Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាដើររើសសំរង ជាន់មីន ផ្ទុះ...ដា...ច់...ជើង

តាដើររើសសំរង ជាន់មីន ផ្ទុះ…ដា…ច់…ជើង

ខេត្តបាត់ដំបង ៖ អ្នកភូមិ ១ក្រុម បាននាំគ្នាដើរចូលព្រៃ បំណងរើសផ្លែសំរង យកមកលក់ ស្រាប់តែអកុសល បុរសចំណាស់ម្នាក់ ក្នុងចំណោមនោះ  បានដើរជាន់គ្រាប់មីន ១គ្រាប់ បណ្តាលឱ្យផ្ទុះកក្រើកពេញព្រៃ ផ្អើលដល់អ្នកភូមិដែលរួមដំណើរជាមួយគ្នា ស្ទុះរត់ទៅមើល ប្រទះឃើញបុរសរងគ្រោះរងរបួសដាច់ជើងម្ខាង ក៏ប្រញាប់នាំគ្នាសែងចេញពីព្រៃ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទឹកជុល ក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត។

បុរសរងគ្រោះដែលដើរជាន់គ្រាប់មីន បណ្តាលឱ្យផ្ទុះដាច់ជើង មានឈ្មោះជី ឃាន ហៅតាសក់ស អាយុ៦២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត។

លោកម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ រួមជាមួយអ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នាចូលព្រៃនៅតំបន់ខាងលើ ដើម្បីដើររើសផ្លែសំរង យកទៅលក់ តែចៃដន្យជនរងគ្រោះ បានដើរជាន់គ្រាប់មីន ដែលកប់ក្នុងដី បណ្តាលឱ្យផ្ទុះ  ដាច់ប្រអប់ជើងខាងស្តាំតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវរបួសអ្នកភូមិជួយសែងចេញពីក្នុងព្រៃ រួចដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពតាតោក ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។

លោកអធិការ បានបញ្ជាក់ថា សមត្ថកិច្ច មិនបានដឹងរឿងនេះភ្លាមៗនោះទេ ដោយសារតែភ្លាមៗនេះ អ្នកភូមិរវល់តែភិតភ័យ និងប្រញាប់ជួយសែងជនរងគ្រោះចេញពីក្នុងព្រៃ រួចបញ្ជូនមកដល់មណ្ឌលសុខភាព ទាំងយប់ ទើបមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ រហូតដល់ពេលបញ្ជូនជនរងគ្រោះមកដល់មណ្ឌលសុខភាព ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។ យ៉ាងណា ពេលនេះ ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះ មានសភាពធ្ងន់ ទើបក្រុមគ្រួពេទ្យ បានសម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្ត។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នារដូវប្រាំង គេតែងឃើញប្រជាពលរដ្ឋមួយចំនួននៅស្រុកសំឡូត តែងនាំគ្នាចូលព្រៃដើរ រើសផ្លែសំរង យកទៅលក់ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ក្រៅពីនេះ អ្នកភូមិក៏បាននាំគ្នាដើរកាប់ស្លឹកចេកព្រៃ យកទៅលក់ដែរ ដែលជាមុខរបរបន្ទាប់បន្សំ ក្រៅពីការងារស្រែចម្ការ។

ដោយសារតែការចូលរុករានព្រៃរកអនុផលព្រៃឈើបែបនេះ ទើបធ្វើឱ្យប្រជាពលរដ្ឋក្រីក្រមួយចំនួននៅក្នុងស្រុកសំឡូត តែងជួបគ្រោះថ្នាក់ជារឿយៗ ដោយសារគ្រាប់មីន ដែលសេសសល់ពីសម័យសង្គ្រាម៕

RELATED ARTICLES