Saturday, May 4, 2024
Homeព័ត៌មានជាតិស្ត្រីរងគ្រោះ ប្រពន្ធស្នងការរងខ្ចីលុយមិនសង ទម្លាយរឿងពុករលួយ រត់ការចូលធ្វើប៉ូលិស

ស្ត្រីរងគ្រោះ ប្រពន្ធស្នងការរងខ្ចីលុយមិនសង ទម្លាយរឿងពុករលួយ រត់ការចូលធ្វើប៉ូលិស

ខេត្តសៀមរាប ៖ ស្រ្តីម្នាក់ជាជនរងគ្រោះ ដែលមុននេះបានទម្លាយរឿងមិត្តភក្ដិជិតស្និទ្ធម្នាក់ ជាប្រពន្ធស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ខ្ចីលុយ ២ម៉ឺនដុល្លារ យកទៅរត់ការឲ្យប្តីឡើងផ្កាយឡើងតំណែង ហើយមិនសង ថែមទាំងប្ដឹងខ្លួនពីបទបរិហារកេរ្តិ៍ និងទាមទារសំណងជំងឺចិត្តពីខ្លួនវិញ ២ម៉ឺនដុល្លារនោះ ពេលនេះបានទម្លាយសំឡេងឆាត របស់លោកស្នងការរង និងប្រពន្ធ ដែលអូសទាញខ្លួននិងប្តី ឲ្យទិញក្របខណ្ឌប៉ូលិស ក៏ដូចជាសំឡេងលោកស្នងការរង ប្រព្រឹត្តអំពើពុករលួយ ស៊ីលុយរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ដែលក្នុងម្នាក់ ចាប់ពី២ម៉ឺនដុល្លារឡើង ។ ប៉ុន្តែករណីនេះ ត្រូវបានអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្ដីបំភ្លឺ និងស្នើឲ្យបងប្អូនដែលជាជនរងគ្រោះពាក់ព័ន្ធលោកស្នងការរងយកលុយរត់ការចូលធ្វើប៉ូលិស ដូចសំឡេងបែកធ្លាយនោះ មកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ ចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការបែកធ្លាយសំឡេងលោកសម្បត្តិ កុសល អតីតអធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី បច្ចុប្បន្នជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយ រត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ក្នុងតម្លៃចាប់ពីជាង២ម៉ឺនដុល្លារ ទៅជាង៣ម៉ឺនដុល្លារ ក្នុងម្នាក់ៗ និងថាតម្លៃចូលក្របខ័ណ្ឌប៉ូលិស មិនជាក់លាក់ទេ តែបើនៅប៉ោយប៉ែត ជាតំបន់សេដ្ឋកិច្ច សម្បូរកូនអ្នកមាន គឺតម្លៃ ៣ម៉ឺនដុល្លារជាង និងអះអាងថា ខ្លួនធានារត់ការបាន ១០០% (ហ្ស៊ីន មួយដឹងមួយ) តែបើចង់បានតម្លៃថោក ប្រយ័ត្នប៉ះអ្នកបោកប្រាស់ ។

សំឡេងឆាតរបស់លោកសម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានបែកធ្លាយនោះ ត្រូវបានផ្សាយតាមទំព័របណ្តាញសង្គម «សីហ៍ឦសាន. RSE-News»  ដោយលោកស្នងការរង បានអះអាងថា តម្លៃចូលក្របខ័ណ្ឌប៉ូលិស ឥឡូវថ្លៃណាស់ ចាប់ពី២០ក្រាស់ ទៅ៣០  (២-៣ម៉ឺនដុល្លារ)​ បើអ្នកមានសញ្ញាបត្របរិញ្ញា ចូលភ្លាម បានស័ក្តិ១ តែបើអត់សញ្ញាបត្របរិញ្ញា គាត់ធានាធ្វើឲ្យបាន គ្រាន់តែអស់លុយ ជាង១០០០ដុល្លារ បានចូលក្របខ័ណ្ឌ ពាក់ស័ក្តិ១ តែម្តង… ។

ពាក់ព័ន្ធនឹងសំឡេងឆាត របស់លោកសម្បត្តិ កុសល ខាងលើនេះ អ្នកស្រី ចិន ស្រីដា អាយុ៣០ឆ្នាំ ដែលមុននេះបានទម្លាយរឿងត្រូវប្រពន្ធលោកស្នងការរង សម្បត្តិ កុសល ដែលជាមិត្តភក្តិរបស់ខ្លួន ខ្ចីលុយ ២ម៉ឺនដុល្លារ រត់ការប្តីឡើងផ្កាយ តែចុងក្រោយមិនសង ហើយថែមទាំងប្ដឹងខ្លួនជាម្ចាស់បំណុលទៀតនោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ថា សំឡេងឆាតនោះ អ្នកស្រីដឹងច្បាស់ ១០០% ថាពិតជាសំឡេងរបស់លោកសម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវជាស្វាមីរបស់មិត្តភក្ដិអ្នកស្រី ឈ្មោះរ៉ាំង ភិរម្យ ព្រោះអ្នកស្រី ជាអ្នកទម្លាយឆាតសំឡេងនោះ ហើយសំឡេងឆាតនោះ ទាំងលោកសម្បត្តិ កុសល និងប្រពន្ធ បានបញ្ចុះបញ្ចូលឲ្យស្វាមីអ្នកស្រី ទិញក្របខ័ណ្ឌប៉ូលិស នៅព្រៃវែង តែអ្នកស្រីមិនព្រម គឺចង់ឲ្យបាននៅខេត្តសៀមរាប តែគេរត់ការមិនបាន ទើបមិនទាន់ឈានដល់ការប្រគល់លុយ។ ដូច្នេះហើយទើបអ្នកស្រីសុំសេចក្តីបំភ្លឺ ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថាតើសំឡេងឆាតនោះ ពិតជាសំឡេងលោកសម្បត្តិ កុសល ស្នងការរង ឬអត់?

 អ្នកស្រី ចិន ស្រីដា បញ្ជាក់ថា អ្នកស្រីចង់ឲ្យមានការស៊ើបអង្កេត ចាត់វិធានការលើលោកស្នងការរង សម្បត្តិ កុសល នេះ ពាក់ព័ន្ធអំពើពុករលួយ ក្នុងការត់ការទិញក្របខ័ណ្ឌប៉ូលិសនេះ ព្រោះមានភស្តុតាងជាសំឡេងច្បាស់ក្រឡែតហើយ កុំចាំទាល់តែមានអ្នកដាក់ពាក្យបណ្តឹង ទើបធ្វើការកើត ឬដូចពាក្យថា គោបាត់ ទើបធ្វើរបង?

អ្នកស្រី ចិន ស្រីដា បានបញ្ជាក់ថា “ចង់និយាយថា អាសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ គាត់និយាយតែពីចំណុចថា បើមានជនរងគ្រោះ សុំមកដាក់ពាក្យបណ្ដឹងមក គាត់នឹងចាត់នីតិវិធី ឬមួយក៏ធ្វើការតាមហ្នឹង។ ប៉ុន្តែចំណុចមួយ ខ្ញុំមិនអស់ចិត្ត ព្រោះខ្ញុំជាអ្នកទម្លាយឆាតហ្នឹងផ្ទាល់ ព្រោះធម្មតាបើសិនជាមានជនរងគ្រោះ លុះត្រាតែឈានដល់ដំណាក់កាលដែលខ្ញុំឲ្យលុយគាត់ហើយ តែគាត់អត់ធ្វើឲ្យខ្ញុំ គាត់អត់ទាញខ្ញុំចូលក្របខ័ណ្ឌ អាហ្នឹងបានមានជនរងគ្រោះ ។ ប៉ុន្តែនេះអត់ទាន់ដល់ដំណាក់កាលនោះទេ ពីព្រោះខ្ញុំចង់ចូលក្របខ័ណ្ឌសៀមរាប តែគាត់ជាអ្នកឲ្យគ្រួសារខ្ញុំចូលព្រៃវែង ។ បើសិនជាពេលនោះ ខ្ញុំចូលព្រៃវែង គាត់នឹងដាក់ខ្ញុំទៅភ្លាម ហើយប្រពន្ធគាត់ ថែមញុះញង់ឲ្យខ្ញុំហ្នឹង ចូលព្រៃវែង ហើយថា បើប្ដីពៅ ឯង (ខ្ញុំ) ចង់បានខាងសៀមរាប យើងប្ដូរក្របខ័ណ្ឌមកសៀមរាប ។ តែគ្រួសារខ្ញុំនេះ អត់ចង់ចូលទៅព្រៃវែង ទេ ព្រោះការប្ដូរឡើងចុះ វាមិនងាយទេ ហើយម្យ៉ាងទៀត តែចូលព្រៃវែង ហើយ យើងត្រូវទៅធ្វើការនៅខាងព្រៃវែង ។ អ៊ីចឹងខាងខ្ញុំ អត់ត្រូវ អ៊ីចឹងក៏អត់ទាន់មានការឲ្យលុយ ឬមួយប្រគល់លុយ ដើម្បីចូលក្របខ័ណ្ឌដែរ អ៊ីចឹងខ្ញុំមិនទាន់ជាជនរងគ្រោះទេ ។ ប៉ុន្តែចំណែកឯអ្នកដែលគេបានចូលមុនៗហើយ អ្នកដែលគាត់ធ្លាប់អូសចូលមុនៗហើយ ឥឡូវគេស័ក្ដិ១ អស់ហើយ គេមិនអាចចេញមុខមកប្ដឹងបានទេ ព្រោះអីគេបានដំណើរការទៅមុខហើយ គេមិនដែលបកមកប្ដឹងមេខ្លួនឯងដែលធ្លាប់យកខ្លួនឯងចូល បកមកប្ដឹងគ្រូខ្លួនឯងទេ ។ គាត់ធ្លាប់ទាញចូលបានសម្រេចហើយ សំឡេងប្រពន្ធគាត់និយាយ សំឡេងគាត់ក៏និយាយដែរថា គាត់ធ្លាប់ទាញគេចូលហើយៗ អត់សញ្ញាបត្រអីហ្នឹង ក៏គាត់អាចធ្វើឲ្យ ហើយឲ្យចូលស័ក្ដិ១ បានដែរ តែចំណែកខ្ញុំៗអត់អាចទៅដាក់ពាក្យបណ្ដឹងគាត់ពុករលួយហ្នឹងបានទេ ដោយសារតែខ្ញុំមិនទាន់បានប្រគល់ប្រាក់ឲ្យគាត់ទេ” ។

