Wednesday, December 11, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្អូន Love Riya ខូចចិត្ត លោតទឹកសម្លាប់ខ្លួន

 ប្អូន Love Riya ខូចចិត្ត លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ ជាក្រុមការងារនិងជាសាច់ញាតិ (ប្អូនជីដូនមួយ របស់អ្នកស្រី Love Riya អ្នកលក់អន ឡាញ ល្បីឈ្មោះ) មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីដោះស្រាយមិនចេញ បានគិតខ្លី ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រែកសំរោង បន្សល់ទុកតែម៉ូតូនិងសម្ភារៈមួយចំនួន នៅលើស្ពាន។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើស្ពានព្រែកសំរោង បានប្រទះឃើញបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1V-4502 មកឈប់នៅលើស្ពានព្រែកសំរោង រួចស្ទុះលោតចូលទឹកទន្លេ ហើយក៏លិចបាត់ខ្លួនឈឹងតែម្តង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវ និងផ្តល់ដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះ។

លុះមួយសន្ទុះក្រោយមក ឃើញមានក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាមកដល់ចំណុចកើតហេតុ ដោយក្នុងនោះ ឃើញមានទាំងតារាកំប្លែង ស្រេងសុកាន់ដា ហៅខ្ញុង និងអ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ មួយរូប រួមទាំងមានក្រុមកាងារជាច្រើននាក់ បានមកដល់លើស្ពានព្រែកសំរោង ដើម្បីអុជធូប និងសែនផ្លែឈើ នៅលើស្ពាន រួចក៏សុំម៉ូតូរបស់បុរសរងគ្រោះត្រឡប់ទៅផ្ទះវិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសដែលគិតខ្លីខាងលើ ត្រូវជាក្រុមការងារ និងត្រូវជាប្អូនជីដូនមួយរបស់ អ្នកស្រី Love Riya  តែយ៉ាងណា ក្រុមគ្រួសារ និងក្រុមការងារជនរងគ្រោះ មិនបានបញ្ជាក់ពីមូលហេតុអ្វីដែលនាំឱ្យជនរងគ្រោះគិតខ្លី សម្លាប់ខ្លួនបែបនេះឡើយ៕

RELATED ARTICLES