Saturday, May 4, 2024
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ហាមលក់ផលិតផល HYPOLY

ក្រសួងសុខាភិបាល ហាមលក់ផលិតផល HYPOLY

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ក្រសួងបានពិនិត្យឃើញមានគណនីបណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន ដូចជា ១- Hypoly គ្រាប់ ទឹកពុះទឹកនោមផ្អែមលេខ១ Cambodia។ ២- Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ ៣- មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម – Hypoly។ និង៤-ជុំ ចិត្រា – 0967.447.362 និងគណនីមួយចំនួនទៀត កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ HYPOLY គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជា ណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋ មុននឹងទិញឱសថ ឬផលិតផលគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រ ដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើ មានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោម មានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មក ជាមួយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជ្រាបថា ការផ្សព្វផ្សាយផលិតផលខាងលើ ដែលមានខ្លឹមសារថា ព្យាបាលជំងឺទឹកនោមផ្អែម ឱ្យជាសះស្បើយ ជាការផ្សព្វផ្សាយមានលក្ខណៈបំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ កុំទិញនិងប្រើប្រាស់ផលិតផលខាងលើនេះឡើយ ព្រោះផលិតផលនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលក្លែងក្លាយ បណ្តាលឱ្យខាតបង់ប្រាក់កាស ពេលវេលា ក្នុងការព្យាបាល ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការផ្សព្វផ្សាយ នាំចូល ចែកចាយ ឬលក់ផលិតផលខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះជនណាដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ជាធរមាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង តាមរយៈលេខទូរស័ព្ទ ០១១ ៣៨៣ ១២៨ ឬ ០១២-៩៨៣ ៣៣៤ ឬ ០៩៩ ៩០៩ ២០២៕

RELATED ARTICLES