Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិតរៀបការ គូដណ្តឹងសុំផ្តាច់ពាក្យ ប្រុសតូចចិត្ត ច...ង...ក...ស្លាប់

ជិតរៀបការ គូដណ្តឹងសុំផ្តាច់ពាក្យ ប្រុសតូចចិត្ត ច…ង…ក…ស្លាប់

ខេត្តស្វាយរៀង ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយយុវតីម្នាក់ រហូតឈានដល់ភ្ជាប់ពាក្យ ក្លាយជាគូដណ្តឹង ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែមានជម្លោះនឹងគ្នា ស្រាប់តែភាគីស្រី បានសុំផ្តាច់ពាក្យ ជាហេតុធ្វើឱ្យខាងប្រុស ឈឺចិត្តស្អិតទ្រូង ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។

ករណីចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

យុវជនដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះហេង វិច្ឆិកា ហៅហៃ អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ មានគូដណ្តឹង ជិតដល់ថ្ងៃចូលរោងការទៀតផង ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ឮជនរងគ្រោះនិយាយថា គូដណ្តឹងរបស់គេ បានសុំផ្តាច់ពាក្យ តែមិនបានបញ្ជាក់ច្បាស់ថា ពួកគេមានទំនាស់ ឬមានការអាក់អន់ស្រពន់ចិត្តនឹងគ្នារឿងអ្វីនោះទេ។ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ ប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបែបនេះតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

តាមប្រភពសមត្ថកិច្ចក្រុងបាវិត បានបញ្ជាក់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ថា កាលពីវេលាម៉ោង ៧និង១០នាទី ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅផ្ទះរបស់ឈ្មោះភោគ សាមុត ភេទស្រី អាយុ៤៣ឆ្នាំ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីមនុស្សស្លាប់ដោយសារធ្វើអត្តឃាត(ចងក)។ បន្ទាប់ពីបានទទួលព័ត៌មានខាងលើរួចមក លោកអធិការនគរ បាលក្រុងបាវិត បានចាត់តាំងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ និងលោកវេជ្ជបណ្ឌិត អំ សំអាត សមាជិកគណៈកម្មការកោសល្យវិច័យ នៃមន្ទីរ ពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព ដល់ទីតាំងកើតហេតុ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ សពមានស្លាកស្នាមនៅលើខ្លួនប្រាណ ផ្នែកក្បាល មានទឹកពណ៌ផ្កាឈូក ហូរចេញតាមច្រមុះ និងមានខ្សែគោពណ៌សលាយក្រហម ចងកជាប់រនងផ្ទះ មានកម្ពស់៣ម៉ែត្រពីដី និងមិនមានស្លាកស្នាមអ្វីសង្ស័យជាអំពើឃាតកម្មនោះទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុដោយសារជនរងគ្រោះមានវិបត្តិផ្លូវចិត្ត គូដណ្តឹងសុំផ្តាច់ពាក្យ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES