នៅទីស្តីការក្រសួង នាថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដីបានធ្វើឱ្យស្ថានភាពធាតុអាកាសកាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះ រាំងស្ងួតកាន់តែកើនឡើង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីររាជធានី-ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំ ដាប់ថ្នាក់ បានធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំបូមទឹក ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹក ដោយទទួលបានជោគជ័យលើផ្ទៃដីអន្តរាគមន៍សរុបប្រមាណ ៦០ ១១៩ ហិកតា នៅតាមបណ្តាខេត្តចំនួន ១៤។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់ថា តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារអន្តរា គមន៍ដែលបាននិងកំពុងអនុវត្តក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធនាពេលនេះ នឹងរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ធ្វើជាមូលដ្ឋានដើម្បីឱ្យការអនុវត្តការ ងារនៅពេលខាងមុខកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចបានជោគជ័យ ក្រោមកិច្ចសហការកាន់តែល្អ មានការទទួលខុសត្រូវខ្ពស់ និងការចូលរួមកាន់តែសកម្ម។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងមន្ត្រីបច្ចេកទេស សូមបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពទឹកនៅតាមអាងទឹកនិងប្រព័ន្ធធារាសាស្ត្រនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ថែរក្សាទឹកទុកឱ្យបានល្អ និងប្រើប្រាស់ឱ្យចំទិសដៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរម្លឹកបន្ថែមដល់អង្គភាពជំនាញបន្តការយកចិត្តទុកដាក់ត្រួតពិនិត្យ និងថែទាំស្ថានីយបូមទឹក និងម៉ាស៊ីនបូមទឹកគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករ ព្រមទាំងបន្តផ្សព្វផ្សាយជូនដំណឹងដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជនឱ្យបន្តចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករដែលប្រ ឈមខ្វះទឹកស្រោចស្រពនៅតាមបណ្តាខេត្តចំនួន១៤ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕





