Saturday, May 4, 2024
Homeព័ត៌មានជាតិបុណ្យចូលឆ្នាំខ្មែរ សហការីសង្ឃឹម លោកកឹម សុខា តុលាការដោះលែង

បុណ្យចូលឆ្នាំខ្មែរ សហការីសង្ឃឹម លោកកឹម សុខា តុលាការដោះលែង

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង ( អតីតគណបក្សសង្គ្រោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង សង្ឃឹមថា តុលាការ នឹងដោះលែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

លោកអ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ថា «គុណធម៌តុលាការ នាំមកនូវការផ្សះផ្សាជាតិ! នៅសវនាការលើកទី៥ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ មុននឹងបញ្ចប់ការសួរដេញដោលសម្រាប់ថ្ងៃនោះ ឯកឧត្តមប្រធាន កឹម សុខា បានស្នើទៅកាន់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសវនាការសាលាឧទ្ធរណ៍ ពេលនោះថា ៖ សុំឲ្យបញ្ចប់សវនាការនេះ មុនថ្ងៃចូលឆ្នាំខ្មែរ ទៅ ព្រោះគ្មានសំណួរអ្វីថ្មីទេ គឺសួរតែដដែលៗ។ លោកបានបន្តទៀតថា បើមិនបញ្ចប់មុនចូលឆ្នាំខ្មែរ នេះទេ សុំឲ្យតុលាការ ពិចារណាពិនិត្យលទ្ធភាពបើកឲ្យគាត់ (ឯ.ឧ កឹម សុខា) មានសេរីភាព បានទៅចូលរួមធ្វើបុណ្យទាន ជួបជុំជាមួយអ្នកមានគុណរបស់លោកដែលមានព្រះជន្មាជរាហើយ និងបងប្អូនជនរួមជាតិ សាច់ញាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមលោកក៏ជាអ្នកកាន់ព្រះពុទ្ធសាសនា ផងដែរ ដូចដែលគាត់តែងតែចូលរួមប្រារព្ធដូចឆ្នាំមុនៗ ទោះបីគាត់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក៏ដោយ គាត់តែងតែគោរពច្បាប់ មិនដែលបង្កបញ្ហាអ្វីសោះឡើយ“ ។

លោកអ៊ុំ តារាវុទ្ធី បានបញ្ជាក់បន្តថា “ក្នុងនាមយើងខ្ញុំជាសហការី និងជាអ្នកគាំទ្រឯកឧត្តមប្រធាន កឹម សុខា យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តុលាការ ប្រាកដជាមានគុណធម៌ លោកនឹងអនុញ្ញាតឲ្យឯកឧត្តមប្រធាន កឹម សុខា បានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាបុណ្យជាតិ ដ៏ធំមួយ សម្រាប់ប្រជាជាតិខ្មែរ ដើម្បីឲ្យលោកមានលទ្ធភាពចូលរួមប្រារព្ធពិធីបុណ្យនេះ ដូចប្រជាពលរដ្ឋផ្សេងទៀតផងចុះ។ យើងខ្ញុំមានជំនឿថា ការធ្វើសម្បទានរបស់តុលាការនេះ ជាការធ្វើបុណ្យដ៏ធំមួយ អាចធ្វើឲ្យមនុស្សមានចិត្តធម៌ មានគុណធម៌ ចេះធ្វើអំពើល្អ ដែលជាប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់សង្គម និងប្រទេសជាតិផង។ ជាទូទៅ ជាតិសាសន៍នីមួយៗ តែងតែយកជំនឿ ទំនៀមទម្លាប់ សាសនា មកផ្សារភ្ជាប់នឹងការដឹកនាំប្រទេសជាតិ ជាពិសេសដើម្បីឲ្យមាននូវសុខសន្តិភាពពិត។ ប្រជាពលរដ្ឋខ្មែរទូទៅ សង្ឃឹមថា សូមឲ្យឆ្នាំថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលចាប់ផ្តើមពីមេដឹកនាំគ្រប់និន្នាការ ជាគំរូគុណធម៌ ដើម្បីក្នុងការត្រួសត្រាយផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ ដោយចាប់ផ្តើមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។ ខ្មែររួមគ្នាធ្វើបុណ្យ ធ្វើឲ្យមានចិត្តធម៌ ដែលនាំមកនូវអំពើល្អ សន្តិភាពទាំងកាយ សន្តិភាពទាំងចិត្ត ដែលជាសន្តិភាពពិតប្រាកដ“ ។

ស្របគ្នានេះដែរ សកម្មជនអតីតបក្សប្រឆាំង ខាងក្រុមគាំទ្រលោកកឹម សុខា ដែលប្រើគណនីហ្វេសប៊ុក “អ្នក បន្តវេន”  បានសរសេរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដែរថា “សហការីរំពឹងថា លោកកឹម សុខា នឹងទទួលបានសិទ្ធធ្វើបុណ្យ នៅតាមវត្តនានា និងការងារសង្គមកិច្ច នៅរដូវបុណ្យចូលឆ្នាំខ្មែរ ចុងសប្តាហ៍ក្រោយនេះ! យ៉ាងហោចណាស់ នឹងទទួលបានការឆ្លើយតបជាវិជ្ជមានមួយដែរ ក្នុងសំណើ២ របស់លោកកឹម សុខា ក្នុងសវនាការលើកទី៥ នៃសាលាឧទ្ធរណ៍ កន្លងទៅនេះ ដែលសំណើមួយ លោកសុំបញ្ចប់រឿងក្តីដែលសាលាឧទ្ធរណ៍ សួរដដែលៗ ដូចសាលាដំបូង និងសំណើមួយទៀត សុំឲ្យសាលាឧទ្ធរណ៍ ផ្តល់ឲ្យលោកបានធ្វើបុណ្យ រដូវបុណ្យចូលឆ្នាំ ។ ប្រធានសាលាឧទ្ធរណ៍ បានឲ្យលោកកឹម សុខា ស្នើសុំមកសាលាដំបូងវិញ ។ អ្នកច្បាប់ និងអ្នកនយោបាយខ្លះ យល់ថា ការស្នើសុំរបស់លោកកឹម សុខា គួរណាស់ទទួលបានយល់ព្រមពីសាលាឧទ្ធរណ៍ ឆ្លើយតបជាវិជ្ជមានទាំង២ ព្រោះករណីនេះជារឿងនយោបាយ ដែលអ្នកនយោបាយ ដល់ពេលសម្របសម្រួលគ្នា ដើម្បីជួយទុក្ខលំបាកដល់រាស្រ្តហើយ ។ ចំណែកសំណើមួយទៀត ក៏ព្រះរាជអាជ្ញាសាលាដំបូង យល់ព្រមដែរ ព្រោះការធ្វើបុណ្យ ការងារសង្គមកិច្ច ការជួបអ្នកម្តាយចាស់ជរា ឬជួបជុំញាតិសន្តាន មិនមែនជាការងារនយោបាយទេ ហើយប្រជាធិបតេយ្យ ក៏ផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនាដែរ ។ ដូច្នេះសហការីរំពឹងថា យ៉ាងហោចណាស់លោកកឹម សុខា ទទួលបានជាវិជ្ជមាន ក្នុងសំណើមួយ នៃសំណើ២ ដែរ“ ។

ជាមួយគ្នានោះដែរ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកកឹម សុខា បានលើកឡើងថា លោក កឹម សុខា ស័ក្តិសមនឹងទទួលបានសិទ្ធិនិងសេរីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។

