បានងាប់គួរឱ្យសោកស្តាយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅឯខេត្តមណ្ឌលគិរី។

តាមប្រភពអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅកិច្ចផ្តួចផ្តើមនិងបរិស្ថាន Elephant Livelihood Initiative Environment (E.L.I.E) បានឱ្យដឹងថា កូនដំរី ឈ្មោះ ជីពេជ្រ ភេទញី មានអាយុ២ឆ្នាំ៦ថ្ងៃ បានងាប់ ដោយ សារឈឺហើមដៃជើង ហើមខ្លួន តែក្នុងរយៈពេល ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៤ ហើយបានងាប់ នៅវេលាម៉ោង ៩យប់ នៅក្នុងអូរប៉ុងប៉ាស់ (ចន្លោះស្រែអ៊ី និងពូត្រុំ) ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា ជីពេជ្រ មានមេឈ្មោះជីប៉ាល់ ដែលជាដំរីស្រុកញី តែ១គត់ នៅខេត្តមណ្ឌលគិរី ដែលបង្កើតបានកូន ញី១ក្បាល ឈ្មោះ ជីពេជ្រ កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែ មីនា ឆ្នាំ២០២២។ ជីពេជ្រ ជាកូនដំរីស្រុក កាត់ព្រៃ ១ក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី។

កាលនោះ ប្រធានអង្គការ E.L.I.E កញ្ញា Jemma Bullock បានលើកឡើងថា នាងពិតជាមានសេចក្តីរំភើបរីករាយបំផុត ព្រោះជាលើកទី១ហើយ ដែលមានកូនដំរីស្រុកកាត់ព្រៃ នៅលើទឹកដី ខេត្តមណ្ឌលគិរី។ កញ្ញា បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ ជីពេជ្រ គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រ ១គ្រាប់ ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី។

កញ្ញា បានបន្តថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ឆ្នាំមុន មានដំរីព្រៃឈ្មោល មួយក្បាលបានចេញពីតំបន់ការពារ នៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ Elephant Valley Project បន្ទាប់មកបាននាំជីប៉ាល់ ទៅក្នុងព្រៃ ជាមួយ រយៈពេល២សប្តាហ៍ ដែលជាលទ្ធផលធ្វើឱ្យនាងជីប៉ាល មានផ្ទៃពោះ ដោយមិនបានព្រាងទុក។ កញ្ញា បានបន្តទៀតថា ម្តាយនិងកូន មានសុខភាពល្អ បន្ទាប់ពីសម្រាលបានបីថ្ងៃ ដែលជីប៉ាល់ បានអស់កម្លាំងខ្លាំង បន្ទាប់ពីសម្រាលជីពេជ្រ។

កញ្ញា បានបន្តទៀតថា មុនដំបូង នាងព្រួយបារម្ភខ្លាំងខ្លាចមេដំរី ខឹងនឹងខ្លាចកូនដំរី ហើយរត់ទៅឆ្ងាយ ប៉ុន្តែជាការគិតខុសស្រឡះ ព្រោះនាងបានបង្ហាញក្តីស្រលាញ់ ការពារយក ចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនិងសុខភាពល្អ។

យ៉ាងណា ជាអកុសល ក្រោយពីចាប់កំណើតបានត្រឹមរយៈ ពេល២ឆ្នាំ និង៦ថ្ងៃ កូនដំរី ជីពេជ្រ បានបាត់បង់ជីវិត ដោយសារជំងឺ គួរឱ្យសោកស្តាយបំផុត៕

RELATED ARTICLES