Wednesday, December 11, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបា...ញ់...ស...ម្លាប់ ប្លន់៣០ម៉ឺន គេច២ថ្ងៃ ជាប់ខ្នោះ

បា…ញ់…ស…ម្លាប់ ប្លន់៣០ម៉ឺន គេច២ថ្ងៃ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនដៃដល់ជាឃាតករ ដែលបានបាញ់សម្លាប់បុរសម្នាក់ ប្លន់លុយចំនួន៣០ម៉ឺនរៀល កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ នោះ ត្រូវបានសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ក្រោយពីជនសង្ស័យជាឃាតករ ព្យាយាមរត់គេចខ្លួន បានរយៈពេល២ថ្ងៃ។

ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ខន មិត្ត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ចំណែកជនរងគ្រោះ មានឈ្មោះឌី សៀងហៃ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

តាមការបំភ្លឺពីស្ត្រីឈ្មោះរុន ចាន់ធីម អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ចន្លោះម៉ោងប្រមាណ ៨ទៅ៩យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មានជនសង្ស័យម្នាក់ មិនស្គាល់មុខ បានដើរលបមកសំងំចាំមុខទ្វារផ្ទះរបស់គាត់ (ទ្វារក្រោយ) ហើយបាញ់សម្លាប់ប្តីរបស់គាត់ (ជនរងគ្រោះឈ្មោះឌី សៀងហៃ) ខណៈប្តីរបស់គាត់ បានទៅអើតមើលទ្វារក្រោយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា បន្ទាប់មក ជនសង្ស័យ បានស្ទុះឡើងមកក្នុងផ្ទះ តាមទ្វារក្រោយ ដោយកាន់កាំភ្លើងច្នៃ ១ដើម ជាប់ដៃ និងមានស្ពាយសម្ភារៈជាប់ខ្លួន ដូចជា ពិលកែវឆ្លុះ នឹងប៊ីដុងទឹក ហើយពេលនោះ គាត់បានចាំច្បាស់ថា  ជនសង្ស័យពាក់ស្បែកជើងប៉ាត់តា ចងខ្សែពណ៌កាហ្វេ បានសម្លុតគាត់យកកាបូបលុយ ដោយក្នុងកាបូបនោះ មានប្រាក់ ចំនួន៣០ម៉ឺនរៀលគត់។ លុះពេលប្លន់យកលុយបានហើយ ជនសង្ស័យ បានលោតចេញតាមទ្វារក្រោយ គេចខ្លួនបាត់ភ្លាមៗ។

ក្រោយពីទទួលបានការបំភ្លឺពីប្រពន្ធជនរងគ្រោះរួចមក សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីស្ត្រីជាប្រពន្ធជនរងគ្រោះ រួមនិងសាក្សីប្រជាពលរដ្ឋ ប្រជាការពារ និងលោកមេភូមិ ព្រមទាំងមានរបាយការណ៍របស់លោកមេភូមិ ភ្ជាប់មកជាមួយស្រាប់ ទើបសមត្ថកិច្ចបានឈានដល់ការកំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យឈ្មោះ ខន មិត្ត មកធ្វើការសាកសួរ និងបន្តស្រាវជ្រាវឆែកឆេរ រកឃើញបំណែកអាវុធកែច្នៃ  (កាណុងដែក និងបំណែកដងឈើនៃអាវុធកែច្នៃ) និងរកឃើញស្បែកជើង ដែលមានភិនភាគតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ដែលឈ្មោះ ខន មិត្ត កំពុងពាក់ជាប់នៅជើងទៀតផង ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ ខន មិត្ត នៅវេលាម៉ោង ១០និង៤៣នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ជារបស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES