ខេត្តរតនគិរី ៖ ក្មេងស្រីម្នាក់ ដែលកើតមានជំងឺចម្លែក (ពោះធំ) និងត្រូវម្តាយរត់ចោល បាត់បន្សល់ទុកឱ្យឪពុកជាអ្នករ៉ាប់រងស៊ីឈ្នួល គេ រកប្រាក់មកព្យាបាលជំងឺកូនស្រីយ៉ាងលំបាក វេទនានោះ ពេលនេះត្រូវបានលោកហ៊ុន ម៉ាណែត និងភរិយា សម្រេចជួយសង្គ្រោះជីវិតដឹកមក ព្យាបាល នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដោយ ធានារ៉ាប់រងលើការធ្វើដំណើរហូបចុកការចំណាយ លើសេវាព្យាបាលផ្សេងៗ។
ក្មេងស្រីអភ័ព្វដែលកើតមានជំងឺពោះធំ នោះ មានឈ្មោះហំ ស្រីលីន អាយុ១២ឆ្នាំ មាន ឪពុកឈ្មោះពៅ តឿ អាយុ៤០ឆ្នាំ មុខរបរ កម្មករចៀរជ័រកៅស៊ូ សព្វថ្ងៃរស់នៅក្នុងចម្ការ របស់ថៅកែ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុក កូនមុំ ខេត្តរតនគិរី។
តាមសម្តីបុរសឈ្មោះពៅ តឿ ជាឪពុក របស់ក្មេងស្រីអភ័ព្វ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់បានកើតមានជំងឺចម្លែកម៉្យាងអស់ រយៈពេល២ឆ្នាំមកហើយ ដោយពោះរបស់ នាងចេះតែរីកធំទៅៗពីមួយថ្ងៃទៅៗ ចំណែក ជីវភាពគ្រួសារគាត់ក្រីក្រខ្វះខាតខ្លាំងពេក ទើប គ្មានលទ្ធភាពព្យាបាលជំងឺកូនស្រីនោះ ពោលគឺ ចេះតែបណ្តោយឱ្យអ្វីៗទៅតាមកម្មព្រេងវាសនា ទៅចុះ។
ប្រភពដដែលបន្តថា ដំបូងឡើងគ្រួសារ គាត់មានសមាជិក៤នាក់ គឺពួកគាត់២នាក់ប្តី ប្រពន្ធ និងកូនប្រុសស្រី២នាក់ទៀត ហើយរាល់ ថ្ងៃគាត់និងកូនប្រុស តែងនាំគ្នាចេញទៅធ្វើការ បាត់ៗទាំងពីព្រលឹម រហូតដល់ពេលបាយថ្ងៃ ទើបត្រឡប់មកវិញ ដោយទុកឱ្យកូនស្រីនៅ តែម្នាក់ឯង ឈឺចុកចាប់ដោយគ្មានថ្នាំសង្កូវអ្វី ព្យាបាលទាំងអស់ ពោលគឺដេករត់ចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ ខណៈដែលម្តាយរបស់នាងបានរត់ ចោលគ្រួសារបាត់ក្រោយពីនាំគ្នាចេញមករស់ នៅស៊ីឈ្នួលចៀរជ័រកៅស៊ូ ឱ្យគេនៅភូមិខាងលើ បានប្រមាណ១ខែ។
ប្រភពខាងលើបញ្ជាក់ថា មិនមែនថាគាត់ មិនអាណិតកូនស្រីនោះទេ គឺគាត់ហួសពីអាណិត ស្រលាញ់កូនស្រីទៅទៀត ប៉ុន្តែមូលហេតុដែល គាត់ដាច់ចិត្តទុកកូនស្រីចោលបែបនេះ ក៏ព្រោះ តែក្រពេក ម៉្យាងបើគាត់មិនប្រឹងចេញទៅធ្វើ- ការរកប្រាក់ទេ ច្បាស់ជាដាច់ពោះស្លាប់ទាំងអស់ គ្នាមិនខាន ហេតុនេះគ្មានពេលវេលាបាននៅ មើលថែកូនស្រីបានដិតដល់ ពិសេសគ្មានប្រាក់ ឯណាយកមកទិញថ្នាំសង្កូវមកព្យាបាលកូនស្រី នោះទេ មានតែបណ្តោយតាមយថាកម្មប៉ុណ្ណោះ។
ក្រោយពីជីវិតគ្រួសាររបស់ក្មេងស្រីអភ័ព្វ ត្រូវបានលាតត្រដាង រៀបរាប់នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករួចមក លោកហ៊ុន ម៉ាណែត និងភរិយា បានសម្រេចជួយសង្គ្រោះ ស្រោចស្រង់ជីវិតក្មេងស្រីអភ័ព្វ ដោយចាត់ឱ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះជួយដឹកបញ្ជូនក្មេងស្រីអភ័ព្វ និងក្រុមគ្រួសារមកកាន់រាជធានីភ្នំពេញ ដើម្បី ទទួលការព្យាបាល ដោយលោកហ៊ុន ម៉ាណែត បានចេញមុខរ៉ាប់រងនូវរាល់ការចំណាយទាំងស្រុង។
ប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នៅ ពេលឃើញក្មេងស្រីអភ័ព្វ ទទួលបានការជួយ សង្គ្រោះពីលោកហ៊ុន ម៉ាណែត បែបនេះពួក គាត់រំភើបជំនួស និងបន់ស្រន់ឱ្យការព្យាបាល ទទួលបាននូវភាពជោគជ័យ ព្រោះសព្វថ្ងៃនេះ អ្នកជិតខាងបានត្រឹមជួយយកអាសារក្រុមគ្រួសារ ខាងលើ តិចតួចតាមលទ្ធភាពប៉ុណ្ណោះ ព្រោះ ម្នាក់ៗ សុទ្ធតែមានជីវភាពក្រីក្រដូចគ្នា៕