លោកហ៊ីង សុខសាន្ត បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ថា “ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ មួយរូប (មិនគិតពីអតីតភាពជាអ្នកនយោបាយ ឬជាសហការីដែលស្និទ្ធស្នាលនឹងលោកកឹម សុខា) ការលើកឡើងខាងលើនេះ គឺចង់ឃើញវប្បធម៌និងប្រពៃណីជាតិ ដ៏ល្អផូរផង់របស់ខ្មែរ នាឱកាសរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខ ត្រូវបានចូលរួមប្រារព្ធ និងរក្សាការពារ ពីសំណាក់ខ្មែរគ្រប់និន្នាការ។ បុណ្យចូលឆ្នាំថ្មី ជាឱកាសដ៏សំខាន់ណាស់ សម្រាប់ខ្មែរយើងគ្រប់រូប បានចូលរួមប្រារព្ធ មួយឆ្នាំម្តងៗ ដោយប្រកាន់ខ្ជាប់ទាំងវប្បធម៌និងប្រពៃណីទំនៀមទម្លាប់តជំនាន់រៀងមក ដែលមិនអាចរំលងបានឡើយ មិនថានាម៉ឺន មន្ត្រី អ្នកមាន អ្នកក្រ ឬប្រជារាស្រ្តសាមញ្ញនោះឡើយ ដើម្បីជួបជុំឪពុកម្តាយ ញាតិផៅសន្តាន និងធ្វើបុណ្យដាក់ទានឧទ្ធិសកុសលជូនមាតាបិតា និងញាតិកា ៧សន្តានផងដែរ។ ដូច្នេះលោកកឹម សុខា ក៏ជាប្រជារាស្ត្រខ្មែរ និងពុទ្ធសាសនិកជនមួយរូបដែរនោះ គឺរូបលោកស័ក្តិសមបំផុតនឹងទទួលបានសិទ្ធិសេរីភាព ដើម្បីមានឱកាសធ្វើបុណ្យដាក់ទានតាមវត្តអារាមនានា និងការងារសង្គមកិច្ច នារដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ។ ម្យ៉ាងទៀត ការធ្វើបុណ្យដាក់ទាន និងកិច្ចការសង្គមកិច្ច និងការជួបជុំញាតិផៅសន្តាន ជាពិសេសជួបម្តាយចាស់ជរា នាឱកាសបុណ្យចូលឆ្នាំថ្មី វាមិនមែនជាការងារ ឬសកម្មភាពនយោបាយនោះទេ។ ជាបទពិសោធន៍លោកកឹម សុខា បានធ្វើកន្លងមកក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ ជំងឺកូវីដ-១៩ ឬឧប្បត្តិហេតុបាក់រលំអគារ…។ល។ គឺពុំមានផលវិបាកអ្វីកើតឡើង ដែលធ្វើឲ្យមានភាពវឹកវរ ឬប៉ះពាល់ និងខាតបង់ប្រយោជន៍អ្វីដល់ជាតិ និងប្រជាពលរដ្ឋនោះដែរ។ ផ្ទុយទៅវិញ វាជាការល្អប្រសើរទៅវិញនោះទេ ព្រោះបង្ហាញថា ៖ ១-សាមគ្គីភាពជាតិ គឺខ្មែរគ្រប់រូប មានឱកាសរួមគ្នាប្រារព្ធបុណ្យចូលឆ្នាំថ្មី ទៅតាមទំនៀមទម្លាប់ប្រពៃណី។ ២-ការផ្សះផ្សាជាតិ គឺខ្មែរចេះមានក្តីសន្តោសប្រណី និងអនុគ្រោះឲ្យគ្នាទៅវិញទៅមក នាឱកាសបុណ្យប្រពៃណីជាតិរបស់ខ្លួន ទោះកំពុងមានជម្លោះឬនិន្នាការផ្សេងគ្នាក៏ដោយ។ ៣-ការស្តារលទ្ធិប្រជាធិបតេយ្យ គឺការធ្វើសកម្មភាពសង្គកិច្ច ការផ្តល់អំណោយ ឬការធ្វើទាននារដូវបុណ្យប្រពៃណីជាតិ គឺជាសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនា។ ដោយសារប្រទេសយើងប្រណិប័តន៍តាមពុទ្ធសាសនា និងប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យផងនោះ ដូច្នេះលទ្ធិប្រជាធិបតេយ្យ គឺត្រូវផ្សារភ្ជាប់នឹងពុទ្ធសាសនា“ ។

លោកហ៊ីង សុខសាន្ត បន្តថា “តាមការលើកឡើងខាងលើនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទាំងសាលាឧទ្ធរណ៍ ទាំងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញក្តី នឹងឆ្លើយតបជាវិជ្ជមាន តាមសំណើរបស់លោកកឹម សុខា ដែលបានស្នើនាពេលកន្លងមក គឺសុំឲ្យបញ្ជប់រឿងក្តី និងផ្តល់សិទ្ធិឲ្យមានឱកាសធ្វើបុណ្យ នារដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងមកដល់នាពេលខាងមុខ“ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ បានបើកសវនាការលើកទី៥ លើសំណុំរឿង “សន្ទិដ្ឋិភាពជាមួយបរទេស” ពាក់ព័ន្ធនឹងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។ ក្រោយពីត្រូវបន្តសាកសួររឿងធ្វើបាតុកម្មដដែលៗ លោក កឹម សុខា បានស្នើក្រុមប្រឹក្សាជំនុំជម្រះ បន្ធូរការរឹតត្បិតសេរីភាពរបស់លោក នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ខាងមុខ។

លោកស្រី ម៉េង សុភារី សហមេធាវីការពារក្តីលោកកឹម សុខា បានប្រាប់អ្នកកាសែត ក្រោយបញ្ចប់សវនាការសាលាឧទ្ធរណ៍ នៅពេលនោះថា ការសួរដេញដោលរបស់ក្រុមប្រឹក្សាជំនុំជម្រះ បានផ្តោតលើរឿងបាតុកម្ម ដែលកូនក្តីរបស់លោកស្រី បានឆ្លើយបំភ្លឺអស់ហើយ នៅដំណាក់កាលសាលាដំបូង។ លោកស្រីមេធាវី ទទួលស្គាល់ថា លោកកឹម សុខា បានធ្វើបាតុកម្មស្របច្បាប់ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីអំឡុងឆ្នាំ២០១៤ ។ ប៉ុន្តែលោកកឹម សុខា គ្មានបំណងណាមួយធ្វើបាតុកម្មដើម្បីបង្កើតអំពើហិង្សា ជាលេសក្នុងការផ្តួលរំលំរដ្ឋាភិបាលឡើយ។