អ្នកស្រី ចិន ស្រីដា បន្តថា “ប្ដីខ្ញុំតែម្ដង ដែលកាលដែលគាត់ចរចាហ្នឹង គឺប្រពន្ធគាត់ ប្រម៉ូត ឡង់សេ អូសទាញខ្ញុំថា ចូលទៅពៅ ប្ដីពៅ ឯងមានលុយអ៊ីចឹង ចូលល្អ ចូលឲ្យហើយទៅ ទាន់គេបើកឲ្យចូល ចូលឲ្យហើយទៅ និយាយដដែលៗ ។ ដល់ពេលអូខេ ខ្ញុំក៏សម្រេចចិត្តឲ្យប្ដីខ្ញុំចូលទៅ ប្រសិនជាចូលស្រួលអ៊ីចឹងទៅ ។ អ៊ីចឹងបានខ្ញុំចាប់ផ្ដើមសួរដល់ចំណុចលុយប៉ុន្មាន អីប៉ុន្មាន ខ្ញុំត្រូវធ្វើម៉េចខ្លះ អីខ្លះ ហើយពេលខ្ញុំរៀបរាប់ថា ប្ដីខ្ញុំអត់មានវិញ្ញាបនបត្រ ក៏គាត់ធ្វើឲ្យបាន អស់១ពាន់ជាង ចូលបានអីបាន ។ អានេះបើចូលធ្វើការ គេរៀបអស់ហើយ នៅសល់តែចំណុចដែលប្រគល់លុយមួយទៀតទេ តែអត់ត្រូវ ដោយសារតែគាត់ឲ្យប្ដីខ្ញុំចូលខាងព្រៃវែង ។ គាត់និយាយខ្លួនគាត់ទៀតថា ត្រៀមតែខ្លួនទៅ ពេលក្របខ័ណ្ឌធ្លាក់មកពេលណា គាត់ដាក់ចូលភ្លាមតែម្ដង ។ ដល់ពេលហើយ ខាងស្នងការ គាត់បំភ្លឺតែកន្លែងចំណុចថា ឥឡូវហ្នឹងគាត់ទទួលបានព័ត៌មានហ្នឹង បើមានជនរងគ្រោះ ឲ្យមកដាក់ពាក្យបណ្ដឹងមក គាត់នឹងធ្វើការ ចុះខ្ញុំសួរត្រង់ចំណុចដែលថា បើគ្មានពាក្យបណ្ដឹង តើគាត់ធ្វើការអត់កើតមែន? នេះគេហៅថា ចាំដល់គោបាត់សិន ចាំអញធ្វើរបង ។ ក្នុងន័យហ្នឹង ខ្ញុំចង់និយាយថា បើសិនជាសំឡេងហ្នឹង សំឡេងគាត់ (សម្បត្តិ កុសល) មែន ហើយស្នងការខេត្ត គាត់បញ្ជាក់ថា គ្មានការរើសក្របខ័ណ្ឌទេ មិនមែនតួនាទីតំណែងរបស់គាត់ដែលត្រូវចេញមករកក្របខ័ណ្ឌ ។ បើចំណុចហ្នឹងវាមិនពិត អ៊ីចឹងបើសំឡេងហ្នឹងសំឡេងរបស់គាត់ពិតមែន គឺគាត់ឆបោកខ្ញុំហើយ ព្រោះបើខ្លួនឯងមិនបានរើសទេ ម៉េចក៏ដើរប្រកាសថា ខ្លួនឯងអ្នករើស ខ្លួនឯងអ្នកតួនាទីខាងហ្នឹង? អ៊ីចឹងមានន័យថា ចង់ឆបោកខ្ញុំ“ ។

អ្នកស្រី ចិន ស្រីដា បន្តទៀតថា “ករណីនេះក៏អត់មានដាច់ពីគ្នានៃការជំពាក់លុយរបស់ខ្ញុំដែរ ព្រោះក្នុងអំឡុងពេលដែលគាត់អូសទាញឲ្យខ្ញុំចូលប៉ូលិស ក៏យើងគិតថា យើងនឹងចូលទៅកាត់កងលុយដែរ ។ ធម្មតាគាត់ជំពាក់ខ្ញុំ អ៊ីចឹងគាត់ព្យាយាមឡង់សេឲ្យប្ដីខ្ញុំចូលទៅ ក្នុងគោលបំណងយើងទាំងពីរ ទាំងខ្ញុំ និងគាត់ ចូលប៉ូលិសទៅ យើងអាចកាត់កងអីខ្លះអ៊ីចឹងទៅ អ៊ីចឹងបានយើងមានការពាក់ព័ន្ធគ្នាពីរហ្នឹង ។ គាត់ព្យាយាមនិយាយថា គាត់ស្ទះលុយ គាត់ពិបាកក្នុងការធ្វើការសងលុយខ្ញុំវិញ ប្ដីខ្ញុំចូលប៉ូលិសអត់ អីអត់? របៀបថា យើងផ្លាស់ប្ដូររបស់គ្នា សងលុយជំនួសអ៊ីចឹងទៅ ។ និយាយទៅ ជាសំណូមពររបស់ខ្ញុំ ទៅស្នងការខេត្ត មិនបាច់ពាក្យបណ្ដឹងទេ ឥឡូវស៊ើបអង្កេតមក ធ្វើការមក តើសំឡេងហ្នឹង សំឡេងលោកស្នងការរងពិតអត់? ហើយតើគាត់មានបានធ្វើទង្វើហ្នឹងពីមុនមកអត់? យ៉ាងណា រឿងហ្នឹង ខ្ញុំមិនទាន់បានដាក់ពាក្យបណ្ដឹង ប៉ុន្តែខ្ញុំដាក់ពាក្យសុំអន្តរាគមន៍ពីក្រសួង ពីព្រោះវាទាក់ទងនឹងរឿងខ្ចីលុយផង រឿងពុករលួយផង ។ រឿងពុករលួយរបស់គាត់ គឺខាងក្រសួង (មហាផ្ទៃ) ជាអ្នកធ្វើ មិនមែនខាងតុលាការ ជាអ្នកធ្វើទេ ប៉ុន្តែរឿងលុយរបស់យើង ខាងតុលាការ ជាអ្នកធ្វើ មិនមែនក្រសួង ជាអ្នកធ្វើទេ ។ អ៊ីចឹងពីរហ្នឹង យើងបូកចូលគ្នា យើងសុំថ្នាក់លើអន្តរាគមន៍ ។ និយាយទៅ អ្វីដែលខ្ញុំចង់បាន ដូចខ្ញុំបញ្ជាក់មិញអ៊ីចឹង ខាងខ្ញុំចង់ឲ្យខាងស្នងការ គាត់មាននីតិវិធីល្អ សម្រាប់ប្រជាជនផង សម្រាប់កូនចៅគាត់ផង មិនមែនឆ្លើយថា ចាំដល់ទៅមានពាក្យបណ្ដឹងទេ ហើយមួយទៀត ក្រដាសដែលខ្ញុំដាក់ទៅក្រសួងហ្នឹង ក៏គេប្រាប់មកវិញដែរថា គេទទួលបាន គេនឹងធ្វើការ គេសុំឲ្យខ្ញុំរង់ចាំរយៈពេលដែលគេធ្វើការ“ ។

ជុំវិញករណីនេះ “នគរធំ” មិនអាចទាក់ទងការបកស្រាយបំភ្លឺ ឆ្លើយតប ពីលោកឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រ៉ រ៉ាំង ភិរម្យ ជាភរិយា បានទេ កាលពីល្ងាចម្សិលមិញ។ ចំណែកលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏មិនអាចសុំយោបល់បានដែរ នៅល្ងាចថ្ងៃដដែលនោះ។

ប៉ុន្តែយោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីចុងខែមុន គឺមិនបានបដិសេធពាក់ព័ន្ធការចោទប្រកាន់លើលោកស្នងការរង សម្បត្តិ កុសល ខាងលើនេះទេ តែបានណែនាំជនរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្ដឹង ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការធ្វើការស្រាវជ្រាវ ចាត់ការតាមច្បាប់ ។

សេចក្ដីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ ហ្វេសប៊ុកផេក សារព័ត៌មាន ឈ្មោះរាជសីហ៍ ឦសាន. RSE-News បានបង្ហោះផ្សាយវីដេអូព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៦:៤៨នាទី ដោយសរសេរចំណងជើងថា “កន្លុះក្រាស់ណាស់តើ លោកសម្បត្តិ កុសល រឿងអាស្រូវតាំងពីនៅខេត្តរតនគិរី ឥឡូវរឿងពុករលួយនៅខេត្តបន្ទាយមានជ័យ ទៀត ក្រោយពីទទួលតំណែងជាស្នងការរង… និងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤០នាទី ចំណងជើងថា” រឿងអាស្រូវពីខេត្តមួយ ដល់ខេត្តមួយទៀត តើជាកំហុសអ្នកណា?” ហើយព័ត៌មានទាំងនេះ ត្រូវបានចែកចាយបន្តគ្នាតាមប្រព័ន្ធទំនាក់ទំនងសង្គម បន្ថែមទៀត ។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺនិងជម្រាបជូនដល់សាធារណជន ជ្រាបថា​ ៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានឋានៈជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។ អ្នកនាំពាក្យ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញ ពុំទាន់ទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះណាមួយនៅឡើយទេ។ មានហេតុការណ៍កើតឡើង ដូចការចុះផ្សាយរបស់ហ្វេសប៊ុកផេក ឈ្មោះ រាជសីហ៍ឦសាន .RSE-News ពិតប្រាកដមែន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមស្នើសុំដល់បងប្អូនដែលជាជនរងគ្រោះ អញ្ជើញមកដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យមានមូលដ្ឋានក្នុងការស្រាវជ្រាវ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយស្នងការដ្ឋាន នឹងធ្វើការស្រាវជ្រាវករណីខាងលើនេះ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទទួលជ្រាបជាព័ត៌មាន»។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ស្រ្តីម្នាក់ ឈ្មោះចិន ស្រីដា  អាយុ៣០ឆ្នាំ មានស្វាមី និងកូន២នាក់ មានមុខរបរបើកផ្ទះជួល អាសយដ្ឋានបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានទម្លាយរឿងត្រូវមិត្តស្រីម្នាក់ ឈ្មោះរ៉ាំង ភិរម្យ អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានស្វាមីឈ្មោះសម្បត្តិ កុសល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីគាត់បានបញ្ចេញសារជូនដំណឹងតាមបណ្តាញសង្គម ហ្វេសប៊ុក ស្នើសុំស្រី្តជាមិត្តភក្តិ និងជាកូនបំណុល ដែលបានខ្ចីលុយចំនួន ២ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យប្តីឡើងផ្កាយ និងឡើងតំណែងជាស្នងការងនោះ សងលុយនាងវិញតាមការសន្យា ។

នៅក្នុងពាក្យបណ្ដឹង ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដែលស្រី្តឈ្មោះរ៉ាំង ភិរម្យ កើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩៤ បានគោរពចូលមកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សុំប្ដឹងស្រ្តីឈ្មោះ ចិន ស្រីដា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយស្ត្រីជាដើមបណ្តឹង បានរៀបរាប់ក្នុងពាក្យបណ្តឹងនោះថា «កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឈ្មោះចិន ស្រីដា បានយករូបនាងខ្ញុំនិងប្ដី ទៅបង្ហោះក្នុងគណនីហ្វេសប៊ុក ដោយសរសេរថា ដំណឹងស្វែងរកបុគ្គលក្នុងរូបខាងក្រោមនេះ បើបានឃើញផុសនេះហើយ សុំចូលមកដោះស្រាយរឿងលុយជាមួយខ្ញុំ បើនៅតែគ្មានដំណឹង ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ Ph Rum »។ ការបង្ហោះរបស់ឈ្មោះចិនស្រីដា ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Vi Da នេះ គឺមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរនាងខ្ញុំ ជាពិសេសកិត្តិយស សេចក្ដីថ្លៃថ្នូរប្ដីនាងខ្ញុំ ព្រោះឈ្មោះនេះ បានយករូបនាងខ្ញុំថតជាមួយប្ដី ដែលគាត់ស្លៀកពាក់ឯកសណ្ឋាននគរបាល ធ្វើឲ្យមហាជនមានការយល់ច្រឡំទៅលើគាត់ដែលជាកងកម្លាំង ។ នៅក្នុងរឿងនេះ នាងខ្ញុំសុំឲ្យផ្ដន្ទាទោសជនល្មើស តាមច្បាប់ ប្ដឹងទាមទារសំណងជំងឺចិត្ត ព្រមទាំងការខាតពេលវេលា ចំនួន ២០០ ០០០$ (ពីរម៉ឺនដុល្លារអាមេរិក)…” ។

ទោះបីយ៉ាងណា អ្នកស្រី ចិន ស្រីដា បានបញ្ជាក់ថា នៅពេលចូលបំភ្លឺតុលាការ អ្នកស្រីបានបង្ហាញភស្តុតាងដែលអ្នកស្រីមានក្នុងដៃទាំងអស់ ទី១ មានក្រដាសស្នាមខ្ចីលុយ និងប្លង់ដីដែលឈ្មោះរ៉ាំង ភិរម្យ ខ្ចីមែន ដោយមានចំនួនទឹកលុយដែលអ្នកស្រីបាញ់ទៅឲ្យនាង តាម ABA (ធនាគារ) មែន ហើយឈ្មោះរ៉ាំង ភិរម្យ បានផ្ដិតមេដៃថា បានខ្ចីអ្នកស្រីមែន ហើយឆាតដែលប្ដីឈ្មោះរ៉ាំង ភិរម្យ ប្រាប់ថា ប្រពន្ធគាត់ស្លាប់ គឺអ្នកស្រីមានគ្រប់ទាំងអស់។  ទី២ ការបង្ហោះជូនដំណឹងឲ្យសងលុយ របស់អ្នកស្រី អត់មានជាការជេរប្រមាថទេ ទើបតុលាការ មិនបានប្រាប់ឲ្យលុបសារដែលអ្នកស្រីបានបង្ហោះនោះទេ…។

សូមរំលឹកថា កាលពីចុងខែមុននេះ ស្រ្តីម្នាក់ ឈ្មោះ ចិន ស្រីដា អាយុ៣០ឆ្នាំ បានទម្លាយថា គាត់ជនរងគ្រោះ ទទួលរងភាពអយុត្តិធម៌ និងជាបទពិសោធន៍ជីវិតមួយដែលមិននឹកស្មានដល់ ដែលគាត់សុខចិត្តយកលុយ ២ម៉ឺនដុល្លារ ទៅឲ្យមិត្តភក្ដិដែលរាប់អានគ្នាជាង១០ឆ្នាំ ខ្ចីដើម្បីរត់ការឲ្យប្ដីជាប៉ូលិស បានឡើងពាក់ផ្កាយ និងឡើងតំណែងជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ប៉ុន្តែលទ្ធផលចុងក្រោយ មិត្ដស្រីនោះ មិនត្រឹមតែមិនសងលុយគាត់វិញទេ ថែមទាំងបានរួមដៃជាមួយប្ដី ប្ដឹងគាត់ម្ចាស់បំណុល ទៅតុលាការ ទាមទារសងជំងឺចិត្ត ២ម៉ឺនដុល្លារទៅវិញ។ ស្ត្រីជាមិត្តភក្តិនោះ ឈ្មោះ រ៉ាំង ភិរម្យ អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានប្តីឈ្មោះសម្បត្តិ កុសល ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។        

ស្រ្ដីរងគ្រោះដែលត្រូវមិត្តភក្ដិខ្ចីលុយមិនសង ថែមទាំងប្តឹងគាត់ថែមទៀតនោះ មានឈ្មោះ ចិន ស្រីដា អាយុ៣០ឆ្នាំ មានស្វាមីនិងកូន២នាក់ ជាអ្នកបើកផ្ទះជួល ។ អាសយដ្ឋានបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកមិត្តភក្តិដែលខ្ចីលុយមិនសងនោះ មានឈ្មោះ រ៉ាំង ភិរម្យ អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានប្តីឈ្មោះសម្បត្តិ កុសល ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ អ្នកស្រី ចិន ស្រីដា បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រីថា “បងប្អូនសុំជួយ share ផងកុំ ឲ្យជួបរឿងដូចខ្ញុំ លុយខំរកមកដោយញើសឈាម ព្រោះការរាប់អាន ឲ្យគេខ្ចីទាំងម៉ឺនដុល្លារ ហើយត្រូវគេប្តឹងទៀត។ ខ្ញុំរាស្ត្រធម្មតាទេ មិនមានបុណ្យស័ក្ដិដូចគ្រួសារអ្នកឯងទេ ខ្ចីលុយខ្ញុំហើយ ពេលខ្ញុំទាមទារលុយខ្ញុំមកវិញ ដេញឲ្យខ្ញុំទៅរកច្បាប់ជួយ…? មុខមាត់ស្អាត់ណាស់ ប្តីក៏ធ្វើការធំដែរ តែហេតុអ្វីជំពាក់លុយខ្ញុំមិនសង (Phy Rom) រុំាង ភិរម្យ “ ។

ស្រ្តីខាងលើ សរសេរបន្ថែមថា “ខ្លាំងមែន ស្ត្រីម្នាក់ ខ្ចីលុយមិត្តភក្តិជាង ២ម៉ឺនដុល្លារ យកលុយទៅរត់ការឲ្យប្តីឡើងស័ក្តិយស ជាស្នងការរងខេត្ត  មិនសង ថែមទាំងបកក្បាលប្តឹងម្ចាស់លុយ ទៅតុលាការទៅវិញ ។ ខ្ញុំជារាស្ត្រធម្មតា សុំតែមួយសុខៗ សុំតែលុយដែលជាញើសឈាមខ្លួនឯងមកវិញ តែគេបកក្បាលប្តឹងខ្ញុំជាម្ចាស់លុយ ហើយដេញឲ្យខ្ញុំទៅប្ដឹងទៀត“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អ្នកស្រី ចិន ស្រីដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ថា អ្នកស្រីបានស្គាល់រាប់អានឈ្មោះរ៉ាំង ភិរម្យ ជាមិត្តភក្ដិជិតស្និទ្ធ អស់រយៈពេលជិត ១០ឆ្នាំមកហើយ លុះមកដល់ដើមឆ្នាំ២០២២ មិត្តភក្តិនេះ តែងតែខ្ចីលុយរបស់អ្នកស្រី ជារឿយៗ តែមិនមែនខ្ចីដុំម្ដងជាង ២ម៉ឺនដុល្លារទេ គឺខ្ចីម្ដង ៣០០០ទៅ ៤០០០ដុល្លារ ម្ដង២០០០ ទៅ៣០០០ដុល្លារ ដោយលើកមូលហេតុជាច្រើនថា ប្ដីនាងស្ទះលុយ ត្រូវចុះពង្រឹងបក្ស និងចុងក្រោយ ប្រមូលលុយរត់ការឲ្យប្ដី បានឡើងស័ក្ដិ ពាក់ផ្កាយ ឲ្យបានឆាប់ ដើម្បីឲ្យប្ដីនាងរកលុយមកសងអ្នកស្រីវិញ ដែលអ្នកស្រីមានទាំងសំឡេង (Voice) ដែលនាងរ៉ាំង ភិរម្យ បានឆាតមកអ្នកស្រីទៀតផង ។ លុះមកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ មិត្តអ្នកស្រីនេះ បានមកខ្ចីអ្នកស្រីបន្ថែមទៀត ប៉ុន្តែអ្នកស្រីមិនបានឲ្យខ្ចីទៀតទេ ព្រោះចំនួនលុយ វាឡើងច្រើនហើយ គឺ ១ម៉ឺនដុល្លារជាងទៅហើយ ។ យ៉ាងណា អ្នកស្រីបានដាក់លក្ខខណ្ឌមួយទៅនាងថា បើចង់ខ្ចី ទាល់តែដាក់តម្កល់អ្វីមួយ ហើយនាងក៏យកប្លង់ដីរបស់នាង មកដាក់បញ្ចាំំនៅអ្នកស្រី ដោយមានធ្វើក្រដាសស្នាមបញ្ចាំ ផ្ដិតមេដៃត្រឹមត្រូវទាំងអស់ រួចអ្នកស្រីក៏បានប្រគល់លុយឲ្យទៅនាង ខណៈដែលប្លង់ដីរបស់នាង ត្រូវបានអ្នកស្រីយកមកទុកនៅផ្ទះ ដើម្បីទុកទ្រព្យបញ្ចាំ ជំនួសលុយដែលបានឲ្យមិត្តខ្ចី ។ ប៉ុន្តែបន្ទាប់មក មិត្តនោះ បានឆាតមកលួងលោមសុំខ្ចីប្លង់ដីរបស់គេ ដែលដាក់បញ្ចាំនៅនឹងអ្នកស្រីនេះ ទៅដាក់ឲ្យគេផ្សេង ដើម្បីបានលុយច្រើនជាងអ្នកស្រី ហើយយកលុយមកសងឲ្យអ្នកស្រីវិញ ដោយនាងនោះបញ្ជាក់ថា បើបានប្លង់ដី ពេលព្រឹក នាងនឹងបាញ់លុយឲ្យអ្នកស្រី នៅពេលល្ងាច ។

ស្រី្តជាម្ចាស់បំណុល បានរៀបរាប់បន្តថា ដោយជឿទុកចិត្តលើមិត្តថា មិនក្រឡាស់សម្ដី អ្នកស្រីបានផ្ញើប្លង់ដីឲ្យនាង តាមរថយន្តតាក់ស៊ី ។ ពេលទទួលបានប្លង់ដីហើយ នៅពេលល្ងាចនោះ អ្នកស្រីមិនបានឃើញមិត្តនោះបាញ់លុយឲ្យអ្នកសី្រ ដូចដែលបាននិយាយគ្នាទេ ។ លុះស្អែកឡើង អ្នកស្រីឆាតសួរថា យ៉ាងម៉េចហើយ តើលុយហ្នឹងអាចផ្ញើឲ្យអ្នកស្រីបានទេ? បើថាអត់ផ្ញើលុយបានទេ សុំផ្ញើប្លង់ដីឲ្យអ្នកស្រីវិញមក? ស្រាប់តែនាងនោះឆ្លើយយកលេសថា ដាក់បានតិចពេក មិនទាន់គ្រប់ចំនួននឹងសងអ្នកស្រី ហើយលេសនេះ ក៏ចេះតែបន្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់អ្នកស្រីទាក់ទងទៅនាងលែងបាន គឺលែងបានជួបនិយាយជាមួយនាង បែរជាគណនីបណ្ដាញសង្គមរួម មានហ្វេសប៊ុក តេឡេក្រាម និងលេខទូរស័ព្ទរបស់នាង ត្រូវបានប្ដីរបស់នាង ដែលជាផ្កាយ១ ស្នងការរងខេត្តបន្ទាយមានជ័យ ជាអ្នកគ្រប់គ្រង ជាអ្នកកាន់ជំនួស ។ ពេលនោះ ដោយជ្រុលជួបជាមួយប្ដីរបស់នាងរ៉ាំង ភិរម្យ អ្នកកាន់ទូរស័ព្ទហើយ អ្នកស្រីក៏បានរៀបរាប់ប្រាប់គាត់ ពីរឿងដែលប្រពន្ធគាត់ខ្ចីលុយ សរុបជាង២ម៉ឺនដុល្លារ មិនទាន់បានសង ហើយអ្នកស្រីក៏បានបញ្ជាក់ប្រាប់គាត់ដែរថា ក្នុងការដែលប្រពន្ធគាត់ខ្ចី គឺដើម្បីយកឲ្យគាត់រត់ការឡើងស័ក្ដិ (ផ្កាយ) ឬធ្វើអីផ្សេងៗ ។ ជាការឆ្លើយតប ស្រាប់តែប្ដីមិត្តភក្តិនោះ  ប្រាប់អ្នកស្រីថា ប្រពន្ធរបស់គាត់បានធ្វើអត្តឃាត សម្លាប់ខ្លួនបាត់ហើយ ហើយគាត់ថា បើគាត់មានលទ្ធភាពប៉ុនណា គាត់នឹងសងអ្នកស្រីវិញប៉ុណ្ណឹង ដោយគាត់ឲ្យអ្នកស្រីរង់ចាំមួយរយៈសិនទៅ ។

អ្នកស្រី ចិន ស្រីដា  បានបញ្ជាក់ថា ដោយសារមនោសញ្ចេតនាជាមួយមិត្ត ដែលគិតថា នាងបានធ្វើអត្តឃាត តាមប្ដីនាងប្រាប់នោះ អ្នកស្រីក៏យល់ព្រមរង់ចាំ ។ តែក្រោយការរង់ចាំអស់រយៈពេលយូរហើយ នៅតែអត់មានដំណឹងពីប្ដីរបស់នាងនោះ ទើបអ្នកស្រីសួរប្ដីនាងនោះថា យ៉ាងម៉េចហើយ លុយហ្នឹងអាចសងអ្នកស្រីបានទេ? ស្រាប់តែគាត់ប្រាប់មកវិញថា ឲ្យអ្នកស្រីទៅប្ដឹងអ្នកដែលជំពាក់នោះទៅ ខណៈដែលគាត់ប្រាប់ថា ប្រពន្ធគាត់ បានធ្វើអត្តឃាតសម្លាប់ខ្លួនបាត់ទៅហើយ។ ឮដូចនេះ អ្នកស្រីមិនបានគិតទៅដល់រឿងប្ដឹងតាមការជំរុញរបស់គាត់នោះទេ ប៉ុន្តែអ្នកស្រីបានបង្ហោះសារមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក តែសារនោះ អ្នកស្រីមិនបានបង្ហូចឈ្មោះឬមួយក៏ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកណាទេ គឺបង្ហោះរូបប្រពន្ធគាត់ ដែលជាមិត្តរបស់អ្នកស្រី ភ្ជាប់ជាមួយសំណេរថា “ដំណឹងស្វែងរកបុគ្គលនៅក្នុងរូបនេះ បើបានឃើញផុសនេះហើយ សូមចូលខ្លួនមកដោះស្រាយរឿងលុយ ជាមួយនឹងខ្ញុំ ។ បើសិនជាមិនដោះស្រាយ ខ្ញុំនឹងធ្វើការតាមផ្លូវច្បាប់ ខ្ញុំនឹងប្ដឹងទៅតាមផ្លូវច្បាប់” ។

អ្នកស្រី ចិន ស្រីដា បន្តថា គ្រាន់តែបង្ហោះភ្លាម ប្ដីរបស់នាងរ៉ាំង ភិរម្យ បានឃើញ ក៏យកគណនីហ្វេសប៊ុក របស់គាត់ផ្ទាល់ ឆាតមកអ្នកស្រីថា ចាំជួបគ្នានៅតុលាការ ។ អ្នកស្រីក៏ដាក់ទៅវិញថា អត់អីទេ! ចាំជួបគ្នាលឿនៗទៅ ព្រោះអ្នកស្រីត្រូវការលុយអ្នកស្រី មកវិញដែរ ។ លុះប៉ុន្មានថ្ងៃក្រោយមក អ្នកស្រីក៏បានឮដំណឹងថា គាត់បានប្ដឹងអ្នកស្រីមែន ព្រោះពេលដែលគាត់ប្ដីងអ្នកស្រីហើយ គាត់ថតក្រដាសដែលគាត់ប្ដឹងអ្នកស្រីនោះ ផ្ញើទៅម្ចាស់បំណុលផ្សេងរបស់ប្រពន្ធគាត់ ដើម្បីចង់ប្រាប់ថា គាត់កំពុងតែឲ្យប្រពន្ធគាត់ប្ដឹងម្ចាស់បំណុលទាំងអស់ហើយ ហើយម្ចាស់បំណុលផ្សេងនោះ ឃើញមានឈ្មោះអ្នកស្រី ជាម្ចាស់បំណុលដែរ ក៏បានផ្ញើមកឲ្យអ្នកស្រី ទើបអ្នកស្រីដឹងច្បាស់ថា គាត់ពិតជាបានប្ដឹងអ្នកស្រី ជាម្ចាស់បំណុលប្រពន្ធគាត់ ដែលជាមិត្តរបស់អ្នកស្រីមែន ។

អ្នកស្រី ចិន ស្រីដា បញ្ជាក់ថា មកដល់ពេលនេះ ដោយដឹងថា ប្ដឹងតែទៅស្ថាប័នតុលាការដំបូងខេត្ត អត់ឈ្នះ អ្នកស្រីបានរកមេធាវី ឲ្យរៀបពាក្យបណ្ដឹងដល់ទៅ៣ គឺចម្លងទៅតុលាការផង ចម្លងទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យផង និងចម្លងទៅខាងក្រសួងយុត្តិធម៌ នៅរាជធានីភ្នំពេញ ផង ។  អ្នកស្រីរៀបចំបណ្ដឹងតបវិញ កម្មវត្ថុពីបទរំលោភលើសេចក្ដីទុកចិត្ត និងឆបោក ព្រោះប្រពន្ធលោកស្នងការរង បានលួងលោមសុំខ្ចីប្លង់ទៅវិញ ដែលនេះដោយក្ដីទុកចិត្តដែលអ្នកស្រីគិតថា នាងជាមិត្ត ទើបបានជាអ្នកស្រីឲ្យនាងខ្ចី បើអ្នកដទៃ ក៏អ្នកស្រីមិនឲ្យខ្ចីដែរ តែចុងក្រោយ នៅពេលដែលខ្ចីទៅហើយ លុយក៏អត់សង ប្លង់ដីក៏ឆបោកយកទៅបាត់ ហើយបែរជាប្ដឹងអ្នកស្រីវិញទៀត៕ កុលបុត្រ 

RELATED ARTICLES