ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ ១ក្រុម (នៅក្នុងឃុំ) ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ជិត៨០០គីឡូក្រាម បម្រុងឆ្លងដែនតាមលំហសមុទ្រ ទៅកោះតៃវ៉ាន់ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ម្នាក់ៗ រយៈពេល២០ឆ្នាំ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ រួមមាន លោក ស សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកហុក ពៅ ជាចៅក្រមប្រឹក្សា លោកតុប ឈុនសុង ជាចៅក្រមប្រឹក្សា តំណាងអយ្យការ គឺលោក សុក កែវបណ្ឌិត ឋានៈព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ សាលក្រមប្រកាសជាសាធារណៈ ដោយចំពោះមុខជន ជាប់ចោទ និងមេធាវីការពារក្តី។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទ ២នាក់ ម្នាក់ឈ្មោះ AN CHI WEI ភេទប្រុស អាយុ៣២ឆ្នាំ ជាមេខ្លោង និងម្នាក់ឈ្មោះ TUAN CHONG YUE ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារ កំណត់ម្នាក់ ២០ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ចំនួន៤០លានរៀល ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះវីឡា មួយកន្លែង ស្ថិតលើភ្នំ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងចំណុចផ្ទះជួលលេខ៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ និងបទល្មើសសម្អាតប្រាក់ ប្រព្រឹត្តនៅព្រះរាជណាចក្រកម្ពុជា កាលពីឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣។
ចំណែក ៥នាក់ ១-ឈ្មោះ CHEN CHI HSIANG ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ២-ឈ្មោះ CHEN YI YANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ៣-ឈ្មោះ LIAO SHI BO ភេទប្រុស អាយុ៣៥ឆ្នាំ ជន ជាតិចិនតៃវ៉ាន់។ ៤-ឈ្មោះ TSAI YUCHING ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងម្នាក់ស្ថិតនៅក្រៅឃុំ សាលក្រមសម្រេចឱ្យរួចផុតពីបទចោទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះវីឡាមួយកន្លែង ស្ថិតលើភ្នំ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងចំណុចផ្ទះជួលលេខ៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ។បន្ទាប់ពីសាលក្រមបានប្រកាសចប់សព្វគ្រប់ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តន្ទាទោស និងការប្រកាសទោសបន្ថែម ដោយហាមឃាត់ចំពោះការចូលនិងការស្នាក់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេស ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន៕