Saturday, May 4, 2024
Homeព័ត៌មានជាតិបុណ្យចូលឆ្នាំថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ៤៥៥គ្រឿង ដឹកពលរដ្ឋទៅលេងស្រុក ឥតគិតថ្លៃ

បុណ្យចូលឆ្នាំថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ៤៥៥គ្រឿង ដឹកពលរដ្ឋទៅលេងស្រុក ឥតគិតថ្លៃ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសា ធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

 យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០២៧ ២៤ សជណ ចុះថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤  ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដោយក្នុងនោះ ៖

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុង ចំនួន ៦០គ្រឿង។

២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់មករាជធានីភ្នំពេញ វិញ ចំនួន ៣៩៥គ្រឿង។

ទន្ទឹមនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតរបស់បងប្អូនប្រជាជបលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធ ដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រដ្ឋយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោងឆស័ក ២០២៤ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕ 

RELATED ARTICLES