លោកម៉េង សុភារី បានមានប្រសាសន៍នៅពេលនោះ «សកម្មភាពទាំងអស់ហ្នឹងហើយ វាអត់មានអំពើហិង្សាកើតឡើង អត់មានអីហ្នឹងហើយ ដែលវាស៊ីសង្វាក់ដែលថា នោះហើយដែលជាការទាមទារទាក់ទងនឹងទៅការបង្កើតគណៈកម្មការទាក់ទងនឹងការបោះឆ្នោត ពិតមែន។ អត់មានថាជាលេស ដើម្បីបង្កើតឱ្យអំពើប្រទូសរ៉ាយ ដើម្បីច្បាមយកអំណាចខុសច្បាប់ ដើម្បីទៅធ្វើផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់អី គឺអត់ទេ ហើយក៏បានបញ្ជាក់ដែរថា ការបង្កើតគណបក្សសង្គ្រោះជាតិ ក៏ដោយ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីចូលរួមការបោះឆ្នោត មិនមែនទៅច្បាមអំណាចខុសច្បាប់នោះទេ» ។

ចំណែកលោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃអង្គការការពារសិទ្ធិមនុស្ស អាដហុក ដែលបានចូលរួមស្តាប់សវនាការនៅសាលាឧទ្ធរណ៍ បានប្រាប់អ្នកកាសែត នៅពេលនោះដែរថា សវនាការពេញមួយព្រឹកថ្ងៃទី២១ ខែមីនា នោះ មិនសូវមានភាពជឿនលឿនទេ ព្រោះចៅក្រម បន្តសួររឿងដដែលៗ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង។ លោក យី សុខសាន្ត ថាក្រៅពីឆ្លើយនឹងសំណួររបស់ចៅក្រម លោកកឹម សុខា បានស្នើទៅក្រុមប្រឹក្សាជំនុំជម្រះ ឲ្យផ្តល់សេរីភាពដល់លោក ដើម្បីជួបជុំប្រពន្ធកូន និងក្រុមគ្រួសារ នៅរដូវចូលឆ្នាំខ្មែរ ខាងមុខ។ តែសំណើរបស់លោកកឹម សុខា នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីសាលាឧទ្ធរណ៍ នៅឡើយ ។ ពោលគឺលោកកឹម សុខា ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បដិសេធ ដោយឱ្យលោកអនុវត្តតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ។

លោកយី សុខសាន្ត បានមានប្រសាសន៍នៅពេលនោះថា «ទាំងអស់គ្នា គឺសុទ្ធតែភាគី ដែលធ្វើម៉េចជួយឱ្យប្រទេសកម្ពុជា យើងមានសន្តិភាព ក៏ដូចជាពលរដ្ឋយើង​ រួចចាកការអត់ឃ្លាន ហើយមានកិត្តិយសស្មើមុខស្មើមាត់ដូចប្រទេសដែលគេជឿនលឿន។ ខ្ញុំគិតថា ប្រសិនជាលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះ អនុញ្ញាតឱ្យគាត់មានសេរីភាពបន្តិច ដូចជាការព្យួរ ពីព្រោះគាត់នៅក្នុងផ្ទះ ប៉ុន្តែអត់បានជួបគ្រួសារ វារឿងមួយដែលធ្វើឱ្យនៅក្នុងសង្គមគ្រួសារ មិនសប្បាយ នៅពេលក្នុងពិធីបុណ្យចូលឆ្នាំ» ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ លោកកឹម សុខា ត្រូវទៅសាលាឧទ្ធរណ៍ម្ដងទៀត ក្នុងសវនាការ លើកទី៦ លើសំណុំរឿងក្បត់ជាតិ របស់លោក បឹងឧទ្ធរណ៍ជំទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលោក ដាក់គុក ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ហើយចៅក្រមសាលាឧទ្ធរណ៍ អាចនឹងបញ្ចប់សវនាការលើរឿងក្តីនេះ នៅខែឧសភា ឆ្នាំ២០២៤ ៕ កុលបុត្រ

RELATED ARTICLES