Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះចោរបំផ្លាញជាតិ លួចបង្គោលផ្លាកសញ្ញាចរាចរណ៍

វ៉ៃខ្នោះចោរបំផ្លាញជាតិ លួចបង្គោលផ្លាកសញ្ញាចរាចរណ៍

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយលួចដោះបង្គោលផ្លាកសញ្ញាចរាចរណ៍ យកទៅលក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចស្ពានបាក់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ គ្រាដែលជនសង្ស័យកំពុងធ្វើប្រព្រឹត្តបទល្មើសជាក់ស្តែង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាត ចំរ៉ុង ហៅម៉ុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួនបាត់ មានឈ្មោះសឿន សែន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯវត្ថុតាងចាប់យក រួមមាន ម៉ាឡេត ចំនួន១។ កង់ពណ៌សចំនួន១គ្រឿង។ ស្លាកសញ្ញាចរាចរណ៍ ដោះចេញពីបង្គោល ចំនួន២បន្ទះ (ពណ៌លឿង ចំនួន១ និងពណ៌ខៀវ ចំនួន១)។ បង្គោលដែកទីបមូល ប្រវែង៦០សង់ទីម៉ែត្រ ចំនួន២ដើម។ ដែកសម្រាប់ចាប់ផ្លាកសញ្ញាចរាចរណ៍ភ្ជាប់ជាមួយបង្គោល ចំនួន៣។ ខ្ចៅសម្រាប់ចាប់ភ្ជាប់ផ្លាកសញ្ញាចរាចរណ៍ មួយចំនួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤  សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស តាមផ្លូវជាតិលេខ២ ទិសដៅពីកើត ទៅលិច លុះមកដល់ ចំណុចស្ពានបាក់ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានឃើញជនសង្ស័យឈ្មោះសាត ចំរ៉ុង ហៅម៉ុង បានធ្វើសកម្មភាពប្រើម៉ាឡេត ដោះបង្គោល ស្លាកសញ្ញាចរាចរណ៍ ដែលចាប់ភ្ជាប់នៅទ្រូងផ្លូវ ចំនួន២បង្គោល ហើយដោះបំបែកផ្លាកសញ្ញាចេញពីបង្គោល រួចលើកដាក់លើកង់ពណ៌ស ចំនួន១គ្រឿង ជិះគេចខ្លួន។  ពេលនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះសាត ចំរ៉ុង ហៅម៉ុង រួមនិងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាត ចំរ៉ុង ហៅម៉ុង បានឆ្លើយសារភាពថា រូបគេ និងបក្ខពួកម្នាក់ ទៀត ឈ្មោះសឿន សែន ពិតជាបានជិះកង់មកធ្វើសកម្មភាពដោះយកបង្គោលស្លាកសញ្ញាចរាចរណ៍ ចំនួន២បង្គោល ដែលចាប់ភ្ជាប់នៅទ្រូវផ្លូវជាតិលេខ២ ប្រាកដមែន ដោយទើបនឹងលួចដោះបាន រួចដឹកបង្គោល ស្លាកសញ្ញាចរាចរណ៍គេចខ្លួន បានចម្ងាយប្រហែល ១៥ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ចាប់ក្របួចជាប់តែ ម្តង។ ចំណែកបក្ខពួកឈ្មោះសឿន សែន បានគេចខ្លួនបាត់។

ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញប៉ុស្តិ៍នគរបាលព្រែកកំពឹស រៀបចំកសាងសំណុំ រឿង បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES